Saturday, September 20, 2025
Homeតារាខ្មែរពេជ្រ សោភា កាន់តែស្និទ្ធឆឹម សក្កដា ក្រោយលេចដំណឹងចូលរោងការ

ពេជ្រ សោភា កាន់តែស្និទ្ធឆឹម សក្កដា ក្រោយលេចដំណឹងចូលរោងការ

អ្នកមេម៉ាយរូបនេះទាមទារចង់ឱ្យអ្នកដែលនិយាយថា នាងបរាជ័យរឿងស្នេហានោះរកភស្តុតាងមកបង្ហាញឱ្យនាងបានឃើញផង បើមិនដូច្នេះទេ នាងនឹងបង្ហោះឱ្យក្រុមអ្នកគាំទ្ររបស់នាងនៅលើផេករបស់នាង ដែលមានអ្នក Like ចំនួន៣លាននាក់នោះ បានឃើញថា អ្នកនោះនិយាយមិនពិតឬមួលបង្កាច់នាង។

ថ្វីត្បិតតែពេជ្រ សោភា នៅតែមានះមិនទទួលស្គាល់ថា នាងមានស្នេហាមិនសូវសមប្រកបក្តី ប៉ុន្តែកាលពីឆ្នាំមុននាងនិងអតីតគូដណ្តឹងជាបុរសអាណិកជនខ្មែរ នៅអាមេរិក រូបសង្ហានោះ បានផ្តាច់ពាក្យពីគ្នាទាំងចម្រូងចម្រាស បន្ទាប់ពីប្រុសនោះចោទនាងថា បានបោកប្រាស់រូបគេ។

ដោយសារក្តៅចិត្តត្រូវអតីតប្រុសស្នេហ៍ហែកកេរ្តិ៍ ហើយចង់បញ្ឈឺចិត្តគូស្នេហ៍ចាស់ផង ទើបសោភា បានភ្ជាប់ស្នេហ៍ថ្មីនៅលើទឹកដីអាមេរិក គឺទាហានអាកាស លោកឡៅ ឆលី ដោយពួកគេបានរៀបការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែបានលែងលះគ្នាកាលពីឆ្នាំ២០១៦វិញ។

ទោះជាយ៉ាងណា សោភា ថា នោះមិនមែនជាការបរាជ័យស្នេហ៍ឡើយ ព្រោះគ្មានស្រីណាចង់បានប្តីកាន់លុយទេខ្លាចដូចបទចម្រៀង “ទុក្ខស្រីប្តីកាន់លុយ”។ នាងថា ដោយសារធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្តងហើយ ហេតុនេះហើយគ្មានគម្រោងរៀបការជាលើកទី២ឡើយ គឺបើមានស្នេហាថ្មីសុខចិត្តសាងស្នេហ៍ដោយមិនបើកចំហឡើយ។

ទោះជាមានការអះអាងបែបនេះក្តី ប៉ុន្តែថ្មីៗនេះ ពេជ្រ សោភា បានដឹកដៃប្រុសក្មេងឆឹម សក្កដា ទៅថតឈុតអាពាហ៍ពិពាហ៍ ហើយនាងថ្លែងសារធ្វើឱ្យផ្អើលអស់មនុស្សមួយចំនួន ព្រោះតែថា នៅឆ្នាំ២០២០ អាចហត់នឿយម្តងទៀត ដែលទំនងជានាងនឹងរៀបការជាមួយប្រុសក្មេងនៅឆ្នាំក្រោយនេះតែម្តង។

ប៉ុន្តែសារនេះធ្វើឱ្យអ្នកស្គាល់គូស្នេហ៍សោភា គឺលោកឆឹម សក្កដា ច្បាស់ ពួកគេសម្តែងការហួសចិត្ត ព្រោះដឹងថា ប្រុសសង្ហានោះគ្មានអារម្មណ៍ស្នេហ៍ស្និទ្ធសោភា បន្តិចឡើយ ដោយសារតែលោកមិនស្រលាញ់ស្រីភេទ។

ពួកគេបានចាត់ទុកថា សោភា និងសក្កដា លេងល្ខោនស្នេហាដើម្បីបិទបាំងស្នេហាពិតក្រោយខ្នងហើយចង់ល្បីឈ្មោះប៉ុណ្ណោះ ខណៈដែលសោភា វិញ រយៈពេលចុងក្រោយនេះនាងជួបវិបត្តិស្នេហ៍ដ៏ធ្ងន់ ព្រោះត្រូវអតីតសង្សាររបស់នាងបានរៀបការចោលបាត់ទៅហើយ ហេតុនេះហើយទើបពេលនេះនាងព្យាយាមកប់ស្នេហ៍ចាស់តាមរយៈការយកប្រុសក្មេងសក្កដា បាំងមុខ។

យ៉ាងណា សោភា នៅតែមិនព្រមទទួលស្គាល់ជាដាច់ខាត ដោយអះអាងថា សូមឱ្យអ្នកនិយាយថា នាងត្រូវសង្សាររៀបការចោល ឬត្រៀមរៀបការនោះ ប្រាប់ឈ្មោះប្រុសនោះផងថា ជាអ្នកណាទៅ?

បើទោះជាពេជ្រ សោភា ហាក់មានស្នេហាច្របូកច្របល់ក្តី ប៉ុន្តែតារាដុះស្លែនៅហង្សមាស រូបនេះ នៅតែមានទីផ្សារចម្រៀង។ ថ្មីៗនេះ នាងបានចាប់ដៃអតីតតារាសាន់ដេ ខេម ប៊ុនថៃ (ខេមរៈ សិរីមន្ត)ទៀតផង ដើម្បីឱ្យប្លែកអារម្មណ៍និងចៀសវាងគេថា នាងចូលចិត្តតែសណ្តោងប្រុសក្មេងៗ។ ដោយឡែក ងាកមកមើលទ្រព្យអ្នកមេម៉ាយរូបនេះវិញ គឺសោភា មានលុយនិងហ៊ឺហាមិនចាញ់ជំទាវឡើយ។

តារាចម្រៀងដែលមានជំងឺឈាមសស៊ីឈាមក្រហមប្រចាំកាយ តម្រូវឱ្យនាងលេបថ្នាំអស់១ជីវិតនេះ មានផ្ទះលើសពី២កន្លែង ហើយនាងជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺ Range Rover និង Porsche៕

RELATED ARTICLES