តារាចម្រៀងមាស សុខសោភា និងពេជ្រ សោភា បានធ្វើឱ្យកក្រើកឆាកតន្ត្រីកម្មវិធីរាត្រីសមោស ABC Lions of Fashion កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលកោះពេជ្រ ដោយតារាចម្រៀងទាំង២ដួងបានយកបទល្បីខ្លាំងបំផុតរៀងៗខ្លួនរបស់ពួកគេឡើងច្រៀងសម្តែងលើវេទិការនោះធ្វើឱ្យភ្ញៀវជាតិនិងអន្តរជាតិទស្សនាដោយជក់ចិត្ត ខណៈដែលនីកូ វិញ ក៏មិនណយដែរតាមរយៈការយកបទ“ចូកមួយ” ទៅអូសទាញអ្នកទស្សនា។

ដោយឡែក បេក្ខជននិងបេក្ខនារីជាច្រើនបានបង្ហាញនូវទេពកោសល្យគួរឱ្យទាក់ទាញតាមរយៈការដើរបង្ហាញម៉ូដ និងច្នៃម៉ូដសម្លៀកបំពាក់ ក្រោមស្នូរទះដៃយ៉ាងកងរំពងពីភ្ញៀវជាតិនិងអន្តរជាតិ។

អ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលអ្នកទាំង២ប៉ងប្រាថ្នាជាយូរណាស់មកហើយនោះ ខណៈដែលអ្នកបង្ហាញម៉ូដទាំង១០រូបបានដើរបង្ហាញម៉ូដដោយសម្លៀកបំពាក់ និងគ្រឿងលម្អដែលបានច្នៃម៉ូដជ័យលាភី។

កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការតាំងពីខែឧសភា ដោយមានបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន១៣១៨នាក់ និងបេក្ខជនបេក្ខនារីច្នៃម៉ូដចំនួន១២៧នាក់ ដាក់ពាក្យចូលរួម ហើយជម្រុះយកតែបេក្ខនារីបង្ហាញម៉ូដចំនួន២២២នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន៤០នាក់ប៉ុណ្ណោះមកប្រកួតជម្រុះដើម្បីរកម្ចាស់ជ័យលាភី។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យ ឧស្សាហកម្មម៉ូដ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយលើកតម្កើង សហគ្រិនម៉ូដ ដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ច្នើម។

អ្នកស្រី Leap Srypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជ័យលាភីនិងជាអ្នកច្នៃម៉ូដជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់៣០០០ដុល្លារ ព្រមទាំងសំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និង រង្វាន់ផ្សេងទៀត។

អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភីនិងអ្នកច្នៃម៉ូដជ័យលាភី លេខ២ ទទួលបានរង្វាន់២០០០ដុល្លារ។

អ្នកនាង Lev Socheata អ្នកបង្ហាញម៉ូដជ័យលាភីលេខ៣ ទទួលបានរង្វាន់១០០០ដុល្លារ។ ម្ចាស់ជ័យលាភី G ទាំងអស់ទទទួលបានកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយភ្នាក់ងារ Arise៕

