Saturday, September 20, 2025
Homeតារាខ្មែរបេប៊ី ប្រកាសលក់ដីតម្លៃ១៥ម៉ឺនដុល្លារ បន្ថែមលើការលក់ផ្ទះ១ល្វែង

បេប៊ី ប្រកាសលក់ដីតម្លៃ១៥ម៉ឺនដុល្លារ បន្ថែមលើការលក់ផ្ទះ១ល្វែង

បេប៊ី ដែលប្រកាសលក់ផ្ទះ១ល្វែងនៅទល់មុខពោធិ៍ចិនតុង មិនទាន់ទាំងដាច់ផង ស្រាប់តែពេលនេះ ស្រីស្រស់បន្ថែមការដាក់លក់ដីជាងកន្លះហិកតារថែមទៀត ដែលមានទីតាំងនៅផ្លូវលេខ៥១ ទំហំដីដល់ទៅ៥០៤០ម៉ែត្រការ៉េ អ៊ីចឹងបើលក់ដាច់ដូចបំណង ស្រីស្រស់នឹងទទួលបានទឹកប្រាក់ដល់ទៅជាង១៥ម៉ឺនដុល្លារឯណោះ។

ការលក់ដីរបស់តារាចម្រៀងផលិតកម្មថោន នៅពេលនេះទំនងជានាងចង់ឆ្លើយតបរឿងគេសង្ស័យថា ស្រីស្អាតរូបនេះមានគូស្នេហ៍ឧបត្ថម្ភ ហេតុនេះហើយបានជាពេលនេះ បេប៊ី ចង់ធ្វើឱ្យមនុស្សមួយចំនួនភ្លឺភ្នែកតាមរយៈការលក់ដី ដែលបញ្ជាក់ថា នាងគ្មានប្រុសណានៅក្រោយខ្នងដូចគេចោទនោះឡើយ។

អ្នកស្រីប៊ុន ណារី បានអះអាងជំនួសបេប៊ី ថា រឿងនេះជាការពិត ព្រោះដីនោះគាត់ក៏ដូចជាកូនស្រីបានទិញជាង៣ឆ្នាំមកហើយ ប៉ុន្តែពេលនេះបានចំណេញគួរសមទើបដាក់លក់ ដើម្បីយកលុយទៅធ្វើផ្ទះជួលនៅដីមួយកន្លែងទៀតនៅផ្លូវលេខ៥១ ហ្នឹងដែរ។

អ្នកស្រីណារី អះអាងថា “យើងចង់លក់ដីនេះមកធ្វើផ្ទះជួល ព្រោះយើងមានដីមួយទៀតនៅផ្លូវ៥១ ហ្នឹងដែរ។ កាលចិនមកច្រើន ដីហ្នឹងគេឱ្យថ្លៃដែរ តែកាលហ្នុងខ្ញុំមិនទាន់ត្រូវការលុយ ប៉ុន្តែពេលនេះ ខ្ញុំនិងកូនស្រីចង់យកលុយលក់ដីហ្នឹងមកធ្វើផ្ទះជួល អ៊ីចឹងទើបចង់លក់ចេញវិញ។ ចំពោះផ្ទះខ្ញុំនៅទល់មុខពោធិ៍ធិនតុង នោះ នៅតែលក់មិនទាន់ដាច់មែន ព្រោះគេឱ្យមិនទាន់ត្រូវថ្លៃ ហើយខ្ញុំក៏មិនត្រូវការលុយបន្ទាន់ដែរ អ៊ីចឹងបានលក់មិនទាន់ដាច់ហ្នឹង”។

នេះជាការបញ្ចោញទ្រព្យជាលើកដំបូងរបស់បេប៊ី ខណៈដែលកន្លងមកមនុស្សមួយចំនួនឆ្ងល់ថា តើនាងបានលុយមកពីណាផ្លាស់ប្តូររថយន្តទំនើបៗជាបន្តបន្ទាប់ ហើយលេចឮថា ទិញផ្ទះវីឡាទៀតផង ទើបធ្វើឱ្យអ្នកខ្លះទៀតសង្ស័យថា នាងមានគូស្នេហ៍ឧបត្ថម្ភក្រោយខ្នង ប៉ុន្តែការពិត គឺបេប៊ី ត្រូវប៉ាន់ដីសោះ។

គេមិនដឹងថា ក្រៅពីមានដីធំនៅតាមផ្លូវលេខ៥១នោះ បេប៊ី នៅមានដីកន្លែងណាទៀតទេ ស្របពេលដែលមានព័ត៌មានថា តារាចម្រៀងផលិតកម្មថោន នេះ ប្រកាសលក់ដីនៅពេលនេះដើម្បីយកលុយទៅបង្គ្រប់ការសង់ផ្ទះវីឡានៅខណ្ឌពោធិ៍សែនសុខ។

តាមការអះអាងរបស់អ្នកស្រីប៊ុន ណារី ថា បេប៊ី ក៏ដូចជារូបគាត់ផ្ទាល់នឹងព្រមលក់ដីនោះ ក្នុង១ម៉ែត្រការ៉េ តម្លៃ៣០ដុល្លារ ហេតុនេះហើយបើលក់ដាច់ ស្រីស្រស់បេប៊ី នឹងទទួលបានប្រាក់ដល់ទៅ១៥១២០០ដុល្លារឯណោះ លើផ្ទៃដីទំហំ៥០៤០ម៉ែត្រការ៉េនោះ។

គេចាំមើលថា តើនឹងមានអ្នកណាទៀតដែលនៅសង្ស័យថា បេប៊ី មានគូស្នេហ៍ឧបត្ថម្ភនោះ នៅ ពេលដែលស្រីស្អាតមានដីលក់ម្តងដល់ទៅជាងកន្លះហិកតាបែបនេះ?

អ្នកស្រីប៊ុន ណារី សុំមិនទាន់ធ្វើអត្ថាធិប្បាយរឿងទិញផ្ទះវីឡានោះទេ ដោយអ្នកស្រីថា ការលក់ដីនោះ គឺផ្តោតតែលើធ្វើផ្ទះជួលប៉ុណ្ណោះ។

ជុំ រចនាជ្រ ហៅបេប៊ី បានក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ហើយតាមរយៈការមានរូបសម្រស់ស្អាតនិងពូកែតុបតែងខ្លួន ព្រមទាំងមានក្បាច់រាំយ៉ាងរស់រវើកនោះ បេប៊ី មានភាពទាក់ទាញមិនចាញ់រ៉ាប៊ី ឡើយ។

យ៉ាងណា ពិធីការិនីទូរទស្សន៍ CTN រូបនេះ អះអាងថា នាងគ្មានបំណងប្រជែងជាមួយរ៉ាប៊ី ឬរៀមច្បងផ្សេងៗទៀតនៅថោន ទេ គឺប្រឹងប្រែងរៀងៗខ្លួនប៉ុណ្ណោះ៕

RELATED ARTICLES