ទេព បូព្រឹក្ស បានដើរចេញពីហង្សមាស ដូចអនាគតស្វាមីរបស់នាង ងួន ចាន់ដេវីត ដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងលេងក្បាច់រាំរូបនេះ ស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយថា តើនាងនៅតែមានឈ្មោះល្បីទៀត ឬប្រឈមការធ្លាក់ចុះ?
ទោះជាយ៉ាងណា ទេព បូព្រឹក្ស ហាក់មិនបារម្ភខ្លាចបាត់ឈ្មោះទៅវិញឡើយ ព្រោះនាងមានគូស្នេហ៍ចាំជួយអន្តរាគមន៍ធ្វើបទចម្រៀងនិងភ្លេងឱ្យនាងច្រៀងប្រជែងលើទីផ្សារចម្រៀងផ្នែកយុវវ័យតទៅទៀត…។

ទេព បូព្រឹក្ស ត្រូវបានគេព្យាករណ៍ទុកជាមុនថា នាងនឹងដើរចេញពីហង្សមាស ទៅតាមគូស្នេហ៍ងួន ចាន់ដេវីត ជាមិនខាន ក្រោយការមកដល់របស់ពេជ្រ សូលីកា ព្រោះសូលីកា ទាំងរូបសម្រស់ ទឹកដមសំឡេងនិងសម្តែង គ្មានចំណុចណាមួយក្រោមបូព្រឹក្ស ឡើយ។
អ្វីដែលបូព្រឹក្ស កាន់តែពិបាកប្រឈមថែមទៀតនោះ គឺកញ្ញារ៉េត ស៊ូហ្សាណា ដែលទើបចូលសិល្បៈ ក្រោយនាង១០ឆ្នាំ ប៉ុន្តែអាចធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការចាប់អារម្មណ៍ច្រើន ហើយថែមទាំងត្រូវបានថៅកែផលិតកម្មហង្សមាស ពេញចិត្តទៀតផង ទើបធ្វើឱ្យពេលនេះ បូព្រឹក្ស មិនអាចជ្រកនៅហង្សមាស បានទៀត។

អ្នកនិយមតារាចម្រៀងលេងក្បាច់រាំ បូព្រឹក្ស ហាក់មានភាពស្រពេចស្រពិលចំពោះកេរ្តិ៍ឈ្មោះរបស់ អតីតតារាចម្រៀងរូបនេះ ព្រោះបូព្រឹក្ស មិនមែនជាអ្នកចម្រៀងសំនៀងក្រអួនក្រអៅឡើយ គឺនាងល្បីដោយសារពូកែរាំច្រើនជាងច្រៀង។
អ្វីដែលបូព្រឹក្ស ហាក់ពិបាកទប់ទល់ផងដែរ គឺនៅក្រោយពេលដែលការចេញមុខរបស់រ៉ាប៊ី ដែល បានធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលនៅពេលចុងក្រោយនេះ។
ប្រភពបានឱ្យដឹងថា ថៅកែហង្សមាស មិនព្រមបន្តកុងត្រាថ្មីឱ្យទេព បូព្រឹក្ស ទៀតទេ ទើបនាងដើរ ចេញទៅតាមគូស្នេហ៍តែម្តង។

ទោះជាយ៉ាងណា ទេព បូព្រឹក្ស មិនមែនតែលតោលម្នាក់ឯង ក្រោយដើរចេញពីហង្សមាស នោះទេ ព្រោះនាងមានគូស្នេហ៍នៅចាំជួយស្រីស្រស់គ្រប់ពេលវេលាទាំងអស់។
បូព្រឹក្ស ដែលធ្លាប់ហៅគូស្នេហ៍ចាន់ដេវីត ថាប្តីនោះ ច្បាស់ជាម្ចាស់បទ “រាំញីកែងជើង” រូបនេះ នឹងកាន់តែមានការសម្រិតសម្រាំងថែមទៀតក្នុងការនិពន្ធបទចម្រៀង និងធ្វើភ្លេងឱ្យបូព្រឹក្ស ដើម្បីប្រជែងទីផ្សារតាមរយៈផលិតកម្មផ្ទាល់ខ្លួនរបស់ដេវីត ហើយបើថៅកែផលិតកម្មរូបនេះមិនលើកអនាគតភរិយាទេ តើឱ្យទៅលើកអ្នកណាជាងនេះទៅ?

ប្រភពបានឱ្យដឹងថា ទាំងទេព បូព្រឹក្ស និងគូស្នេហ៍ ត្រូវបានផលិតកម្មថោន បើកទ្វារស្វាគមន៍ពួកគេជានិច្ច ប្រសិនបើគូស្នេហ៍យុវវ័យ១គូនេះមានការផ្លាស់ប្តូរចិត្តលែងចង់ច្រៀងផលិតកម្មខ្លួនឯងទៀតនោះ គឺថោន រង់ចាំត្រងពួកគេ២៤ម៉ោង។
ងួន ចាន់ដេវីត ធ្លាប់និយាយថា លោកមិនមែនប្រកាន់ជំហរមិនច្រៀងឱ្យផលិតកម្មណាជារៀងរហូត នោះទេ គឺនឹងធ្វើទៅតាមពេលវេលា ប៉ុន្តែពេលនេះផលិតកម្មរបស់លោកនឹងជ្រើសរើសតារាចម្រៀង ថ្មីៗបន្ថែមទៀត ដើម្បីឱ្យមានទីផ្សារចម្រៀងគ្រប់ប្រភេទ មិនមែនផ្តោតតែលើយុវវ័យសុទ្ធឡើយ។

ការដែលទេព បូព្រឹក្ស ភ្ជាប់ស្នេហ៍ជាមួយងួន ចាន់ដេវីត នៅពេលនេះ ទោះជាធ្វើឱ្យជម្លោះរវាងនាង និងពេជ្រ សោភា កាន់តែក្តៅគគុកថែមទៀតរហូតមើលមុខគ្នាលែងចំក៏ដោយ ប៉ុន្តែបូព្រឹក្ស ហាក់ស្រាលខ្លួនរឿងដែលលេចឮថា អតីតប្តីពិធីការិនីល្បីឈ្មោះម្នាក់ដែលជាមន្ត្រីធំជាគូស្នេហ៍នៅក្រោយខ្នងនៃភាពហ៊ឺហារបស់នាងសព្វថ្ងៃ ដែលទិញផ្ទះវីឡាតម្លៃ១៤ម៉ឺនដុល្លារ និងជិះរថយន្តទំនើបៗផ្លាស់ប្តូរជាញឹកញាប់។
រឿងស្នេហារបស់បូព្រឹក្ស ជាមួយមន្ត្រីធំនោះនឹងកាន់តែអាចបន្សាបបានថែមទៀតនៅពេលដែល តារាចម្រៀងរូបនេះដឹកដៃរៀបការជាមួយគូស្នេហ៍ចាន់ដេវីត ជាចំហ ខណៈដែលដេវីត វិញ អះអាងថា នឹងរៀបការជាមួយកំពូលស្នេហ៍បូព្រឹក្ស នៅពេលខាងមុខយ៉ាងយូរបំផុត១ទៅ២ឆ្នាំទៀត។

គួរបញ្ជាក់ថា កន្លងមកតារាចម្រៀងដែលហើរចេញពីហង្សមាស ហើយមានទីផ្សារចម្រៀងធ្លាក់ចុះ មានដូចជា យក់ ថិតរដ្ឋា , ឈិត សុវណ្ណបញ្ញា , សុន ស្រីពេជ្រ ជាដើម ហេតុនេះហើយបានជាទស្សនិកជនរង់ចាំមើលថា បូព្រឹក្ស ពិតជាត្រូវបានគូស្នេហ៍ជួយឱ្យល្បីថែមទៀតមែន ឬមួយនាងក៏ប្រឈមការដើរជាន់ដានអតីតតារាហង្សមាស មួយចំនួនទៀតដែរ?…៕