មង្គលការបស់តារាចម្រៀងហង្សមាស អ្នកនាងសួស វីសា បានចំណាយលុយអស់ដល់ទៅជាង២០ម៉ឺនដុល្លារឯណោះ បើតាមការអះអាងរបស់ស្វាមីនាង លោកថមមី នៅថ្ងៃមង្គលការរបស់លោកនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើនៅដឺព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

លោកប៊ុនថុល ប៊ុនថង ហៅថមមី ថ្លែងថា ”យើងធ្វើពិធីជប់លៀង១២០តុ ហើយហៅភ្ញៀវតារាសិល្បៈ៤០% ពោលគឺហៅតារាគ្រប់ទម្រង់និងគ្រប់ផលិតកម្មទាំងអស់។ កម្មវិធីទាំងមូលចំណាយអស់ជាង២០ម៉ឺនដុល្លារ”។

សួស វីសា ថា នាងរំភើបណាស់ដែលបានសម្រេចបំណងរៀបការជាមួយមនុស្សជាទីស្រលាញ់ លោកប្ដី ថមមី ហើយនាងចង់បានកូនង៉ាបីប្រលែងលេងឆាប់ៗផងដែរ។ នាងបានស្រែកចំពោះមុខអ្នកយកព័ត៌មានយើងថា ”ជយោ! ខ្ញុំមានប្ដីហើយ!”។ ចំណែកលោកថមមី វិញ ស្រែកថា ”ជយោ! ខ្ញុំមានប្រពន្ធហើយ”។

គួរបញ្ជាក់ថា សួស វីសា បានភ្ជាប់ពាក្យជាមួយលោកថមមី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ហើយមុនពេលរៀបការនាងបានទិញរថយន្ដទំនើប Lexus LX570 Kuro 2020 តម្លៃជាង២០ម៉ឺនដុល្លារ និងបានធ្វើពិធីជប់លៀងលាភាពនៅលីវ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។

ទាំងវីសា និងស្វាមី បានអះអាងដូចគ្នាថា អ្នកទាំង២មិនបារម្ភខ្លាចធ្លាក់កូដពីអាជីពសិល្បៈ ក្រោយក្លាយជាប្ដីប្រពន្ធគ្នាស្របច្បាប់នេះឡើយ៕


