តារាចម្រៀងផលិតកម្មរស្មីហង្សមាស កញ្ញាផន ស្រីខួច (ផន នីដា) ថា នាងមិនអាចកំណត់បានឡើយថា អនាគតស្វាមីរបស់នាងជាបុរសនៅក្នុងឬក្រៅសិល្បៈនោះ ដោយនាងសំអាងថា គ្មានអ្នកណាដឹងថា ខាងមុខនឹងជួបរឿងអ្វីកើតឡើងនោះទេ។

ការវាចារបស់ អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ស្រីខួច បានផ្តោតលើការចេញទៅដើរកម្សាន្តនៅក្រៅស្រុកច្រើនជាងការសម្តែង ដូចជាមុននេះនាងបាន ទៅលម្ហែកាយានៅអាមេរិក ដោយមិនមានការទាក់ទងច្រៀងសម្តែងឡើយ។

ទស្សនិកជននិងតារារួមអាជីពសង្ស័យថា ស្រីខួច មានគូស្នេហ៍នៅទីនោះ ទើបនាងដើរចាយលុយអស់ជាច្រើនម៉ឺនដុល្លារ ដោយមិនខ្វល់ការចំណាយ។

ផន ស្រីខួច និយាយលាយឡំសំណើចថា “ខ្ញុំទៅដើរលេងនៅក្រៅស្រុកមែនមួយរយៈមុនហ្នឹង មិនទាក់ទងការច្រៀងសម្តែងអីទេ។ ប៉ុន្តែបើនិយាយថា ពេលណានឹងរៀបការ ហើយការជាមួយអ្នកណានោះ រឿងហ្នឹងមិនអាចនិយាយទុកជាមុនបានទេ ព្រោះយើងមិនអាចមើលឃើញពេលខាងមុខថា មានរឿងអ្វីកើតឡើង។ សព្វថ្ងៃខ្ញុំនៅទំនេរអត់មានច្បាស់ថា នឹងត្រូវរៀបការឆ្នាំណាផង”។

ការអះអាងរបស់ផន ស្រីខួច បែបនេះ ធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះពិបាកជឿជាក់ ព្រោះកាលពីឆ្នាំមុន តារាចម្រៀងខេម ចេញទៅដើរលេងនៅប្រទេសបារាំង ជាញឹកញាប់ ដោយមិនមានច្រៀងសម្តែងដូច ស្រីខួច ដែរ ហើយមហាជនចេះតែឆ្ងល់ថា ហេតុអីខេម ងាកទៅដើរលេងនៅបារាំង ហាក់ដូចជាចេញចូលផ្សារធំថ្មីអ៊ីចឹង?

ប៉ុន្តែពេលដឹងការពិត ទើបម្នាក់ៗមានការភ្ញាក់ផ្អើល ព្រោះខេម ត្រូវបានគេទម្លាយថា មានប្រពន្ធនៅបារាំង។
យ៉ាងណា គេជឿថា ស្រីខួច នឹងមិនលេងស្ទីលដូចលោកខេម ឡើយ ព្រោះពេលនេះនាងថា មិនទាន់ចង់គិតគូររឿងរៀបការដោយសារតែនៅស្រលាញ់អាជីពសិល្បៈខ្លាំង ហើយនឹងត្រៀមចេញបទចម្រៀងថ្មីៗនាពេលខាងមុខនេះទៀតផង ខណៈដែលមានដំណឹងថា ស្រីខួច ក៏មានទ្រព្យមិនធម្មតាដែរ ព្រោះមានដីធ្លីជាច្រើនកន្លែង។

ផន ស្រីខួច បន្ថែមថា “រឿងដីធ្លីនោះមានតិចតួចមែន មិនច្រើនណាស់ណាទេ។ ចំពោះ ការចេញបទចម្រៀងវិញ យើងបានត្រៀមអស់ហើយ រួមទាំងការសម្តែង Cocert នៅរដូវក្តៅនេះផងដែរ”៕