Sunday, September 21, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា កាន់តែមានសង្ឃឹម ពេលពេជ្រ សូលីកា ជិតចូលរោងការ

រ៉េត ស៊ូហ្សាណា កាន់តែមានសង្ឃឹម ពេលពេជ្រ សូលីកា ជិតចូលរោងការ

តាមរយៈការឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង២ឆ្នាំនេះ រ៉េត ស៊ូហ្សាណា បានក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្មនេះ ហើយមានទីផ្សារល្អជាងម្ចាស់ពានមួយចំនួនទៀតផង។

តារាចម្រៀងដែលអាចច្រៀងបទជាភាសាអង់គ្លេសបានគួរឱ្យទាក់ទាញ ហ្សាណា ស្ថិតក្នុងចំណោមតារាស្រីដែលហង្សមាស នឹងលើកស្ទួយសម្រាប់ជំនួសឱក សុគន្ធកញ្ញា ដែលមានស្វាមីនិងកូន ប្រឈមការចុះខ្សោយនាពេលខាងមុខផងដែរ ខណៈដែលលោកថៅកែហង្សមាស វិញ មិនអនុញ្ញាតឱ្យនាងច្រៀងនៅស្ថានីយទូរទស្សន៍ណា ក្រៅពីហង្សមាស និងបាយ័នឡើយ។

អ្នកដឹកនាំកម្មវិធីសិល្បៈបានឱ្យដឹងថា ហ្សាណា ច្រៀង១កម្មវិធីស៊ីថ្លៃជិត២ពាន់ដុល្លារ ហើយពួកគេ ត្រូវការនាង ព្រោះមានការទាក់ទាញខ្លាំង បើប្រៀបធៀបទៅនឹងតារាចម្រៀងដែលមានតម្លៃខ្លួនប្រហាក់ប្រហែលគ្នានេះ។ ពួកគេថែមទាំងសរសើរហ្សាណា ថា ជាអ្នកចម្រៀងចេះគោរពពេលវេលា ហើយ មានការតែងខ្លួនស្អាតបែបយុវវ័យទៀតផង។

គួរបញ្ជាក់ថា អំឡុងពេលដែលរ៉េត ស៊ូហ្សាណា កំពុងឡើងកូដនៅហង្សមាស នេះ ស្រាប់តែពេជ្រ សូលីកា ក៏មកដល់ទ្រនំនេះជាលើកទី២ដែរ ធ្វើឱ្យស្រីស្អាតទាំង២មានការប្រជែងគ្នា ទាំងរូបសម្រស់ និងទីផ្សារចម្រៀង។

ប៉ុន្តែថ្មីៗនេះ សូលីកា បានភ្ជាប់ពាក្យនិងត្រៀមរៀបការ ហើយអាចចេញទៅរស់នៅតាមប្តីនៅអូស្ត្រាលី ហេតុនេះហើយ ស៊ូហ្សាណា ដែលមិនទាន់ចង់រៀបការប្តីនោះ នៅតែជាគោលដៅដែលហង្សមាស ត្រូវឡង់សេជាងតារាផ្សេងៗទៀតដដែល។

ប៉ុន្តែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ បានអះអាងថា ស៊ូហ្សាណា មានចំណុចខ្លាំងត្រង់មានរូបសម្រស់ស្អាត និងច្រៀងបទជាភាសាអង់គ្លេស មានការទាក់ទាញ ប៉ុន្តែនាងនៅត្រូវការពេលវេលាថែមទៀត គឺពេលនេះមិនអាចជំនួសតំណែងឱក សុគន្ធកញ្ញា បានទេ។

ក្រៅពីរ៉េត ស៊ូហ្សាណា តារាចម្រៀងដែលកំពុងអង្រួន ទីផ្សារយុវវ័យ មានរ៉ាប៊ី , យូរី និងទេព បូព្រឹក្ស ជាដើម។

ប៉ុន្តែអ្នកចម្រៀងដែលក្តោបទីផ្សារស្ពតពាណិជ្ជកម្មធំៗបានច្រើនជាងគេ គឺរ៉េត ស៊ូហ្សាណា នេះឯង ហេតុនេះហើយធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺដោយរហ័ស ទោះជាពេលនេះ ហ្សាណា ទើបតែមានបទចម្រៀង២បទដែលត្រូវគេស្គាល់ច្បាស់ គឺបទ “ប្រយោគស្នេហ៍” និងបទ “ឈប់” ក្តី៕

RELATED ARTICLES