Saturday, September 20, 2025
Homeតារាខ្មែរម៉េង វិមានរតនា ទិញផ្ទះ៥ល្វែងបញ្ចូលគ្នា ដើម្បីរៀបការកូនស្រី

ម៉េង វិមានរតនា ទិញផ្ទះ៥ល្វែងបញ្ចូលគ្នា ដើម្បីរៀបការកូនស្រី

មង្គលការកូនស្រីរបស់អ្នកនាងម៉េង វិមានរតនា កាលពីរាត្រីថ្ងៃទី២១ ខែវិ​ច្ឆិកា ឆ្នាំ២០១៩ មិនធ្វើនៅហាងដូចមង្គលការកូនតារាផ្សេងៗទៀតទេ គឺរៀបចំពិធីនៅផ្ទះជប់លៀងផ្អើលពេញភូមិតែម្ដង ព្រោះផ្ទះអតីតតារាសម្ដែងនិងចម្រៀងរូបនេះ មានដល់ទៅ៥ល្វែងជាប់គ្នា នៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងធៀបការបញ្ជាក់យ៉ាងច្បាស់ថា កូនស្រីរបស់អ្នកនាងម៉េង វិមានរតនា ឈ្មោះម៉េង រតនានីហ្សា រៀបការជាមួយកូនប្រុសឈ្មោះវង្ស ខេមរៈ ដែលជាកូនរបស់ឯកឧត្តមវង្ស ដាវិន លោកជំទាវសំ សារ៉េត ខណៈដែលស្វាមីរបស់អ្នកនាងវិមានរតនា គឺឯកឧត្តមមៃ សារឿន ។

អ្នកនាងម៉េង វិមានរតនា បានឲ្យដឹងថា មង្គលការនេះជាកូនស្រីច្បងរបស់អ្នកនាង ក្នុងចំណោមកូនទាំងអស់មាន៣នាក់ គឺសុទ្ធតែស្រីៗទាំងអស់ដែលកូនទី២ អាយុ១២ឆ្នាំ និងកូនទី៣ អាយុ៧ឆ្នាំ។

អ្នកនាងរតនា បានឲ្យដឹងដែរថា នាងបានឃ្លាតឆ្ងាយពីអាជីពសិល្បៈជិត១០ឆ្នាំមកហើយ គឺនៅតែផ្ទះ ព្រោះស្វាមីមិនចង់ឲ្យវិលទៅលេងសិល្បៈទៀតទេ។ ប៉ុន្ដែក្នុងចិត្តរបស់នាងវិញនៅតែស្រលាញ់សិល្បៈ ហើយបើមានស្ថានីយទូរទស្សន៍ណាហៅឡើងច្រៀង អ្នកនាងនៅតែទទួលដដែល ព្រោះស្រលាញ់សិល្បៈតាំងពីក្មេងម្ល៉េះ។

នៅថ្ងៃរៀបការកូនស្រីទី១នេះ អ្នកនាងរតនា បានរៀបចំកិម្មវិធីជប់លៀងជាង១០០តុ ប៉ុន្តែមានតារាសិល្បៈតិចតួចប៉ុណ្ណោះដែលត្រូវបានអញ្ជើញ ក្នុងនោះ មានដូចជា ថន លក្ខិណា, ប៉េង ប៉ោង , អោក សុម៉ាវត្តី ,និងលោកយ៉ែម សំអូន និងលោកកុយ ស៊ីឌឿន ជាដើម ព្រោះអ្នកនាងរតនា ថា ខ្លាចចិត្តមិត្តភក្ដិមិនហ៊ានហៅ ដោយសារតែអ្នកនាងបានចាកចេញពីសិល្បៈច្រើនឆ្នាំមកហើយ។

ក្រៅពីតាំងចិត្តថានៅតែចាប់ក្បាលមីក្រូឡើងឆាក បើទោះជាពេលនេះមានជីវភាពធូរធារខ្លាំងទៅហើយនោះ អ្នកនាងម៉េង វិមានរតនា បានអះអាងដែរថា កូនៗរបស់នាងក៏ស្រលាញ់សិល្បៈដែរ ពិសេសគឺកូនទី១ ចង់លេងហ្គីតារ ហើយកូនទី៣ ចូលចិត្តព្យ៉ាណូ។ អ្នកនាងមិនប្រឆាំងកូនក្នុងការចូលចិត្តលេងភ្លេងនេះទេ តែចង់ឲ្យកូនៗរៀនចប់សិន ទើបឲ្យចូលសិល្បៈដើម្បីកុំឲ្យពួកគេបែកអារម្មណ៍។

ភ្ញៀវជាច្រើនកាន់តែចាប់អារម្មណ៍ថែមទៀត នៅពេលដែលអ្នកនាងម៉េង កែវពេជ្ជតា បានឡើងច្រៀងអបអរថ្ងៃមង្គលការក្មួយស្រី តាមរយៈបទ ”ស្នេហ៍ប្រុសង៉ក់ងរ” និងបទមួយចំនួនទៀត ព្រោះទោះជាសំឡេងច្រៀងផ្ទាល់ក្ដី ប៉ុន្តែអ្នកនាងចិន្ដា នៅតែច្រៀងពិរោះដូចចាក់ឌីសអីចឹង ធ្វើឲ្យសំឡេងទះដៃឡើងកងរំពងតែម្ដង។

ដោយឡែក អ្នកភូមិព្រែកតាឡុង១ ដែលនៅឈរមើលមង្គលការកូនអ្នកនាងម៉េង វិមានរតនា ពីមុខរោងនោះ និយាយថា នៅភូមិនេះផ្ទះដែលធំជាងគេ គឺផ្ទះរបស់អ្នកនាងរតនា តែម្ដង ព្រោះទិញ៥ល្វែងបញ្ចូលគ្នា ហើយស្វាមីគាត់ជាមន្រ្ដីធំ។ ប៉ុន្ដែអ្នកនាងរតនា មិនចង់និយាយអ្វីទាក់ទងតួនាទីស្វាមីប្រាប់អ្នកកាសែតឡើយ៕

RELATED ARTICLES