Saturday, September 20, 2025
Homeតារាខ្មែររ៉ាប៊ី រឿងរៀបការនៅឆ្ងាយណាស់ ព្រោះតែនាងមិនមែនចិត្តងាយ

រ៉ាប៊ី រឿងរៀបការនៅឆ្ងាយណាស់ ព្រោះតែនាងមិនមែនចិត្តងាយ

“រឿងភ្ជាប់ពាក្យ ឬរៀបការ គឺនៅឆ្ងាយណាស់សម្រាប់ខ្ញុំ ព្រោះពេលនេះមិនទាន់រកបានអ្នកត្រូវចិត្តទេ គិតត្រឹមឆ្នាំ២០១៩” នេះជាការលើកឡើងរបស់កញ្ញាផាន វីរ៉ាទី ហៅ រ៉ាប៊ី ម្ចាស់បទ“កាយ”។ ស្រីស្អាតរូបនេះថា នាងមិនមែនជាមនុស្សស្រីចិត្តងាយដែលគេញ៉ែភ្លាមបានភ្លែតនោះទេ គឺប៉ះនាងពិបាកបន្តិចហើយ។

ទោះជាយ៉ាងណា ការដែលកញ្ញារ៉ាប៊ី ថ្ងូរពិបាករកគូស្នេហ៍នៅពេលនេះដោយសារតែប្រុសដែលនាងប្រាថ្នានោះ គឺទាល់តែជាប្រុសក្មេងរូបសង្ហា ទើបអាចឆក់យកបេះដូងនាងបាន ប៉ុន្តែបើប្រុសចំណាស់ ទោះជាមានលុយប៉ុនណា ក៏ស្រីស្រស់មិនយកភ្នែកមើលឡើយ ហេតុនេះហើយបានជានាងថា ពិបាករកសង្សារដូចពិបាករកម្ជុលនៅបាតសមុទ្រនោះ ដោយសារតែប្រុសក្មេងរូបសង្ហា ហើយចិត្តស្មោះ គឺពិតជាពិបាករកបន្តិចហើយ។

ផាន វីរ៉ាទី ទើបហក់ចាប់អាជីពចម្រៀងជាង២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពេលនេះនាងមានទ្រព្យមិនចាញ់តារាចម្រៀងល្បីៗដែលប្រឡូកសិល្បៈដុះស្លែឡើយ។ តារាវ័យក្មេងរបស់ផលិតកម្មថោន រូបនេះ ទិញបានផ្ទះ៣ផ្សេងគ្នាគឺផ្ទះល្វែង២ជុង និងផ្ទះវីឡា១។

ដោយឡែក រថយន្តវិញ កញ្ញារ៉ាប៊ី ជិះឡាន៣គ្រឿងឆ្លាស់គ្នាដែរ គឺ Lexus Rx300, Lexus Nx 200t និង Starex ដែលសរុបទាំងផ្ទះនិងរថយន្ត ស្រីស្រស់មានទ្រព្យក្បែរ១លានដុល្លារទៅហើយ។

យ៉ាងណា នៅពេលសួររឿងប្រាក់ចំណូលទាំងនោះ រ៉ាប៊ី ថាបានមកពីអាជីពចម្រៀង នាងគ្មានប្រុសណាចិញ្ចឹមទេ។ នាងថា យ៉ាងហោចណាស់ក្នុង១ខែៗ នាងអាចរកប្រាក់ចំណូលបាន១ម៉ឺនដុល្លារដែរ ក្រោយពេលផាត់ចំណាយផ្សេងៗរួច។

ផាន វីរ៉ាទី ធ្លាប់ត្រូវបានគេចាប់អារម្មណ៍តាមរយៈរឿង “កំលោះក្តាមប្រៃ ក្រមុំស្ពៃជ្រក់” និងរឿង “អ្នកបម្រើ០០៧”។ ប៉ុន្តែតាំងពីបោះបង់អាជីពជាពិធីការិនីនៅហង្សមាស មក រ៉ាប៊ី មានរាសីឡើងក្រឺតៗ ព្រោះច្រៀងបទញាក់នៅថោន ល្បីស្ទើរគ្រប់បទទាំងអស់ ទើបធ្វើឱ្យទីផ្សារចម្រៀងរបស់នាងត្រូវប៉ាន់ក្នុងស្រទាប់យុវវ័យដែលមានប្រៀបជាងកញ្ញាទេព បូព្រឹក្ស, យូរី និង វីរៈ និច្ច ជាដើម៕

RELATED ARTICLES