Sunday, September 21, 2025
Homeតារាខ្មែរសួស វីសា ប្តីចារសាក់រូបលើទ្រូង បញ្ជាក់ថាមានអូនក្បែរបងគ្រប់វេលា

សួស វីសា ប្តីចារសាក់រូបលើទ្រូង បញ្ជាក់ថាមានអូនក្បែរបងគ្រប់វេលា

ខេត្តព្រះសីហនុ ៖ ក្នុងអំឡុងពេលនៃដំណើរក្រេបចន្ទទឹកឃ្មុំនៅក្រុងព្រះសីហនុ ក្រោយពេលរៀបការតាមប្រពៃណីខ្មែររួចរាល់នោះ តារាចម្រៀងសំនៀងស្រទន់ សួស វីសា បានបង្ហាញរូបប្តីចារសាក់រូបនាងលើទ្រូងដែលជាការបញ្ជាក់ជំនួសវាចាថា “មានអូនក្បែរបងគ្រប់វេលា”។

តាមគណនីហ្វេសប៊ុករបស់គូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបភាពនិងសំណេរដូចគ្នា បង្ហាញពីដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះឋានសួគ៌ ក្រុងព្រះសីហនុ ក្រោយរៀបការ។

ជាមួយនេះ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សួស វីសា និងស្វាមី លោកប៊ុនថុល ប៊ុនថង ហៅថមមី បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ពួកគេ នូវរូបភាពនៅអាងហែលទឹកនាសណ្ឋាគារមួយ លើកោះឋានសួគ៌ ដោយបង្ហាញរូបសាក់ជាវង់ភក្ត្ររបស់សួស វីសា នោះ លើដើមទ្រូងខាងស្តាំរបស់លោកថមមី ជាមួយសំណេរថា “ស្រលាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ជាក់ថា អូននៅក្បែរបងគ្រប់វេលាប្រពន្ធសម្លាញ់ រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗជាមួយភរិយានៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ”។

នេះជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី សួស វីសា-ថមមី បន្ទាប់ពីពួកគេបានក្រាបផ្ទឹមក្បាលដល់កន្ទេលតាមប្រពៃណីរួចមក។

គួរបញ្ជាក់ថា តារាចម្រៀងសួស វីសា បានរៀបការតាមប្រពៃណី ជាមួយគូដណ្តឹងលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើពិធីជប់លៀងធំ ១២០តុ នៅអគារប្រណីត ដឺព្រីមៀរសេនធឺរ សែនសុខ ចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ។

តាមការបញ្ចាក់ពីសួស វីសា នៅថ្ងៃរៀបការនោះ គឺនាងមានគម្រោងនាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំ នៅប៉ែកអឺរ៉ុប ចំនួន៨ប្រទេស បន្ទាប់ពីនាងនិងស្វាមី ធ្វើដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅក្នុងស្រុក នាកោះឋានសួគ៌ ក្រុងព្រះសីហនុ រួច៕

RELATED ARTICLES