Saturday, September 20, 2025
Homeតារាខ្មែរអ្នកនាងកាតុ ទាហានការពារព្រំដែន ភ្ញាក់ផ្អើល ដោយមិនដឹងខ្លួន

អ្នកនាងកាតុ ទាហានការពារព្រំដែន ភ្ញាក់ផ្អើល ដោយមិនដឹងខ្លួន

តារាពហុជំនាញអ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានធ្វើឱ្យផ្អើលសមត្ថកិច្ចដែលយាមកាមនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នេះ ព្រោះតែនាងបានឡើងទៅដល់ប្រាសាទ ហើយបានចែកអាវរងា និងថវិកាមួយចំនួនដល់ទាហានការពារប្រាសាទទៀតផង។

យ៉ាងណា មិនមែនតែទាហានការពារប្រាសាទនោះទេ ដែលបានទទួលអំណោយពីអ្នកនាងកាតុ នៅថ្ងៃដដែលនោះដែរ នាងក៏បាននាំយកមី, ខោអាវ, អាវរងា និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ សរុប ចំនួន៦០០នាក់ ក្នុងនោះមានសិស្សានុសិស្សចំនួន៣០០នាក់ផងដែរ។

លោកគង់ សុគន្ធា ស្វាមីរបស់អ្នកនាងកាតុ បានឱ្យដឹងថា ថវិកាអាវរងានិងសម្ភារៈសិក្សាជូនដល់ប្អូនៗសិស្សានុសិស្សទាំងនោះបានមកពីក្រុមហ៊ុនគីម ណាវ៉ាត់ (KW) ដែលមានភរិយារបស់លោករួមជាមួយលោកលាង គីម ជាប្រធានក្រុមហ៊ុនធ្វើកិច្ចការសប្បុរសធម៌នេះរួមគ្នា។

លោកសុគន្ធា បន្ថែមថា សម្រាប់មនុស្សចាស់ជរានិងសមត្ថកិច្ចការពារប្រាសាទ ភរិយាលោកនិងក្រុមការងារបានជូនថវិកាតិចតួច មី ខោអាវ រួមទាំងអាវរងាដែរ ព្រោះខែនេះជាខែកត្តិក។ ចំណែកប្អូនៗសិស្សានុសិស្សចំនួន៣០០នាក់វិញ ពួកគាត់ទទួលបានសម្ភារៈសិក្សា មានដូចជា សៀវភៅ ប៊ិច និងក្តារឈ្នួន ជាដើម។

នេះមិនមែនជាលើកទី១ឡើយដែលអ្នកនាងកាតុ បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះ។ កាលពីខែមុន អ្នកនាងច័ន្ទធីតា ក៏បាននាំយកអំណោយទៅចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន៥០០នាក់ដែលរស់នៅលើភ្នំគូលែន ខេត្តសៀមរាប ដែរ។

ដោយឡែក ការទៅចែកអំណោយដល់ខេត្តព្រះវិហារ ទល់ព្រំដែនថៃ នៅពេលនេះ បន្ទាប់ពីកាតុ ទើបតែជោគជ័យលើកពាននាគរាជនៅថៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ ក្នុងនាមនាងជាអគ្គនាយិការក្រុមហ៊ុនគីម ណាវ៉ាត់ ដែលនាងបានចាប់ដៃជាមួយលោកលាង គីម ជាប្រធានក្រុមហ៊ុន។

ទាំងកាតុ និងស្វាមីនាង លោកសុគន្ធា ហៅខ្យង បានអះអាងថា ពួកគេនឹងបន្តធ្វើកិច្ចការសប្បុរសធម៌តទៅទៀត ដោយគ្មានដែនកំណត់ឡើយ ព្រោះពេញចិត្តធ្វើការងារសង្គមនេះទៅតាមលទ្ធភាព ដែលមានតាមរយៈវប្បធម៌ចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋនិងប្អូនៗសិស្សានុសិស្សទូទៅ។

គួរបញ្ជាក់ថា ក្រៅពីត្រូវប៉ាន់អាជីពសិល្បៈស្ទើរគ្រប់ទម្រង់នោះ អ្នកនាងកាតុ ដែលជាតារាចម្រៀងថោន  កំពុងល្បីបទ “សុដន់ម៉ែ” នោះ អ្នកនាងនិងស្វាមីក៏ជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ថោន ផងដែរ៕

RELATED ARTICLES