Sunday, September 21, 2025
Homeតារាខ្មែរសុផា លីនដា វ៉ាក់អឺសង្សារចាស់បណ្តើរគូដណ្តឹង

សុផា លីនដា វ៉ាក់អឺសង្សារចាស់បណ្តើរគូដណ្តឹង

សុផា លីនដា ប្រេះឆាស្នេហ៍តារាចម្រៀងផលិតកម្មរស្មីហង្សមាស នៅ ស៊ីនឿន ជិត១ឆ្នាំទៅហើយ ក្រោយស៊ីនឿន ភ្ជាប់ពាក្យជាមួយនារីអាណិកជនខ្មែរ មកពីអាមេរិក អ្នកនាង Dominique កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឱ្យចំណងស្នេហាធ្លាប់តែផ្អែមល្ហែមនិងស្អិតល្មួតដូចស្ករតាំងម៉ែនោះ ប្រែក្លាយទៅជាកើតរឿងវិវាទជាមួយគ្នា ដែលចុងក្រោយនេះបានក្លាយទៅជាគូបដិបក្ខថែមទៀតផង គឺបើជួបគ្នាមិននិយាយរកគ្នាឡើយសូម្បីតែមួយម៉ាត់។

ជាក់ស្តែងដូចជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែលសុផា លីនដា ទៅចូលរួមមង្គលការតារាសម្តែងប៉ែន ចំរ៉ុង នោះ ស្រាប់តែនាងវ៉ាក់អឺអតីតសង្សារដែលកំពុងតែបណ្តើរគូដណ្តឹងយ៉ាងល្អូកល្អិនឈរនៅមិនឆ្ងាយពីនាងប៉ុន្មានឡើយ។

សុផា លីនដា និងនៅ ស៊ីនឿន មិនសូវហ៊ានមើលមុខគ្នាទេ ហើយពួកគេទាំង២ដូចជាផ្អើលៗគ្នារៀងៗខ្លួន ខណៈដែលគូដណ្តឹងរបស់ស៊ីនឿន កញ្ញា Dominique មិនចាប់អារម្មណ៍ថា ពួកគេមានរឿងអ្វីជាមួយគ្នាឡើយ។

យ៉ាងណា ភ្លាមៗនោះ សុផា លីនដា បានប្រាប់មិត្តភក្តិថា នាងមានអារម្មណ៍ដូចជាមិនល្អសោះ ព្រោះមិនចង់ជួបមុខស៊ីនឿន ប៉ុន្តែបែរជាគេចមិនរួចបែបនេះ។

ដោយឡែក នៅ ស៊ីនឿន វិញ បានថ្លែងថា លោកមិនទាន់កំណត់ថ្ងៃរៀបមង្គលការជាក់លាក់ជាមួយគូដណ្តឹងទេ ព្រោះរវល់រៀងៗខ្លួន។

ប៉ុន្តែស៊ីនឿន បង្ហើបថា មង្គលការរបស់ លោកនឹងអាចរៀបចំនៅសហរដ្ឋអាមេរិក ទឹកដីគូដណ្តឹងជាមុនសិន ទើបមករៀបការនៅស្រុកខ្មែរតាមក្រោយ។

ដោយឡែក កញ្ញា Dominique វិញវាចាថា នាងស្រលាញ់ស៊ីនឿន ខ្លាំងណាស់ តែមិនប្រចណ្ឌគូដណ្តឹងរឿងលេងសិល្បៈទេ គឺគេចង់ថតសម្តែងយ៉ាងណា ក៏នាងមិនហាមឃាត់ដែរ។

សុផា លីនដា ទម្លាក់ទឹកមុខចុះនៅពេលដែលឃើញលោកនៅ ស៊ីនឿន ដឹកដៃកញ្ញា Dominique ទៅតុអាហារ ប៉ុន្តែនាងមិនរត់ចេញពាក់កណ្តាលកម្មវិធីទេ គឺអង្គុយញ៉ាំអាហារជាមួយមិត្តភក្តិធម្មតា។

យ៉ាងណា គេសម្គាល់ថា ទាំងសុផា លីនដា និងស៊ីនឿន ប្រយ័ត្នប្រយែងរៀងៗខ្លួន ព្រោះខ្លាចដើរបុកគ្នា ខណៈដែលមិត្តរួមអាជីពជាច្រើនសុទ្ធតែបានដឹងថា សុផា លីនដា ស្រងូតស្រងាត់ខ្លាំងណាស់ ពេលដែលសង្សារចាស់កៀកកើយស្រីស្នេហ៍ថ្មីនៅចំពោះមុខបែបនេះ។

គួរបញ្ជាក់ថា សុផា លីនដា បានភ្ជាប់ស្នេហ៍ជាមួយលោកនៅ ស៊ីនឿន ហើយពួកគេតែងទៅណាបណ្តើរគ្នាដូចប្តីប្រពន្ធអ៊ីចឹង ខណៈដែលស្រីស្រស់លីនដា គ្រោងដឹកដៃស៊ីនឿន ចូលរោងការនៅពេលដែលតារាហង្សមាស មកពីច្រៀងសម្តែងនៅអាមេរិក វិញ កាលពីចុងឆ្នាំ២០១៨ទៀតផង។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ នៅពេលដែលលីនដា ទន្ទឹងរង់ចាំស៊ីនឿន មកស្រុកវិញយ៉ាងអន្ទះសានោះ ស្រាប់តែទទួលបានកាដូទឹកភ្នែកទៅវិញ ព្រោះស៊ីនឿន វិលវិញតាមការកំណត់មែន ប៉ុន្តែបណ្តើរសង្សារថ្មីមកភ្ជាប់ពាក្យផ្អើលពេញផ្ទៃប្រទេស។

លីនដា គ្មានអ្វីថ្លាថ្លែងឡើយ គឺមានតែអង្គុយបង្ហូរទឹកនេត្រាតែម្នាក់ឯង ព្រោះបេះដូងរបស់នាងខ្ទេចខ្ទាំអស់ទៅហើយ។

អ្វីដែលធ្វើឱ្យស្រីស្អាតរូបនេះកាន់តែសោកសៅថែមទៀត នៅពេលដែលមិត្តភក្តិជាច្រើនសប្បាយ រាំច្រៀងថ្ងៃជប់លៀងមង្គលការលោកប៉ែន ចំរ៉ុង ប៉ុន្តែនាងវិញ បែរជាពិបាកទប់ទឹកភ្នែកទៅវិញ៕

RELATED ARTICLES