តារាភេទទី៣ នាងយេយេ ដែលគេថា មានត្រេមុខស្រដៀងនឹងសួស វីសា នោះ អ្នកកំប្លែងមាឌធំ ទម្ងន់៦៥គីឡូក្រាមរូបនេះ អះអាងថា ពេញមួយតួខ្លួននាងគឺកែទាំងអស់គ្មានសល់ត្រង់ណាមួយឡើយ ក្នុងនោះគ្រាន់តែកែសុដន់អស់លុយ៣ពាន់ដុល្លារ ទើបពេលនេះឡើងរីកធំធ្វើឱ្យគូស្នេហ៍ពេញចិត្តស្តូកតែម្តង។

ទោះជាយ៉ាងណា យេយេ ថា នាងគ្មានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការនោះទេ ព្រោះចង់បើកសិទ្ធិនិងទុកមុខមាត់ឱ្យប្តីសាងកិត្តិយស ប្រសិនបើថ្ងៃណាមួយបុរសនោះអស់និស្ស័យ ហើយបែកចេញពីនាងទៅមានស្រីថ្មីនោះ។

នេះជារឿងកម្រមួយ ដែលតារាភេទទី៣ផ្សេងៗទៀតពិបាកធ្វើតាមយេយេ ព្រោះអ្នកខ្លះរកបានប្រុសស្នេហ៍រូបសង្ហាហើយប្រចណ្ឌ ហួងហែងក្រុងទុកតែក្នុងបន្ទប់ ប៉ុន្តែយេយេ វិញ បែរជាទុកផ្លូវក្រោយឱ្យប្តីទៅវិញ។

យេយេ ថា “ខ្ញុំមិនចង់រៀបការទេ ហើយក៏គ្មានគម្រោងនឹងរៀបការដូចគេដែរ។ ចំពោះមូលហេតុវិញគឺខ្ញុំចង់ទុកមុខមាត់ឱ្យបុរសនោះ ព្រោះមនុស្សស្រលាញ់គ្នាគង់តែមានថ្ងៃណាមួយបែកគ្នាទេ អ៊ីចឹងខ្ញុំចង់ទុកផ្លូវឱ្យគាត់ ព្រោះបើយើងការទៅច្បាស់ជាអ្នកណាៗក៏ដឹងថា ខ្ញុំហ្នឹងប្រពន្ធគាត់ ហើយមានអ្នកខ្លះថា ប្តីខ្ញុំហ្នឹងធ្លាប់យកខ្ទើយទៀត អ៊ីចឹងខ្ញុំមិនចង់ឱ្យគាត់បាក់មុខមាត់ដោយសារតែខ្ញុំទេ”។

យេយេ បន្តថា “ខ្ញុំមិនរៀបការ ឬមិនបណ្តើរគាត់ជាចំហ ព្រោះខ្ញុំស្រលាញ់គាត់ ហើយខ្ញុំយល់ថា មនុស្សយើងត្រូវហ៊ានលះបង់ចំពោះមនុស្សដែលខ្លួនស្រលាញ់ ព្រោះប្តីខ្ញុំគេស្គាល់ច្រើន តារាៗក៏ស្គាល់ អ្នកកាសែតក៏ស្គាល់ អ៊ីចឹងបើរៀបការឬបណ្តើរគ្នាអី គេប្រាកដជាវ៉ៃប្រហារថា ប្តីខ្ញុំយកខ្ទើយ អ៊ីចឹងខ្ញុំមិនចង់ឮពាក្យហ្នឹងទេ ព្រោះខ្ញុំស្រលាញ់គាត់ខ្លាំងណាស់”។

យេយេ បន្ថែមថា នាងបានរស់នៅក្នុងជីវិតជាប្តីប្រពន្ធជាមួយគូស្នេហ៍រយៈពេលជាង៤ឆ្នាំមកហើយ ពេលនេះគ្មានរឿងជាមួយគ្នាទេ ប៉ុន្តែនាងនៅតែគិតថាថ្ងៃណាមួយ នាងនិងប្តីគង់តែដល់ថ្ងៃបែកគ្នាទេ។ ហេតុនេះហើយទើបនាងចង់រក្សាកិត្តយសឱ្យប្តី ក្រែងថ្ងៃណាមួយគេមានប្រពន្ធទៅ កុំឱ្យគេដឹងថា ប្តីនាងធ្លាប់យកខ្ទើយ។

តារាភេទទី៣រូបនេះ បន្ថែមទៀតថា ក្រោយកែពេញមួយតួខ្លួនមក ពេលនេះនាងពេញចិត្តខ្លួនឯងហើយ ដោយសារតែចំណាយលុយអស់ច្រើនកែនៅប្រទេសថៃ មានការធានាត្រឹមត្រូវនោះ។ ហេតុនេះហើយនាងគ្មានការបារម្ភខ្លាចប៉ះពាល់ដល់សុខភាពឡើយ ខណៈដែលគ្រាន់តែចំណាយវះកាត់ស៊ីលីកូននោះអស់លុយ៣០០០ដុល្លារ។

យ៉ាងណា យេយេ ធ្លាប់ប្រាប់ថា នៅឆ្នាំ២០២០ខាងមុខនេះ នាងមិនបញ្ឈប់ការកែសម្រស់នោះទេ គឺមានគម្រោងកែសាជាថ្មីថែមទៀត ពិសេសគឺចង់ធ្វើមុខមាត់ឱ្យដូចតុក្កតាជប៉ុន តែម្តង៕