Saturday, September 20, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី វិលចូលសិល្បៈវិញ ទាំងទឹកភ្នែក

កែវ ពេជ្រពិសី វិលចូលសិល្បៈវិញ ទាំងទឹកភ្នែក

កែវ ពេជ្រពិសី កំពុងកាន់ទុក្ខម្តាយជាទីស្រលាញ់របស់នាង អ្នកស្រីកែវ ស៊ីណា ដែលទទួលមរណភាពកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នោះ ពេលនេះទោះជានាងនៅដេកសម្រក់ទឹកភ្នែកជារៀងរាល់រាត្រី ព្រោះនឹកម្តាយមែន ប៉ុន្តែពេជ្រពិសី បានសម្រេចចិត្តវិលចូលសិល្បៈវិញហើយតាមរយៈការបង្ហាញខ្លួនលើកដំបូងនៅផ្សារទំនើបអ៊ីអន កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីបង្ហាញម៉ូដមួយដែល ធ្វើឱ្យអ្នករួមអាជីពមានការលើកទឹកចិត្តចំពោះពេជ្រពិសី ជាខ្លាំង នៅពេលដែលនាងក្លាយជាកូនកំព្រាទាំងឪពុកនិងម្តាយនេះ។

ពេជ្រពិសី បង្ហាញស្នាមញញឹមទាំងមានទុក្ខនៅលើឆាក ហើយគ្រាន់តែចុះពីលើវេទិកានោះភ្លាម ពេជ្រពិសី បានប្រែទឹកមុខទៅជាស្រងូតស្រងាត់មួយរំពេចតែម្តង ព្រោះអារម្មណ៍ដែលនាងបាត់បង់ម្តាយ នៅមិនទាន់អាចកាត់ចិត្តបានខ្លះៗទេ។

កែវ ពេជ្រពិសី បានប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃបុណ្យខួបសពម្តាយរបស់នាងគម្រប់៧ថ្ងៃថា នាងនៅតែស្រលាញ់អាជីពសិល្បៈដូចមុនដដែល ហើយនឹងវិលវិញនៅពេលវេលាសមស្របណាមួយ ដោយមិនអាចបោះបង់ជារៀងរហូតបានទេ។

ពេជ្រពិសី ថា កន្លងមកមានផលិតកម្មមួយចំនួនបានហៅនាងថតភាពយន្តវិញដែរ ប៉ុន្តែដោយសារតែផលិតករខ្លះចង់ឱ្យនាងសម្តែងជាតួម្តាយ ហើយវ័យរបស់នាងទើបជាង៣០ឆ្នាំ មិនទាន់អាចទទួលយកបាននោះ ទើបពេលនោះនាងមិនទទួលឡើយ។

ពិសី បន្តថា ផលិតករគួរតែមានរឿងណាមួយស័ក្តិសមជាមួយ តួនាងសម្តែងជាតួឯកដូចមុន មិនគួរទម្លាក់ឱ្យធ្វើជាតួម្តាយបែបនេះទេ។

ទោះជាហាក់ស្ទាក់ស្ទើរក្នុងការហក់ចូលសិល្បៈជាថ្មីវិញមែន ប៉ុន្តែពេលនេះ ពេជ្រពិសី បានសម្រេចចិត្តទទួលការងារសិល្បៈវិញហើយ ខណៈដែលក្រៅពីដើរបង្ហាញម៉ូដ ពិសី ក៏ព្រមថតសម្តែងឡើងវិញដែរ ដោយថែមទាំងលេចឮថា នាងមានគម្រោងចាប់ដៃគូចាស់ជាមួយលោកយូ ឌីស្កូ ទៀតផង ក្រោយពួកគេខានចាប់ដៃគ្នាជាង១០ឆ្នាំមក។

ប៉ុន្តែយូ ឌីស្កូ អះអាងថា លោកមិនទាន់និយាយគ្នាច្បាស់លាស់ជាមួយពេជ្រពិសី ទេ ពីរឿងចាប់ដៃគូនេះ ដោយសារតែពេលនេះនាងកំពុងមានទុក្ខ។

គួររំលឹកថា កែវ ពេជ្រពិសី បានរៀបការជាមួយថៅកែឡនំប៉័ង មកពីអូស្ត្រាលី លោកចន្ថា ស្រី កាលពី ឆ្នាំ២០១០ ប៉ុន្តែបានលែងលះគ្នាវិញទាំងចម្រូងចម្រាសភ្លាមៗ ក្រោយការមិនបាន១ខែផង។

ពេជ្រពិសី បានធ្លាក់ខ្លួនមេម៉ាយទាំងមិនគួរឱ្យជឿឡើយ ហើយនាងចាប់ផ្តើមដកឃ្លាពីសិល្បៈ បើកហាងសម្អាងការ ដែលយកលុយមកពីធនាគារមករកស៊ី។

រយៈពេលជិត១០ឆ្នាំ ក្រោយក្លាយជាថៅកែសម្អាងការនេះ ពេជ្រពិសី ប្រឹងរកលុយដោះបំណុល ធនាគារ ហើយនាងបានចាត់ទុកថា ការរកស៊ីជាជំហានទី១ ចំណែកអាជីពសិល្បៈជាជំហានទី២ ទើប នាងផ្អាកថតសម្តែងជាង៥ឆ្នាំមកហើយ។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍ថ្មីវិញ កែវ ពេជ្រពិសី នៅតែអះអាងថា នាងចង់រៀបការលើកទី២ ហើយមានប្តីមានកូនដូចក្រុមគ្រួសារគេដែរ ប៉ុន្តែពេលនេះមិនទាន់ច្បាស់លាស់ឬកំណត់ថា ពេលណានឹងរៀបការម្តងទៀតទេ ព្រោះត្រូវការពិនិត្យឱ្យបានហ្មត់ចត់សិនចៀសវាងដើរជាន់ដានចាស់។

ពេជ្រពិសី ទទួលស្គាល់ថា នាងពិតជាចង់រកគូស្នេហ៍ថ្មីជាបុរសនៅក្នុងស្រុកមែន ក្រោយប៉ះស្នេហ៍ មិនសមប្រកបជាមួយបុរសក្រៅស្រុកម្តងមកនេះ ប៉ុន្តែនាងថា ដោយសារដំបៅបេះដូងធ្លាប់ឈឺម្តងរួចទៅហើយ អ៊ីចឹងការសម្រេចចិត្តដោយលឿនរហ័សពេក មិនមែនជាជម្រើសល្អនោះទេ ហេតុនេះហើយ នាងសុខចិត្តយឺតបន្តិចចុះឱ្យតែច្បាស់លាស់ជាមួយគ្នា។

ក្រៅពីកែវ ពេជ្រពិសី តារាដែលបាត់មុខពីអាជីពសិល្បៈច្រើនឆ្នាំ ប៉ុន្តែបានវិលមករកអាជីពចាស់វិញ មានដូចជា ឡាយ លក្ខិណា , ឌុច សុភា , លី ម៉ារីណា ជាដើម ខណៈដែលពិសី នាងនៅតែផ្តោតទៅ លើការពង្រឹងហាងសម្អាងការ សំខាន់ជាងអាជីពសិល្បៈដដែល”៕

RELATED ARTICLES