ស្រីស្អាតភិន វណ្ណនីកា ហៅ Mai Be បានក្លាយជាតួឯករឿង “បេះដូងខ្វះកំដៅ” ខណៈដែលប្រុសរូបសង្ហាពៅ ពិសិដ្ឋ ជាតួឯកប្រុសរបស់ផលិតកម្ម B&S ដែលបានធ្វើពិធីសែនក្រុងពលីកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅជាន់ទី៧ ផ្ទះសំណាក់ B&S។
ទាំងស្រីស្រស់ Mai Be និងលោកពៅ ពិសិដ្ឋ សុទ្ធតែអះអាងថា ពួកគេជួបគ្នាលើកទី១ដូចគ្នា ប៉ុន្តែ វណ្ណនីកា មិនរាថយឡើយនៅពេលដែលនាងដឹងថា ក្នុងរឿងនេះមានឈុតស្នេហាជាច្រើនដែលត្រូវលះបង់ឱ្យប្រុសសង្ហា ពិសិដ្ឋ ឱបថើបទៅតាមដែលអ្នកដឹកនាំរឿងចង់បាន។

ដោយឡែក លោកពិសិដ្ឋ វិញថា លោកនឹងធ្វើទៅតាមតែអ្នកដឹកនាំតម្រូវប៉ុណ្ណោះ មិនហ៊ានកេងចំណេញប៉ះសាច់សខ្ចី Mai Be ខ្លាំងពេកទេ ព្រោះតាមលោកដឹងរឿងនេះមានឈុតស្នេហាច្រើនមែន តែយ៉ាងណាក៏មិនមានឈុតណាសាហាវដូចការសម្តែងខារ៉ាអូខេរបស់ផលិតកម្មមួយកាលពីពេលថ្មីៗនេះដែរ។

លោកពៅ ពិសិដ្ឋ អាយុ២៧ឆ្នាំ ថ្លែងថា “សម្រាប់ខ្ញុំបានសម្តែងភាពយន្តជាង១០រឿងហើយដែលខ្ញុំអាចថតបានទាំងរឿងសម័យនិងបុរាណ។ ប៉ុន្តែការជួបកញ្ញាវណ្ណនីកា ជាលើកទី១ហើយ ខ្ញុំពេញចិត្តថតសម្តែងជាមួយគាត់។ រឿងនេះមានឈុតឆាកស្នេហាច្រើនណាស់ ប៉ុន្តែមិនលើសខ្លាំងពេកទេ ហើយខ្ញុំក៏មិនមានបំណងកេងចំណេញលើ Mai Be ដែរ គឺធ្វើទៅតាមអ្នកដឹកនាំរឿងបញ្ជាប៉ុណ្ណោះ”។

ដោយឡែកស្រីស្រស់ ភិន វណ្ណនីកា អាយុ២៣ឆ្នាំវិញ វាចាដែរថា “ខ្ញុំចូលសិល្បៈ ជាង២ឆ្នាំហើយ ធ្លាប់ថតរឿងនិងខារ៉ាអូខេមួយចំនួនដែរ។ រឿងនេះខ្ញុំលេងជាតួស្លូត ហើយរីករាយបានចាប់ដៃជាមួយរៀមច្បងពិសិដ្ឋ។ ខ្ញុំដឹងថា រឿងនេះមានឈុតស្នេហាច្រើន ប៉ុន្តែគិតថាមិនអីទេ ព្រោះជាកាសម្តែងភាពយន្តត្រូវតែមានឈុតហ្នឹងខ្លះៗហើយ”។

ក្រៅពីភិន វណ្ណនីកា និងពៅ ពិសិដ្ឋ ជាតួឯកនោះរឿង “បេះដូងខ្វះកំដៅ” មានការចូលរួមសម្តែងដោយតារាប្រុសស្រីជាច្រើនដួងទៀត មានដូចជា លោកទេព រិនដារ៉ូ, ផាភួង, ស្រីឡាង និងតារាកិត្តិយសមួយចំនួនទៀត។

លោកទិត ធារិទ្ធ អ្នកដឹកនាំសម្តែងរឿង “បេះដូងខ្វះកំដៅ” បានឱ្យដឹងថា រឿងនេះមាន៤០ភាគ ហើយត្រៀមថតរយៈពេល៤ខែ នឹងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

លោកថា ទីតាំងភាគច្រើននៃរឿងនេះ គឺមានទាំងនៅក្រុងនិងតាមបណ្តាខេត្ត រួមទាំងនៅសមុទ្រនិងភ្នំផងដែរ ហើយផ្ទែរឿងទាំងមូលឆ្លុះបញ្ចាំងពីការអប់រំកុំឱ្យមនុស្សមានគំនុំបុគ្គលផ្ទាល់ខ្លួនទៅជាគំនុំគ្រួសារ ព្រោះមនុស្សយើងអាចស្រលាញ់គ្នាដោយបេះដូង។

ចំណែកលោកប៊ុន ស៊ា ថៅកែផលិតកម្ម B&S វិញ បានឱ្យដឹងដែរថា រឿងនេះមានការចំណាយខ្ពស់ជាងរឿងមុនៗដែលខ្ទង់ជាង១០ម៉ឺនដុល្លារឯណោះ ព្រោះតារាសម្តែងសុទ្ធតែជាតួល្បីៗ។ ក្នុងនាមលោកជាចាងផលិតកម្មលោកពេញចិត្តសហការជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយជាទូទៅ B&S ដាក់គោលការណ៍ផលិតរឿងឱ្យបានពី៤ទៅ៥រឿងក្នុង១ឆ្នាំ៕