សុខ ពិសី បានចេញមុខអះអាងថា ការដែលនាងមិនកំណត់ពេលចូលរោងការជាក់លាក់នៅពេលនេះ គឺដោយសារតែពេលវេលាមិនទាន់សមស្រប មិនមែនមកពីខ្លាចរៀបការហើយធ្លាក់កូដទីផ្សារសិល្បៈនោះឡើយ។
យ៉ាងណា ពិសី ថា នាងត្រូវការពេលវេលាដើម្បីស្វែងយល់ពីបុរសម្នាក់ឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តកំណត់ពេលរៀបការតាមក្រោយ…។

សុខ ពិសី ធ្លាប់លេចឮថា នាងមានស្នេហាជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែផលិតកម្មសាន់ដេ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍នេះទេ ហើយអ្នកទាំងពីរក៏មិនដែលបណ្តើរគ្នាជាចំហដែរ។
មហាជនមួយចំនួនបានលើកឡើងថា ពិសី និងលោកចំរើន ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះទាំង២នាក់នៅលីវដូចគ្នា ហើយពួកគេថែមទាំងចង់ឃើញពិសី និងលោកចំរើន ហ៊ានរៀបការជាចំហដូចឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ទៀតផង។
ការជំរុញឱ្យពិសី រៀបការនៅពេលនេះ ដោយសារតែនៅឆ្នាំ២០១៩ តារាដែលចូលរោងការ គឺមានរហូតដល់ទៅជាង១០គូទៅហើយ ក្នុងនោះ គ្រាន់តែនៅខែវិច្ឆិកា ឆ្នាំ២០១៩ មានដល់ទៅ៣រោងឯណោះ គឺកញ្ញាកែវ សីហា , លោកប៉ែន ចំរ៉ុង និងកញ្ញាសួស វីសា ។

ចំណែកសុខ ពិសី វិញ នាងមិនទាន់លេចឮរឿងថា ពេលណាលាភាពនៅលីវដូចមិត្តរួមអាជីពនោះទេ។
សុខ ពិសី វាចាថា “ខ្ញុំមិនទាន់ចង់រៀបការទេ ហើយក៏មិនអាចកំណត់ថាពេលវេលានៃការរៀបការហ្នឹងធ្វើនៅពេលណាបានដែរ។ ខ្ញុំត្រូវការពេលវេលាសមស្របមួយ ហើយការជ្រើសរើសគូអនាគត ជារឿងសំខាន់ណាស់ អីចឹងខ្ញុំត្រូវតែពិនិត្យឱ្យបានល្អិតល្អន់មុនសម្រេចចិត្តរៀបការ”។

ពិសី បន្តថា “ឪពុករបស់ខ្ញុំ គាត់ឱ្យខ្ញុំជាអ្នកសម្រេចចិត្តដោយខ្លួនឯង ក្នុងចំណោមបុរសៗដែលគាត់ចង់ចូលស្តីដណ្តឹងខ្ញុំ។ ចំណែកខ្ញុំវិញពេលនេះរវល់សឹងតែគ្មានពេលបានគេងគ្រប់គ្រាន់ផង មានពេលខ្លះត្រូវចុះទៅខេត្ត ដល់ទៅ១សប្តាហ៍ក៏មានដែរ ព្រោះជាប់ច្រៀងឱ្យគេរហូត”។
ពិសី បន្តទៀតថា “ខ្ញុំគិតថា ពេលមានគ្រួសារហើយ យើងត្រូវមានពេលវេលាឱ្យគ្នាទៅវិញទៅមក អីចឹងពេលនេះ ខ្ញុំដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ព្រោះតែខ្ញុំនៅតែបានចំណាយពេលវេលាច្រើនទៅលើសិល្បៈ ដោយសារតែយើងនៅស្រលាញ់អាជីពមួយនេះ។ ខ្ញុំអបអរសាទរនិងរីករាយណាស់ ពេលដែលឃើញបងប្អូនអ្នកសិល្បៈរៀបការនៅឆ្នាំនេះ គឺមានតែជូនពរពួកគាត់ឱ្យមានសុភមង្គល”។

យ៉ាងណា ការមិនហ៊ានកំណត់ពេលវេលារៀបការរបស់សុខ ពិសី នៅពេលនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ពិសី អាចមានការបារម្ភខ្លះៗថា នាងរៀបការហើយ ប្រឈមការធ្លាក់កូដ ទើបពេលនេះនាងនៅតែស្ទាក់ស្ទើរក្នុងការបង្ហាញគូស្នេហ៍ថ្មី ហើយមិនហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ ដោយសារតែ កំពុងត្រូវប៉ាន់ទាំងអាជីពចម្រៀងនិងស្ពតពាណិជ្ជកម្ម។

តារាសាន់ដេ រូបនេះ បន្ថែមទៀតថា “ខ្ញុំមិនដែលបារម្ភថាខ្លាចពេលរៀបការទៅ លែងមានការងារសិល្បៈប្រឈមការធ្លាក់កូដអីទេ គឺអត់បារម្ភចំពោះរឿងហ្នឹងផង។ ការដែលខ្ញុំមិនទាន់ចង់រៀបការ ឬមិនទាន់អាចកំណត់ថាពេលណារៀបការបាននោះ ដោយសារតែយើងរង់ចាំពេលវេលាណាឱ្យសមស្រប មួយសិន។ ឥឡូវយើងមិនទាន់បានត្រៀមខ្លួននៅឡើយ ទេ ខ្ញុំរឹតតែមិនអាចនិយាយបានទេថា នឹងរៀបការ នៅពេលណា ព្រោះមិនអាចនិយាយមុនបានទេ”។

ក្រៅពីសុខ ពិសី តារាចម្រៀងដែលមានគូស្នេហ៍ ហើយមិនទាន់រៀបការ មានដូចជា មាស សុខសោភា , ទេព បូព្រឹក្ស , ពេជ្រ សូលីកា , អ៊ីវ៉ា , យូរី ជាដើម ខណៈដែល នៅឆ្នាំ២០១៩ កន្លងមកនេះ តារាល្បីៗបានដឹកដៃគ្នាសម្រុកចូលរោងការដូចទឹកបាក់ទំនប់ មានដល់ទៅ១៤គូឯណោះ៕