Monday, May 4, 2026
Homeចរាចរណ៍សុំឪទៅលេងម៉ែ ឡានបុកស្លាប់ ៣នាក់

សុំឪទៅលេងម៉ែ ឡានបុកស្លាប់ ៣នាក់

ខេត្តបន្ទាយមានជ័យ ៖ យុវជន៣នាក់ បាននាំគ្នាចេញទៅធ្វើការងារសំណង់ នៅក្រុងប៉ោយប៉ែត ជាមួយឪពុក លុះក្រោយមកបានសុំឪពុក ទៅលេងម្តាយ នៅឯស្រុក ដើម្បីយកអង្ករមកទុកដាំបាយហូបផង ស្រាប់តែអកុ សល ពេលធ្វើដំណើរតាមម៉ូតូ ១គ្រឿង តាមដងផ្លូវ បានបុកជាមួយរថយន្តទំនើប ១គ្រឿង បណ្តាលឱ្យស្លាប់ ទាំង៣នាក់ នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកសាលាក្រហម ស្ថិតក្នុងភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ទាំង៣នាក់ ដែលត្រូវរថយន្តបុកស្លាប់ រួមមាន ទី១-ឈ្មោះ ឆា ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបកម្មករសំណង់ មានលំនៅ ភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះច្រឹង រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបកម្មករសំណង់ មានលំនៅ ភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប  និងទី៣-ឈ្មោះឆា ដាវីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (ជាអ្នកបើកម៉ូតូ)។

តាមប្រភពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ សៀមរាប 1AO-2998 ជិះគ្នា ៣នាក់ បានធ្វើដំណើរក្នុងទិសដៅពីលិច មកកើត លុះមកដល់ត្រង់ចំណុចកើតហេតុ គេចពីឧបសគ្គ (ផ្លូវកំពុងជួសជុល)  ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តទំនើប ១គ្រឿង ម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8555 បើកបរលឿនទិសដៅក្នុងទិសដៅបញ្ច្រាសគ្នា ពីកើត មកលិច ពេញទំហឹង បណ្តាលឱ្យយុវជនរងគ្រោះជាអ្នកជិះម៉ូតូ ទាំង ៣នាក់ ស្លាប់នៅនឹងកន្លែង។

ប្រភពដដែល បន្តថា តាមការពិនិត្យនិងវាស់វែង ឃើញថា មូលហេតុគ្រោះថ្នាក់កើតឡើង បង្កដោយរថយន្តបើកបរលឿន។ ចំណែកម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន ទើបបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ទាំង៣នាក់  និងបណ្តាលឱ្យរថយន្ត និងម៉ូតូ ខូចខាតធ្ងន់។

ក្រោយធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញ បានអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ទាំង៣នាក់ ជាអ្នកធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ក្នុងនោះមានយុវជន ២នាក់ ជាបងប្អូនបង្កើត ដែលមុនពេលកើតហេតុ បានសុំឪពុកដែលកំពុងធ្វើការសំណង់ជាមួយ នៅក្រុងប៉ោយប៉ែត ដើម្បីមកលេងម្តាយ នៅឯស្រុក និងដើម្បីយកអង្ករ មកទុកដាំបាយហូបផង តែអកុសល ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ បណ្តាលឱ្យស្លាប់ទាំង ៣នាក់ នៅនឹងកន្លែងតែម្តង។

សពជនរងគ្រោះ ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅតម្កល់ទុកនៅវត្តស្វាយចាស់ ដើម្បីប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES