Saturday, September 20, 2025
Homeតារាខ្មែរវីរៈ និច្ច ស្រាលខ្លួន ក្រោយនាយចឺម រកបានសង្សារថ្មី

វីរៈ និច្ច ស្រាលខ្លួន ក្រោយនាយចឺម រកបានសង្សារថ្មី

តារាចម្រៀងសាន់ដេ វីរៈ និច្ច ដែលកំពុងល្បីបទ “សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ” នោះ ហាក់ស្រាលខ្លួនរឿងគេថា ក្មួយស្រីតារាចម្រៀងខាន់ ជេមស៍ រូបនេះ បានបង្កាត់ភ្លើងស្នេហាជាមួយម្ចាស់បទ “នរក១៨ជាន់” នាយចឺម។

ការដែលវីរៈ និច្ច អាចរើខ្លួនចេញពីការសង្ស័យថា នាងមានស្នេហាជាមួយលោកសុខ មេសា នេះ ដោយសារតែថ្មីៗនេះ នាយចឺម បានបង្ហាញសង្សារថ្មីជាស្រីស្អាតសាច់ខ្ចីល្វក់ នាងហ្វាហ្វា ទើបធ្វើឱ្យគេលែងផ្តោតថា វីរៈ និច្ច ជាសង្សាររបស់នាយចឺម តទៅទៀត។

វីរៈ និច្ច ធ្លាប់និយាយថា រវាងនាងនិងនាយចឺម  ពិតជាស្និទ្ធស្នាលគ្នាមែន ប៉ុន្តែពេលខ្លះមិនមែននាយចឺម កេងចំណេញលើនាងទេ គឺនាងតែម្តងដែលកេងចំណេញលើនាយចឺម។

នាងបន្តថា យ៉ាងណាទំនាក់ទំនងរវាងនាងនិងនាយចឺម គឺមិនអាចក្លាយទៅជាស្នេហាបានឡើយ គឺគ្រាន់តែជាមិត្តរួមអាជីពក្រោមដំបូលតែមួយប៉ុណ្ណោះ។

ដោយឡែក នាយចឺម វិញ ធ្លាប់ថ្លែងថា លោកមិនស្នេហា វីរៈ និច្ច ទេ ព្រោះស្រីនិច្ច ចរិតដូចប្រុសម៉េចមិនដឹង។

វីរៈ និច្ច អតីត Freshie Girl លេខ២ បានឈានចូលច្រៀងនៅផលិតកម្មសាន់ដេ ដោយមានជំនួយពីពូរបស់គេជាតារាចម្រៀងនៅផលិតកម្មនោះស្រាប់ គឺលោកខាន់ ជេមស៍។ តាមរយៈមានរូបសម្រស់មិនចាញ់អ៊ី វ៉ា កញ្ញាវីរៈ និច្ច មានទីផ្សារចម្រៀងគួរសមក្រោយល្បីបទ “មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា” ដែលធ្វើឱ្យនាងត្រូវបានយុវវ័យចាប់អារម្មណ៍ ខណៈដែលថ្មីៗនេះ នាងល្បីបទ “សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ”។

ទោះជាយ៉ាងណា ទីផ្សារចម្រៀងរបស់ វីរៈ និច្ច នៅមិនទាន់អាចប្រជែងឈ្នះអ៊ីវ៉ា ឬរ៉ាប៊ី និងយូរី នៅឡើយ ខណៈដែលនាងនៅក្មេងហើយទើបចូលច្រៀងរយៈពេលខ្លី ហេតុនេះហើយគេជឿថា ស្រីនិច្ច នឹងក្លាយជាតារាចម្រៀងលេចធ្លោនៅសាន់ដេ នាពេលខាងមុខជាមិនខាន ប្រសិនបើនាងច្រៀងបទចម្រៀងល្បីៗថែមទៀត។

ស្រីនិច្ច ថា នាងទទួលបានដំបូន្មានជាច្រើនពីពូ ខាន់ ជេមស៍ ដែលប្រាប់ទាំងការច្រៀង ស្លៀកពាក់ និងការសម្តែងជាដើមដល់នាង៕

RELATED ARTICLES