លោកថមមី ស្វាមីរបស់សួស វីសា បានអះអាងថា លោកនឹងដឹកដៃភរិយាជាទីស្រលាញ់ទៅក្រេបចន្ទទឹកឃ្មុំដល់ទៅ៨ប្រទេសឯណោះ នៅប៉ែកអឺរ៉ុប ក្រោយរៀបការហើយភ្លាមៗ។
តារាសម្ដែងដែលមានឈ្មោះដើមថា ប៊ុនថុល ប៊ុនថង ប្រាប់ថា ”ខ្ញុំចង់នាំប្រពន្ធទៅមើលព្រិលនៅបារាំង ហើយបង្ហួសទៅលេងនៅស្វីស, ហូឡង់, អាឡឺម៉ង់ , អេស្ប៉ាញ , និងដាណឺម៉ាក ជាដើម។ និយាយទៅយើងមានគម្រោងទៅក្រេបទឹកឃ្មុំ (Honey Moon) ៨ប្រទេស”។

ចំណែកសួស វីសា បន្ថែមថា ”ការទៅអឺរ៉ុបហ្នឹង មិនចំណាយលុយច្រើនណាស់ណាទេ ព្រោះខ្ញុំស្គាល់គេនៅក្រៅស្រុកច្រើនដែរ ហើយពួកគេនឹងជូនយើងទៅដើរលេង។ ខ្ញុំគិតថា ពួកយើងចំណាយជាង១ម៉ឺនដុល្លារ សម្រាប់ដំណើរកម្សាន្ដក្រោយរៀបការនេះ។ ខ្ញុំធ្លាប់ជាប់រវល់រហូត ពេលគេដើរលេង គឺខ្ញុំច្រៀងកម្មវិធីគេ ប៉ុន្តែឥឡូវសុំសប្បាយម្ដងហើយ”។

សួស វីសា ថា នាងនឹងស្វាមីអាចចំណាយពេលជាងកន្លះខែ សម្រាប់ដំណើរកម្សាន្ដក្រេបទឹកឃ្មុំនេះ ហើយពេលវិលវិញងត្រៀមសម្ពោធហាងលក់សម្លៀកបំពាក់មួយ នៅចុងខែធ្នូ ឆ្នាំ២០១៩ ហើយបន្ដអាជីពសិល្បៈធម្មតា។

គួរបញ្ជាក់ថា សួស វីសា បានរៀបការជាមួយលោកថមមី នៅដឺព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាជាង៥ឆ្នាំ ហើយបានភ្ជាប់ពាក្យកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩៕


