ពេជ្រ សូលីកា ត្រូវបានគូដណ្តឹងនាងលោកគឹម ហាន ធ្វើខួបកំណើតឱ្យកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អំឡុងពេលដែលពួកគេទៅដើរលេងកម្សាន្តរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំលើទឹកដីខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

សូលីកា រំភើបរីករាយក្រៃលែងនៅពេលដែលអនាគតស្វាមីកាន់តែចេះថ្នាក់ថ្នមយល់ចិត្តនាងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យនាងភ្លេចអស់ទុក្ខកង្វល់ដែលអតីតសង្សារគូដណ្តឹងអ្នកនាងថៃ នារីសុជាតា ធ្លាប់បកអាក្រាតថា នាងត្រងសង្សារពីគេ។

ទោះជាយ៉ាងណា ពេជ្រ សូលីកា មិនបណ្តោយឱ្យមិត្តភក្តិរបស់នាងបន្តបកអាក្រាតរឿងស្នេហានោះទៀតឡើយ ដោយនាងបានប្តឹងថៃ នារីសុជាតា និងបេនីយាំង (លី សុគន្ធារី) ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។

ដោយឡែក អនាគតស្វាមីសូលីកា វិញ បានចុះមកពីអូស្ត្រាលី យ៉ាងអន្ទះសានៅពេលដែលសូលីកា និងសង្សារចាស់របស់លោក នារីសុជាតា ឈ្លោះគ្នាបែកផ្សែងនោះ។ សូលីកា ត្រូវបានលោកគឹម ហាន នាំដើរលេងតំបន់ទេសចរណ៍ជាច្រើនកន្លែងដើម្បីជាការលួងចិត្ត កុំឱ្យតារាចម្រៀងហង្សមាស រូបនេះ មួម៉ៅរឿងអតីតសង្សាររបស់លោកបន្តហែករឿងស្នេហ៍។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរមកពីអូស្ត្រាលី លោកគឹម ហាន ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បរទេស អាយុ២៦ឆ្នាំ ហើយពួកគេអាចដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២០ខាងមុខនេះហើយ ព្រោះសូលីកា ចង់បញ្ចប់រឿងស្នេហ៍ចាស់ ដែលពាក់ព័ន្ធជាមួយមន្ត្រីធំផ្កាយ២ម្នាក់។

សូលីកា ត្រូវបានគេចាត់ទុកថាជាព្រះនាង ព្រោះទោះជាប៉ះរឿងអាស្រូវស្នេហាយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុតនៅតែមានបុរសសុំចូលចែចូវស្តីដណ្តឹងនិងរៀបការជាមួយនាងដដែល។

ដោយឡែក អាជីពតារាចម្រៀងនៅហង្សមាស វិញ សូលីកា អាចនឹងបញ្ចប់ក្រោយពេលនាងរៀបការជាមិនខានឡើយ ព្រោះតារាចម្រៀងរូបនេះនឹងចេញទៅរស់នៅតាមស្វាមីភ្លាមៗដូចអតីតតារាមួយចំនួនដែលយកប្តីអាណិកជនដែរ។

ក្រៅពីពេជ្រ សូលីកា តារាចម្រៀងដែលយកប្តីអាណិកជនខ្មែរនៅអូស្ត្រាលី មានដូចជា ដាញ់ ម៉ូនីកា, អឿន ដាលីស និងសុខ ចាន់ណានូ ជាដើម៕
