Sunday, September 21, 2025
Homeតារាខ្មែរប៉ែន ចំរ៉ុង ហក់ចូលរកស៊ីអចលនទ្រព្យ ក្រោយរៀបការ (មានវីដេអូ)

ប៉ែន ចំរ៉ុង ហក់ចូលរកស៊ីអចលនទ្រព្យ ក្រោយរៀបការ (មានវីដេអូ)

ប៉ែន ចំរ៉ុង បានធ្វើពិធីបើកការរដ្ឋានឧទ្យានពាណិជ្ជកម្ម ផ្សារបន្លែ សាច់ធម្មជាតិ នឹងផ្ទះល្វែង-ដីឡូតិ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រុមហ៊ុនត្រៃសូល៍ អ៊ីនវេសមែន ខូអិលធីឌី នៅភូមិចំការដូង ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ លើទំហំដីប្រមាណជាង៤០ហិកតា។ ប៉ុន្ដែពិធីករនិងតារាសម្ដែងរូបនេះមិនបានប្រាប់ថា ចំណាយទុនអស់ទឹកប្រាក់ប៉ុន្មាន និងចូលភាគហ៊ុនជាមួយអ្នកណាខ្លះឡើយ។

លោកប៉ែន ចំរ៉ុង ថ្លែងថា ”មូលហេតុដែលខ្ញុំជ្រើសរើសយកត្រៃសូល៍ ដោយសារតែត្រៃសូល៍ជាអាវុធអាទិទេពដែលមានផ្លែមុតស្រួចបី ដងតែមួយទេ។ ខ្ញុំឈរនៅក្រុមហ៊ុននេះលើកត្តា៣យ៉ាង គឺទី១. ធនធានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចច្បាស់លាស់ ទី២. ធនធានមនុស្សពោពេញទៅដោយជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍន៍ និងទី៣. ជំនាញក្នុងការធ្វើឲ្យក្រុមហ៊ុនរីកចំរើន”។

លោកប៉ែន ចំរ៉ុង ​បានឲ្យដឹងដែរថា ទីតាំងដែលលោកកំពុងឈរជើងវិនិយោគនេះ មានការសិក្សារច្បាស់លាស់ណាស់ ទើបសម្រេចចិត្តដាក់ទុន ព្រោះនៅតំបន់នេះមានប្រជាជនចំនួន២៨ភូមិ កំពុងខ្វះខាតផ្សារបោះដុំបន្លែសាច់ធម្មជាតិក្បែរផ្ទះ ហើយផ្សារនេះនឹងផ្ដល់សេវាកម្មងាយស្រួលដល់ពួកគាត់។

លោកចំរ៉ុង បន្តថា ផ្សារនោះនៅជាប់ផ្លូវកៅស៊ូ៦០ម៉ែត្រ ជាផ្លូវដែលមានសក្ដានុពលសេដ្ឋកិច្ចក្នុងការដឹកជញ្ជួន ហើយលោកនឹងប្រឹងប្រែងសម្រេចគម្រោងធំនេះ ដើម្បីឲ្យផ្សារនោះអាចផ្គត់ផ្គងប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដង។

ការលេចមុខធ្វើជំនួញធំរបស់ប៉ែន ចំរ៉ុង នៅពេលនេះ បន្ទាប់ពីលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាងហ៊ុន ម៉ាណេ ទើបតែបានជាង២សប្ដាហ៍ប៉ុណ្ណោះ ក៏រួសរាន់បើកមុខជំនួញធំនេះឡើង ហើយបើទោះជាលោកចំរ៉ុង មិនបញ្ជាក់ថា ប្រើទុនអស់ទឹកប្រាក់ប៉ុន្មានក៏ដោយ ប៉ុន្តែទំហំវិនិយោគនេះប្រាកដជាប្រើទុនរាប់សែនដុល្លារជាមិនខាន។

ប៉ែន ចំរ៉ុង បន្ថែមថា គំរោងអភិវឌ្ឍន៍នោះឆ្ពោះទៅផ្លូវជាតិលេខ៥ ពីមុនគេហៅថាផ្លូវ១៣៦ ឥឡូវផ្លាស់ទៅជាផ្លូវ៥២ ជាផ្លូវក្រវ៉ាត់ក្រុងទី២ ជាប់ផ្លូវជាតិលេខ៤ កាត់ចូលខេត្តកំពង់ស្ពឺ គឺផ្លូវលេខ៤៤។ គំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកនៅចម្ងាយពីរថភ្លើងអាស៊ាន ប្រហែលជា១Kmប៉ុណ្ណោះ។ វាជាទីប្រជុំជនដែលមានការអភិវឌ្ឍន៍ស្រាប់ មានទាំងធនាគារ និងប្រព័ន្ធលូបណ្ដោះទឹក ទឹកស្អាត និងប្រព័ន្ធភ្លើង។

ប៉ែន ចរ៉ុង បានអះអាងថា ទោះជាពេលនេះលោកមមាញឹកខាងរកស៊ីផ្នែកអចលនទ្រព្យក្ដី ប៉ុន្ដែលោកមិនចោលការងារសិល្បៈទេ គឺនៅតែបន្ដរជាធម្មតាដោយដើរទន្ទឹមគ្នាទៅនឹងការធ្វើជំនួញតែម្ដងព្រោះអាជីពសិល្បៈជាការងារដែលលោកស្រលាញ់តាំងពីតូចមកម្លេះ។

ពិធីកររូបនេះធ្លាប់អះអាងនៅថ្ងៃរៀបការដែរថា លោកមិនមានការបារម្ភធ្លាក់ចុះទីផ្សារសិល្បៈឡើយ ក្រោយមានភរិយានេះ ព្រោះតែបានឃើញតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម ប្រពន្ធកូនទៅហើយ ប៉ុន្តែនៅតែល្បី ហេតុនេះហើយលោកជឿថាទស្សនិកជននៅតែបន្ដរការគាំទ្រដូចដើម។

ដោយឡែក ភរិយាលោកអ្នកនាងហ៊ុន ម៉ាណេ ដែលត្រូវគេសរសើរថា មានរូបសម្រស់មិនចាញ់តារានោះវិញ ត្រូវបានចំរ៉ុង អះអាងថា មិនអនុញ្ញាត្តិឲ្យប្រឡូកសិល្បៈជាអាជីពឡើយ៕

លោកប៉ែន ចំរ៉ុង ដាក់ទុនវិនិយោគរាប់សែនដុល្លារលើដីជាង៤០ហិកតារ នៅកំពង់ស្ពឺ

លោកប៉ែន ចំរ៉ុង ដាក់ទុនវិនិយោគរាប់សែនដុល្លារលើដីជាង៤០ហិកតារ នៅកំពង់ស្ពឺ

Posted by Norkorthom on Friday, 13 December 2019
RELATED ARTICLES