តារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេក កញ្ញាសុខ ពិសី បាននិយាយលេងបន្លំមែនថា សម្រាប់ខួបកំណើតនាងឆ្នាំនេះ នាងមានតែជូនពរខ្លួនឯង ប៉ុន្តែអ្វីដែលត្រូវខ្វាយខ្វល់ គឺរឿងដែលប៉ារបស់នាងបង្ខំឱ្យយកប្តីតែម្តង។
វាចារបស់ស្រីស្អាតសុខ ពិសី នៅពេលនេះ ស្របពេលដែលតារាជាច្រើននៅឆ្នាំ២០១៩នេះ បានសម្រុកគ្នារៀបការដូចទឹកបាក់ទំនប់ ហេតុនេះហើយបានជាធ្វើឱ្យឪពុករបស់ពិសី បង្ខំឱ្យនាងរៀបការដែរ ព្រោះថាពេលនេះតារាចម្រៀងសាន់ដេ មានវ័យក្បែរ៣០ឆ្នាំទៅហើយ។

ទោះជាយ៉ាងណា សម្រស់ស្អាតដូចសុខ ពិសី គ្រាន់តែនាងបង្ហើបថា ចង់រៀបការនោះ ច្បាស់ជាមានប្រុសៗមិនតិចនាក់ឡើយដែលជ្រួលជ្រើម និងចង់ធ្វើជាកូនកំលោះរបស់នាងជាមិនខាន ខណៈដែលកន្លងមក ពិសី ធ្លាប់បង្ហើបដែរថា អ្នកដែលតាមស្រលាញ់នាងភាគច្រើនពួកគាត់ចង់សុំចូល ចែចូវទៅតាមផ្លូវច្បាប់ មិនមានអ្នកលេងតាមផ្លូវកាត់ឡើយ។ នាងមិនបង្ហើបថា អ្នកនោះជាអ្នកណាទេ គ្រាន់តែអះអាងថា មានទាំងមន្ត្រីរាជការផងដែរ។

ថ្វីត្បិតតែសុខ ពិសី មិនទាន់លាតត្រដាងអនាគតស្វាមីរបស់នាងជាអ្នកណាឱ្យច្បាស់លាស់ក៏ដោយ ប៉ុន្តែកន្លងមកមជ្ឈដ្ឋានមហាជនតែងតែគិតថា គូស្នេហ៍របស់ពិសី គឺជាថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន បើទោះជាពួកគេមិនដែលទទួលស្គាល់ចំពោះព័ត៌មានទាំងនេះក្តី។

ចំណែកតារាចម្រៀងមួយចំនួនបានខ្សឹបខ្សៀវគ្នាថា ពិសី ប្រាកដជានឹងដើរតាមផ្លូវរបស់ឱក សុគន្ធកញ្ញា ដែលផាត់ចោលស្នេហ៍មន្ត្រីធំៗដូចគ្នា ហើយរៀបការជាមួយមនុស្សប្រុសដែលនាងស្រលាញ់ និងជាអ្នកមានឥទ្ធិពលនៅផលិតកម្មដែលពួកគេជ្រក ព្រោះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេអាចរក្សាបានសុវត្ថិភាព ហើយជៀសផុតពីរឿងអាស្រូវស្នេហាដូចតារាៗមួយចំនួនទៀតផង។
យ៉ាងណា ក្នុងជំនួបផ្ទាល់កន្លងមក សុខ ពិសី ធ្លាប់បញ្ជាក់ថា នាងគ្មានគម្រោងនឹងចូលរោងការឆាប់ៗនោះទេ ព្រោះចង់ពង្រឹងការងារសិល្បៈឱ្យកាន់តែរលូនជាងនេះថែមទៀត។

ពិសី ថា នាពេលដ៏ខ្លីខាងមុខនេះ នាងនឹងត្រៀមចេញបទចម្រៀងថ្មីៗឱ្យបានច្រើន ពិសេសគឺបទជាខ្សែរឿង។
ដោយឡែក សម្រាប់រូបនាងពេលដែលឃើញមិត្តភក្តិរួមអាជីពនាំគ្នារៀបការច្រើន នៅឆ្នាំ២០១៩ នេះ នាងមានតែត្រេកអរជំនួស ព្រោះឃើញពួកគាត់មានសុភមង្គល។ ប៉ុន្តែសម្រាប់រូបនាងវិញ ពេលវេលារៀបការមិនទាន់អំណោយផលសម្រាប់រូបនាងឡើយ។

សុខ ពិសី បានរស់នៅកំព្រាម្តាយរយៈពេលជាង១១ឆ្នាំមកហើយ ដែលពេលនេះនាងមានតែឪពុក ហើយជាញឹកញាប់នាងបង្ហាញពីការស្រលាញ់ប៉ារបស់នាងខ្លាំងណាស់ ដូចជាការច្រៀងឆ្លងឆ្លើយគ្នាជាដើម។
តាមរយៈរូបសម្រស់កាន់តែផូរផង់ រាងកាន់តែស្វែល ពិសី ត្រូវប៉ាន់ទាំងទីផ្សារចម្រៀងនិងស្ពតពាណិជ្ជកម្មព្រមគ្នាតែម្តង ដែលធ្វើឱ្យប្រុសៗទាំងឡាយកាន់តែប៉ងចង់បានបេះដូងស្រីស្អាតមក ថ្នាក់ថ្នម។

យ៉ាងណា គេជឿថា មិនយូរទេច្បាស់ជាពិសី នឹងបង្ហាញមុខកូនកំលោះដែលត្រូវដឹកដៃនាងចូលរោងការ ដើម្បីឱ្យមហាជនទាំងឡាយអស់ការសង្ស័តទៅទៀតជាមិនខាន ហើយគេចាំអ៊ុតមើលថា តើបុរសណាទៅដែលមានសំណាងក្លាយជាម្ចាស់បេះដូងស្រីស្អាតរូបនេះ?៕