មាស សុខសោភា បានតែងខ្លួនឈុតកូនក្រមុំឥណ្ឌា ខណៈដែលស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា តែងខ្លួនធ្វើកូនកំលោះឥណ្ឌាដែរ ដែលមើលទៅពួកគេស័ក្តិសមគ្នាខ្លាំងណាស់ ក្រោយរួមរស់ជាមួយគ្នា១១ឆ្នាំមក។
នេះជាសញ្ញាមួយបង្ហាញថា សោភា និងស្វាមី ជិតដល់ពេលតែងខ្លួនជាកូនក្រមុំកំលោះចូលរោងការមែនទែនហើយ…។

មាស សុខសោភា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅថ្ងៃបុណ្យ Halloween កាលពីពេលថ្មីៗនេះ ព្រោះនាងមិនបានតុបតែងខ្លួនគូមុខមាត់ជាខ្មោចដូចតារាផ្សេងៗទៀតទេ ប៉ុន្តែបែរជាសោភា នាំស្វាមីស្លៀកឈុតកូនកំលោះក្រមុំឥណ្ឌាទៅវិញ ដែលធ្វើឲ្យមិត្តភក្ដិរួមអាជីពសួរជីជីកទៅតារាសំនៀងផ្អែមរូបនេះថា តើសោភា ចង់រៀបការដូចឥណ្ឌា?
យ៉ាងណា សោភា នៅតែព្យាយាមមិនប្រាប់ពីថ្ងៃដែលនាងត្រូវរៀបការពិតប្រាកដថា នឹងធ្វើនៅពេលណា ហើយនាងរៀបការតាមប្រពៃណីខ្មែរ ឬចង់រៀបការតាមឥណ្ឌា ដូចនាងនិងប្ដីបានតែងខ្លួនដូចគ្នានោះឡើយ។

មាស សុខសោភា បាននាំស្វាមីលោកអ៊ឹត រ៉ាដា ទៅសម្ងំនៅកាណាដារយៈពេលជាង៤ខែ ហើយទើបតែវិលត្រឡប់មកវិញនៅមុនថ្ងៃបុណ្យអុំទូកនេះ។
ការទៅសម្ងំកើបលុយក្រៅស្រុកជាងកន្លះឆ្នាំរបស់មាស សុខសោភា ត្រូវបានគេសង្ស័យថា នាងសន្សំលុយមករៀបការប្ដីនៅដើមឆ្នាំ២០២០នេះ ឲ្យផ្អើលមេឃដូចមង្គលការឱក សុគន្ធកញ្ញា ដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ សោភា នៅតែមិនប្រាប់ថ្ងៃរៀបការពិតប្រាកដឡើយ ដោយនាងធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងនូវចម្លើយខុសគ្នាម្ដងថា អាចរៀបការ២ឬ៣ឆ្នាំខាងមុខទៀត និងជួនកាលថា គ្មានគម្រោងរៀបការជាចំហរឡើយ។

យ៉ាងណា អ្នកស្និទ្ធមាស សុខសោភា បានបង្ហើបឲ្យដឹងថា ដាច់ខាតតារាចម្រៀងល្បីឈ្មោះរូបនេះ ត្រូវតែរៀបការតាមប្រពៃណីខ្មែរ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយថា នាងចង់ល្បីសុខចិត្តសាងស្នេហ៍ឥតខាន់ស្លា។
អ្វីដែលធ្វើឲ្យសោភា កាន់តែមិនអាចគេចផុតពីរោងការថែមទៀតនោះ ដោយសារតែគូប្រជែងរបស់នាងឱក សុគន្ធកញ្ញា រៀបការផ្អើលពេញផ្ទៃប្រទេស ហើយរៀបការភ្លាមបានកូនភ្លែត ហេតុនេះហើយ សោភា មិនអាចនៅស្ទាក់ស្ទើររឿងរៀបការតទៅទៀតឡើយ ព្រោះនាងក៏ចង់បានកូនង៉ែតបីប្រលែងលេងដូចសុគន្ធកញ្ញា ដែរ តែមិនអាចយកកូនមុនរៀបការបានឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា មាស សុខសោភា កាត់បន្ថយចិត្តខ្លាចរៀបការទៅធ្លាក់កូដបានច្រើនជាងមុន នៅពេលដែលនាងឃើញសុគន្ធ និសា និងឱក សុគន្ធកញ្ញា ហ៊ានរៀបការចំហរនោះ។
ដោយឡែក ស្វាមីរបស់សោភា លោកគ្រូពេទ្យរ៉ាដា វិញចាំបំពេញបំណងសោភា គ្រប់ពេលទាំងអស់ ទោះជាពន្យាពេលរៀបការច្រើនឆ្នាំតទៅទៀត ឬត្រូវរៀបការភ្លាម ក៏លោកអាចផ្គាប់ចិត្តតារាថោន រូបនេះបានដែរ ព្រោះលោករ៉ាដា ទុកសិទ្ធិឲ្យសោភា ជាអ្នកសម្រេចចិត្ត។

គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មាស សុខសោភា បានពង្រឹងអាជីពចម្រៀងដោយផ្ដោតលើការរកលុយទាំងក្នុងនិងក្រៅស្រុក ធ្វើឲ្យនាងជាតារាដែលឈានមុខគេក្នុងការកប្រាក់ចំណូលខ្ពស់ប្រចាំឆ្នាំផងដែរ ពិសេសគឺអំឡុងពេលដែលឱក សុគន្ធកញ្ញា សម្រាលកូនង៉ែតទៀតធ្វើឲ្យសោភា មមាញឹកស្ទើរតែរកពេលដេកពួនមិនបាន។

ប៉ុន្ដែរឿងដែលមហាជនចង់ដឹងខ្លាំងនោះថា តើមាស សុខសោភា នឹងហក់ចូលហង្សមាស នៅពេលដែលសុគន្ធកញ្ញា នៅសរសៃខ្ចីឡើងឆាកមិនទាន់កើតនេះ ឬមួយក៍នាងនៅតែក្រាញមិនចូលទ្រនុំធំនេះទៀត បន្ទាប់ពីនាងត្រូវហង្សមាស ពេញចិត្តជាច្រើនឆ្នាំមកហើយ ប៉ុន្តែអូសទាញមិនបានសម្រេចនោះ។
យ៉ាងណា សោភា ធ្លាប់និយាយថា នាងមិនមែនជាតារាចម្រៀងមានកុងត្រាជាមួយថោន ទេ ហើយរឿងចូលហង្សមាស នាងត្រូវតែសិក្សាឲ្យបានច្បាស់លាស់សិន ទើបធ្វើការសម្រេចចិត្តតាមក្រោយ។

ក្រៅពីមាស សុខសោភា តារាដែលសាងស្នេហ៍ជាច្រើនឆ្នាំ ប៉ុន្តែមិនព្រមរៀបការ មិនមានច្រើនទៀតឡើយ នៅពេលនេះ ហេតុនេះហើយបានជាមហាជនមួយចំនួនសរសើរសោភា ថា នាងសុខចិត្តទាត់ចោលសំណើរស្នេហ៍មន្រ្ដីធំៗ មកជ្រើសរើសយកលោកគ្រូពេទ្យអ៊ឹត រ៉ាដា នៅពេលនេះដោយសារតែអ្នកទាំងពីរមានចិត្តចុះសម្រុងគ្នាច្រើនជាងខ្វែងគំនិតគ្នា ហេតុនេះហើយទោះរួមរស់ជាមួយគ្នា១១ឆ្នាំ មិនបានរៀបការមែនតែចំណងស្នេហ៍នៅតែរក្សាបាន ដែលខុសពីតារាមួយចំនួនប្រញាប់រៀបការ ហើយក៏លែងលះគ្នាតក់ក្រហល់ដែរ៕