តារាចម្រៀងឱក សុគន្ធកញ្ញា បានសម្រាលកូនរយៈពេល១ខែគត់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ (១១-១១-១៩ , ១១-១២-១៩) ប៉ុន្តែរហូតមកដល់ពេលនេះប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនទាន់ឡើងបង្ហាញខ្លួនតាមឆាកតន្ត្រីវិញនៅឡើយ បើទោះជាមានបណ្តាក្រុមហ៊ុនជាច្រើនចង់ហៅនាងឡើងច្រៀងវិញទាំងនៅសរសៃខ្ចីក្តី។

ប៉ុន្តែស្វាមីនាង លោកអ៊ឹង សុខលី មិនទាន់អនុញ្ញាតឱ្យភរិយារបស់លោកចេញរកលុយនៅពេលនេះទេ គឺត្រូវតែសម្រាកឱ្យបានរឹងដៃរឹងជើងជាមុនសិន ដែលអាចឃ្លាតឆ្ងាយពីការចម្រៀង សម្តែងរយៈពេល៣ខែ ទើបអាចឡើងឆាកវិញបាន។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពោលគឺក្រោយរៀបការតែ៦ខែប៉ុណ្ណោះ នាងក៏សម្រាលបានកូនប្រុស១នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះកូនថា អ៊ឹង បញ្ញាបុត្រ ហៅឆាលី។

ការសម្រាលកូនចំថ្ងៃពិសេស (១១-១១-១៩) នេះ ត្រូវបានគេសង្ស័យថា សុគន្ធកញ្ញា វះកាត់ សម្រាលកូនដើម្បីយកហុងស៊ុយ ប៉ុន្តែនាងថា សម្រាលតាមធម្មជាតិទេ ហើយក៏បំបៅកូនដោយទឹកដោះរបស់នាងផ្ទាល់តែម្តង។

មហាជនរង់ចាំមើលថា ក្រោយមានកូន១នេះ ឱក សុគន្ធកញ្ញា នៅតែមានទីផ្សារខ្លាំងដូចមុន ឬក៏ចុះខ្សោយដូចតារាចម្រៀងសម្តែងមួយចំនួនដែលមានប្តីហើយ ពិបាកប្រជែងទីផ្សារ។
ប៉ុន្តែអ្នកជំនាញសិល្បៈ លោកមុិញ សុធីវណ្ណ បានអះអាងថា រឿងល្បីឬលែងល្បី មិនពាក់ព័ន្ធរឿងមានប្តីមានកូននោះទេ ព្រោះតារាចម្រៀងអាមេរិក ប៊ីយ៉នសេ មានប្តីកូនហើយ នៅតែល្បីដដែល។

លោកថា អ្នកដែលអាចកំណត់ថា សុគន្ធកញ្ញា នៅតែល្បីទៀតឬលែងល្បីនោះ មានតែផលិតកម្មហង្សមាស មួយគត់ ព្រោះផលិតកម្មនេះធ្លាប់ធ្វើព្យុះភ្លៀងជាច្រើនលើកច្រើនសាមកហើយ គេចង់ ឱ្យតារាគេមួយណាល្បីក៏បានដែរ។

ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា នាងជាតារាម្នាក់ដែលជោគជ័យទាំងអាជីពចម្រៀង និងស្នេហា នៅឆ្នាំ២០១៩។ ការក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នឹងធ្វើឱ្យសុគន្ធកញ្ញា កាន់តែមានឥទ្ធិពលខ្លាំងថែមទៀតនៅទ្រនំធំមួយនេះ៕