តារាចម្រៀងហង្សមាស កញ្ញាសុខ សីឡាលីន ដែលធ្លាប់ប្រេះឆាស្នេហ៍ជាមួយតន្ត្រីករ អ៊ុក មិន្ទណារិទ្ធ នោះ ពេលនេះនៅពេលដែលអ្នកកាសែតសួររឿងគម្រោងរៀបការ នាងបែរជានិយាយថា គូព្រេងមិនទាន់កើតទៅវិញ។
តើហេតុអ្វីបានជាសីឡាលីន វ័យក្បែរ៣០ឆ្នាំទៅហើយ ប៉ុន្តែគូស្នេហ៍មិនទាន់ចាប់កំណើតបែបនេះ?

សុខ សីឡាលីន ថ្លែងថា “និយាយរឿងរៀបការ គម្រោងរៀបការពេលណាហ្នឹង ខ្ញុំនិយាយមុនអត់បានទេ។ មើលទៅគូព្រេងខ្ញុំប្រហែលជាមិនទាន់កើតទេ? ខ្ញុំឃើញគេរៀបការ គឺអបអរសាទរគូគេ ដូចជាសួស វីសា អ៊ីចឹង គឺដូចជាប្អូនស្រីខ្ញុំអ៊ីចឹង ហើយមានតែជូនពរគាត់។ ចំពោះខ្ញុំផ្ទាល់វិញមិនទាន់ចង់គិតគូរឆាប់ៗទេ”។

សុខ សីឡាលីន បានឡើងកូដមួយក្រឺតថែមទៀត ក្រោយពេលដែលនាងបានកាន់ដំណែងជាគណៈកម្មការ X Factor Cambodia រដូវកាលទី១ ប៉ុន្តែនាងថា មិនមានគម្រោងតំឡើងថ្លៃខ្លួនសម្រាប់ការច្រៀងតាមការប្រគំតន្ត្រីទាំងឡាយនៅឆ្នាំនេះទេ ប៉ុន្តែនាងមានមោទនភាពខ្លាំងនៅពេលដែលហង្សមាស ផ្តល់តំណែងនេះឱ្យ។

សុខ សីឡាលីន បន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់ ដែលហង្សមាស គាត់ឱ្យតំណែងនេះ មកខ្ញុំកាន់ គាត់ទុកចិត្តយើងអាចធ្វើបាន។ ទី១ ខ្ញុំបានកិត្តិយសមែនទែនដែលបានធ្វើការងារនេះ ព្រោះវាជាកម្មវិធីពិភពលោក និងទី២ ខ្ញុំទទួលបានបទពិសោធន៍ច្រើនពីរៀមច្បងជាគណៈកម្មការដូចគ្នា។

សីឡាលីន បន្ថែមទៀតថា “អ្វីដែលខ្ញុំរំភើបទៀតនោះ គឺមានបងប្អូនច្រើនដែលគាត់បានគាំទ្រ និងសរសើរថា ខ្ញុំធ្វើបានល្អហ្នឹងកាន់តែធ្វើឱ្យខ្ញុំ សប្បាយចិត្តថែមទៀត។ ខ្ញុំមិនមានគម្រោងដំឡើងតម្លៃខ្លួនអីទេ សម្រាប់ការច្រៀង Concert ឆ្នាំនេះ ហើយយើងបានត្រៀមខ្លួនរួចហើយសម្រាប់ការច្រៀង តាមការប្រគំតន្ត្រីរបស់ហង្សមាស”។

សុខ សីឡាលីន ធ្លាប់បានបង្ហាញគូស្នេហ៍ជាចំហ គឺតន្ត្រីករលោកអ៊ុក មិនណារិទ្ធ ប៉ុន្តែត្រូវម្តាយនាងប្រឆាំង ទើបធ្វើឱ្យចំណងស្នេហ៍ឈានដល់ការចែកផ្លូវគ្នា ហើយទីបំផុត លោកមិន្ទណារិទ្ទ បានរៀបការជាមួយអ្នកនាងលឹម ហួ ចោលសីឡាលីន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ទៅហើយ។

តាមព័ត៌មានថា ក្រោយប្រេះឆាស្នេហ៍ចាស់នេះ សីឡាលីន បានភ្ជាប់ស្នេហ៍ថ្មីជាមួយពិធីកររូបសង្ហាលោកជីមមី ប៉ុន្តែពេលនេះ នាងបែរជាថា អនាគតស្វាមីមិនទាន់កើតទៅវិញ៕