Saturday, September 20, 2025
Homeតារាខ្មែរថៅកែ LD ថា រឿង ”នាឡិកាដាស់វិញ្ញាណ” ចាយទុនអស់40មុឺនដុល្លារ

ថៅកែ LD ថា រឿង ”នាឡិកាដាស់វិញ្ញាណ” ចាយទុនអស់40មុឺនដុល្លារ

បន្ទាប់ពីចំណាយពេលនិពន្ធនិងថតអស់រយៈពេលជាង១ឆ្នាំ នៅទីបំផុត រឿង ”នាឡិកាដាស់វិញ្ញាណ” របស់ផលិតកម្ម LD Picture បានដាក់បញ្ចាំងជាលើកដំបូងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរោងភាពយន្ដ Legend Cinema Eden Garden ដោយមានផលិតករ និងអ្នកកសារព័ត៌មានជាច្រើនចូលរួមទស្សនា ខណៈដែលការបញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដទាំងអស់ក្នុងស្រុក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកលៀក លីដា ជាចាងហ្វាងផលិតកម្ម LD Picture និងជាអ្នកនិពន្ធរឿង ”នាឡិកាដាស់វិញ្ញាណ” បានឲ្យដឹងថា ភាពយន្ដមួយនេះជារឿងខ្ទង់ទី៣០ហើយ ដែលផលិតកម្មរបស់លោកបានផលិតឡើង បន្ទាប់ពី LD បានដំណើរការជិត១០ឆ្នាំមកនេះ។

ប៉ុន្ដែលោកថា រឿងនេះមានការចំណាយទុនធំជាងរឿងមុនដែលលោកបាន ធ្វើគឺប្រើទុនរហូតដល់ទៅជាង៤០ម៉ឺនដុល្លារ ព្រោះទាំងបច្ចេកទេស សំឡេង និងរូបភាព គឺល្អជាងរឿងមុន ព្រោះលោកបានសហការជាមួយក្រុមហ៊ុនបរទេសមួយ។

យ៉ាងណា លោកលីដា មិនរំពឹងថា រឿងនេះប្រមូលបានថវិកាមកវិញរួចខ្លួននោះទេ គឺរំពឹងទីផ្សារក្នុងស្រុកអាចរកបានតែពាក់កណ្ដាលទេ។ ប៉ុន្តែលោកលីដា​ ថា លោកមានមោទកភាពខ្លាំងនោះ គឺដោយសាររឿងមួយនេះសាច់រឿងល្អ ហើយមានគុណភាពផលិតស្ដង់ដារ ទើបលោកអាចនាំយករឿងនេះទៅបញ្ចាំងនៅបរទេស បានដល់ទៅ៦ប្រទេស គឺមានដូចជា ប្រទេសថៃ, ឡាវ , មីយ៉ាន់ម៉ា , ម៉ាឡេស៊ី សិង្ហបូរី និងប្រុយណេ។

រឿង ”នាឡិកាដាស់វិញ្ញាណ” មានការចូលរួមសម្ដែងដោយតារាល្បីៗ មានដូចជា លោកទេព រិនដារ៉ូ , សន ពិសិដ្ឋ… អ្នកនាងដាណេ, យ៉ែម ស្រីពេជ្រ និងតារាមួយចំនួនទៀត។

លោកលីដា បញ្ជាក់ថា រឿងនេះមានការអប់រំទៅលើសម្ពាធផ្លូវចិត្តក្មេងដែលខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ ហើយក៏បង្ហាញឲ្យឃើញថា ម្ដាយដើមឬចុងក៏ដោយ សំខាន់គឺលើមនុស្សអ្នកធ្វើនូវទង្វើល្អឬអាក្រក់នោះ។

ប៉ុន្ដែលោកលីដា ថា រឿងនោះលោកនិពន្ធនិងផលិតឡើងមិនមែនសាច់រឿងត្រូវគ្នាទៅនឹងរឿងស្នេហាពិតរបស់លោកនាពេលបច្ចុប្បន្នឡើយ ខណៈដែលអ្នកទស្សនាមួយចំនួនលើកឡើងថា ចាងហ្វាងផលិតកម្មនេះផលិតភាពយន្ដឡើង មានឈុតខ្លះត្រូវរឿងខ្លួនឯងតែម្ដង ពិសេសគឺឈុតប្ដីបែកពីប្រពន្ធដើម ហើយប្រឈមត្រូវម្ដាយចុងធ្វើបាបកូនដើម ជាដើម៕

RELATED ARTICLES