ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកនាងកែវ សីហា បានលាភាពនៅលីវហើយ តាមរយៈការក្រាបផ្ទឹមជាមួយស្វាមីដុកទ័រ លោកហឹង សត្យា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដឺព្រេមៀរសេនធ័រ សែនសុខរាជធានីភ្នំពេញ។

តារាប្រុសស្រីរួមអាជីពជាច្រើនដួងបានទៅចូលរួមសាទរកែវ សីហា ហើយមង្គលការរបស់នាងត្រូវបានជ្រើសរើសលោកតារា ឧសភា និងរ៉ូលីន ជាពិធីករ។
មុនពេលកាត់នំខេក កែវ សីហា ដែលឆ្នាំនេះអាយុ២៦ឆ្នាំ ស្រាប់តែទប់ទឹកភ្នែកមិនជាប់ឡើយ ព្រោះនាងថា ឲ្យតែមើលទៅមុខឪពុកម្ដាយនាងពេលណា គឺទឹកភ្នែកហូរឯងៗតែម្ដង ចាប់ពីពេលនេះតទៅនាងត្រូវរស់នៅបែកផ្ទះពីពួកគាត់ហើយ គឺនឹងទិញផ្ទះថ្មីមួយនៅតែជាមួយស្វាមី។

សីហា បញ្ជាក់ថា មូលហេតុដែលនាងសម្រេចចិត្តរៀបការជាមួយលោកដុកទ័រ ដោយសារតែស្វាមីរបស់នាងយល់ចិត្តនាងច្បាស់ ហើយមិនដែលចេះប្រចណ្ឌរឿងនាងលេងសិល្បៈឡើយ។
សីហា បន្ថែមថា មង្គលការរបស់នាងធ្វើ៨០តុ ហើយចំណាយអស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។

ដោយឡែក ស្វាមីរបស់សីហា លោកហឹង សត្យា អាយុ៣០ឆ្នាំវិញ ថ្លែងយ៉ាងខ្លីថា លោកស្រលាញ់ពេញចិត្តភរិយាគ្រប់កន្លែងទាំងអស់ គ្មានទាស់ត្រង់ណាបន្ដិចឡើយ។
កែវ សីហា ប្រាប់ថា នាងនឹងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ក្នុងស្រុកតាមតំបន់សមុទ្រនិងកោះមួយចំនួនសិន រង់ចាំពេលវេលាល្អ ទើបនឹងចេញទៅលេងនៅក្រៅស្រុកម្ដង។

ចំណែកគម្រោងយកកូនវិញ ពិធីការិនី SEA TV រូបនេះ ថា នាងមិនទាន់យកកូនឆាប់ៗនេះទេ គឺអាចនៅឆ្នាំក្រោយៗ ព្រោះឆ្នាំនេះនាងគិគូររឿងរៀបចំទិញផ្ទះសម្បែងសិន៕



