តារាចម្រៀងហង្សមាស កែវ សុបញ្ញា បានក្លាយទៅជាថៅកែស្រីទាំងវ័យក្មេង ក្រោយនាងបោះទុនក្បែរ១០ម៉ឺនដុល្លារ បើកផាប់មួយកន្លែងនៅក្បែរក្រុងតាខ្មៅ ដែលដំណើរការបាន១ខែទៅហើយ។ យ៉ាងណា កម្មវិធីសម្ពោធធំមុខជំនួញថ្មីរបស់ស្រីស្អាតសុបញ្ញា គ្រោងនឹងធ្វើនៅដើមឆ្នាំ២០២០ ខណៈដែលពេលនេះ បញ្ញា ថា អាជីវកម្មក្រៅសិល្បៈរបស់នាងមួយនេះកាក់កបគួរសម។

តារាចម្រៀងស្រីវ័យក្មេងសម្រស់ផូរផង់រូបនេះវាចាថា “ហាងលក្ខណៈផាប់របស់ខ្ញុំនេះ ឈ្មោះ CS Beer ព្រិល មានទីតាំងនៅតាខ្មៅ ផ្លូវ១១០ ភូមិថ្មី២ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហាងនេះ ខ្ញុំចំណាយទុនជិត១០ម៉ឺនដុល្លារ បានធ្វើពិធីសម្ពោធម្តងហើយ តែនឹងគ្រោងធ្វើពិធីធំម្តងទៀតនៅដើមឆ្នាំ២០២០”។

បញ្ញា បន្ថែមថា “ហាងនេះដំណើរការបាន១ខែនេះល្អគួរសម ព្រោះលក្ខណៈពិសេសរបស់ហាងយើងខ្ញុំម្ហូបឆ្ងាញ់ ហើយធូរថ្លៃ និងមានក្រុមតន្ត្រីផងដែរ។ ខ្ញុំស្រលាញ់មុខរបរមួយនេះ និងសង្ឃឹមថាដំណើរការទៅមុខបានល្អ ព្រោះយើងមានការរៀបចំល្អ សេវាកម្មល្អ ហើយខ្ញុំក៏ទៅច្រៀងជាញឹកញាប់ផងដែរ ប៉ុន្តែខ្ញុំបានជូនដំណឹងមុនពេលដែលខ្ញុំត្រូវទៅច្រៀងហាងខ្លួនឯង”។

ពិតជាមិនគួរឱ្យជឿមែនថាទើបតែប្រឡូកសិល្បៈរយៈពេលខ្លីសោះ តែស្រីស្រស់សុបញ្ញា មានប្រាក់ដល់ទៅជិត១០ម៉ឺនដុល្លារ បើកអាជីវកម្មផ្ទាល់ខ្លួនធ្វើឱ្យនាងក្លាយទៅជាថៅកែស្រីទាំងវ័យក្មេង។ ប៉ុន្តែការដាក់ទុនធំនេះធ្វើឱ្យស្រីស្អាតសុបញ្ញា ត្រូវបានគេសង្ស័យថា នាងមានគូស្នេហ៍ឧបត្ថម្ភ ព្រោះកន្លងមក បញ្ញា លេចឮថា មានប្រុសៗច្រើនណាស់ដែលប្រជែងស្នេហ៍គ្នាដណ្តើមបេះដូងនាង ហេតុនេះហើយបានជាពេលនេះ នាងសម្រេចបំណងលើមុខជំនួញមួយនេះដោយគ្មានឧបសគ្គឡើយ។

កែវ សុបញ្ញា និយាយដោយមិនបង្អង់ថា នាងគ្មានបុរសណាជួយក្នុងការសម្រេចបំណងបើកផាប់នេះទេ គឺនាងបានដាក់ទុនពាក់កណ្តាលម្នាក់ជាមួយប្អូនរបស់នាង សរុបទឹកប្រាក់ជិត១០ម៉ឺនដុល្លារ ទើបអាចដំណើរការបាន។ មិនបាច់សង្ស័យថា មានអ្នកណាជួយទេ ព្រោះមុខរបរមួយនេះជាអ្វីដែលនាងស្រលាញ់ អ៊ីចឹងនាងប្រឹងប្រែងធ្វើវាឱ្យទាល់តែបានចេញជារូបរាងឡើង។
តារាចម្រៀង We-Production ដែលនៅក្រោមការគ្រប់គ្រងរបស់ហង្សមាស រូបនេះ ថ្លែងថា “មានអ្នកណាជួយខ្ញុំ និងប្អូនខ្ញុំ ចូលគ្នាពាក់កណ្តាលម្នាក់តើ ! នេះជាមុខរបរមួយក្រៅពីសិល្បៈដែលខ្ញុំស្រលាញ់ ឥឡូវខ្ញុំបានធ្វើសម្រេចហើយ”។

កែវ សុបញ្ញា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ដែលក្លាយទៅជាតារាចម្រៀងហង្សមាស ដោយងាយ បើទោះជានាងមិនបានលើកពាន ព្រោះមិនអាចប្រជែងឈ្នះប៊ុត សីហា ក្តី។ តារាមានមន្តស្នេហ៍សុបញ្ញា មិនត្រឹមតែមានសម្រស់គួរឱ្យទាក់ទាញនោះទេ ប៉ុន្តែទឹកដមសំឡេងក៏មិនធម្មតាដែរ ខណៈដែលក្បាច់រាំវិញ កាន់តែរស់រវើកថែមទៀត ទើបធ្វើឱ្យនាងមានឱកាសបានឡើងឆាកប្រគំតន្ត្រីធំៗជាច្រើនកន្លងមក។
យ៉ាងណា សុបញ្ញា ក៏មិនមែនចាប់តែអាជីពចម្រៀងមួយមុខដែរ ព្រោះពេលនេះ នាងក្លាយទៅជាតារាសម្តែងម្នាក់ដែលលេចមុខតាមភាពយន្តភាគរបស់ហង្សមាស ជាច្រើនរឿងតែម្តង នៅរយៈពេលចុងក្រោយនេះ ដូចជារឿង “រាជិនីភូមិគ្រឹះ”, “ម្តាយក្មេកក្នុងឋានព្រះច័ន្ទ”ជាដើម។

កែវ សុបញ្ញា បន្ថែមថា “ខ្ញុំចង់លេងសិល្បៈឱ្យបានគ្រប់ទម្រង់តែម្តង ព្រោះខ្ញុំស្រលាញ់អាជីពមួយនេះ។ ខ្ញុំអាចសម្តែងបានជាតួស្លូតក៏បាន កាចក៏បាន ហើយពេលនេះខ្ញុំថតភាពយន្តឱ្យហង្សមាស បាន៥រឿងហើយ។ ប៉ុន្តែអាជីពចម្រៀងនៅតែជាជម្រើសទី១ អ៊ីចឹងហើយការសម្តែងនៅតែជាជំហ៊ានទី២”។

ក្នុងវ័យ២៨ឆ្នាំ កែវ សុបញ្ញា ថា នាងមិនទាន់ចង់រៀបការឆាប់ៗទេ ព្រោះត្រូវការស្វែងយល់ចិត្តបុរសដែលស្រលាញ់នាងឱ្យបានច្បាស់លាស់ជាមុនសិន។ ប៉ុន្តែនាងថា គូស្នេហ៍របស់នាងមិនមែនជាតារាចម្រៀង សំ សុវណ្ណារ៉ាក់ ដូចគេសង្ស័យកន្លងមកឡើយ៕