តារាសម្តែងស្រអែមស្រស់កញ្ញាពៅ លីដា មិនសូវមានសកម្មភាពសិល្បៈច្រើនទេនារយៈពេលចុងក្រោយនេះ គឺប្រឈមភាពស្ងប់ស្ងាត់ ហើយឈានទៅធ្លាក់កូដជាមិនខាន ប្រសិនបើស្រីស្រស់នៅតែមិនសូវអើពើសម្រុកស្តារមុខអាជីពចាស់ឡើងវិញនោះ។

យ៉ាងណា សកម្មភាពប្រែប្រួលរបស់ពៅ លីដា នៅពេលនេះ ក្រោយពេលដែលថៅកែផ្អកកូនត្រីល្អិតរូបនេះត្រូវប៉ាន់ធំទិញផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារ និងរថយន្ត Lexus LX 570 ថ្លៃជាង២០ម៉ឺន ដុល្លារ ជិះយ៉ាងហ៊ឺហា ដែលធ្វើឱ្យមានការសង្ស័យថា ស្រីស្អាតរូបនេះមានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភ។

ប៉ុន្តែកន្លងមក នៅពេលដែលសួររឿងលុយទិញផ្ទះវីឡា និងរថយន្ត Lexus LX570 លីដា ថា មិនចង់និយាយរឿងនេះឡើយ។

ដោយឡែក ក្នុងជំនួបថ្មីៗនេះ ពៅ លីដា បានអះអាងថា នាងផ្អាកការសម្តែងភាពយន្តនិងខារ៉ាអូខេរយៈពេលជាងកន្លះឆ្នាំមកហើយ ទើបស្ងប់ស្ងាត់បែបនេះ។

លីដា ថា ចំពោះមូលហេតុដែលមិនអាចថតកុនបាននៅពេលនេះ ដោយសារតែនាងបានកៀបធ្មេញមិនទាន់ដល់ថ្ងៃដោះចេញ ហើយភាគច្រើនភាពយន្តដែលគេទាក់ទងមកជារឿងបុរាណ អ៊ីចឹងមិនអាចពាក់ធ្មេញទៅលេងរឿងបុរាណបានទេ។

លីដា បន្តថា នឹងវិលត្រឡប់មកថតសម្តែងយ៉ាងសកម្មដូចមុនឡើងវិញនៅពេលដែលពេទ្យដកដែក ចេញពីធ្មេញបានវិញ។

ថ្វីត្បិតតែពៅ លីដា មិនសូវសម្រុកថតកុនដូចមុនមែន តែនាងមិនមានការបារម្ភច្រើនពីវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះថាពេលនេះគ្រាន់តែរថយន្ត១គ្រឿង នាងហ៊ានទិញដល់ទៅជាង២០ម៉ឺនដុល្លារទៅហើយ អ៊ីចឹងទោះជាឈប់ថតកុន១ឆ្នាំ ក៏ថៅកែផ្អកត្រីរូបនេះនៅតែហ៊ឺហាដដែលទេ។

ដោយឡែក ទំនាក់ទំនងរវាងពៅ លីដា និងពៅ ពិសិដ្ឋ ដែលពួកគេអះអាងថា ជាបងប្អូនបង្កើតនឹងគ្នានោះ នៅតែធ្វើឱ្យមហាជនមានការសង្ស័យច្រើនពីតារា២ដួងនេះនៅក្រោយខ្នង ខណៈដែលកន្លងមកធ្លាប់លេចឮថា លីដា មានស្នេហ៍ជាមួយលោកផ្កាយ៣ម្នាក់ ប៉ុន្តែនាងធ្លាប់អះអាងថា បុរសនោះជា “ប៉ា” របស់នាងដែលបែកគ្នាជាច្រើនឆ្នាំហើយ ទើបជួបគ្នាវិញទេ៕