តារាសម្តែងដើមទ្រូងធំទ្រលុកទ្រលន់ អ្នកនាងកុល ដាវី ត្រូវបានលោកឧកញ៉ាហួត ជា ប្រកាសនៅចំពោះមុខស្វាមីរបស់នាង លោកសុខ រក្សា ថា លោកសូមស្បថ បើលោកជាសង្សាររបស់ដាវី ដូចការសង្ស័យមែននោះ។
ការអះអាងរបស់លោកឧកញ៉ាបែបនេះ ធ្វើឱ្យភ្ញៀវជាច្រើនដែលចូលរួមការប្រារឰខួប១០ឆ្នាំ របស់ក្រុមហ៊ុនហ៊ួត ជា កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោកសុខ រក្សា វិញ ក៏ធូរទ្រូងច្រើនដែរ។

លោកឧកញ៉ាហួត ជា ថ្លែងថា “មានអ្នកខ្លះថា ខ្ញុំនិងកុល ដាវី សង្សារគ្នា! ខ្ញុំសូមស្បថ បើមែននោះ! មូលហេតុដែលខ្ញុំជ្រើសរើសយកគាត់ជាតារាតំណាងឱ្យផលិតផលរបស់ខ្ញុំ ដោយសារគាត់សិចស៊ី ដើមទ្រូងធំ មាត់ធំ ស័ក្តិសមជាមួយផលិតផលរបស់យើង។ ឥឡូវថ្ងៃនេះជាខួបគម្រប់១០ឆ្នាំ នៃដំណើរការក្រុមហ៊ុនរបស់ខ្ញុំ ហើយខ្ញុំសូមប្រកាសថា ក្រុមហ៊ុនយើងនៅតែជ្រើសរើសនាងជាទូតសុច្ឆន្ទៈរបស់យើងតទៅទៀត”។

ការអះអាងរបស់លោកឧកញ៉ាហ៊ួត ជា នៅពេលនេះ ធ្វើឱ្យបណ្តាភ្ញៀវជាច្រើនដែលបានចូលរួមអស់ការសង្ស័យចំពោះដំណឹងថា លោកឧកញ៉ាជាគូស្នេហ៍របស់កុល ដាវី ទៀតហើយ ព្រោះថាលោកឧកញ៉ាចេញមុខស្បថប៉ុណ្ណឹងហើយ បើនៅតែមានគេសង្ស័យទៀត ទើបជារឿងចម្លែក។

ដោយឡែក កុល ដាវី ដែលឈរនៅជាប់លោកឧកញ៉ាវិញសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលលោកឧកញ៉ាកាន់ក្បាលមីក្រូប្រកាសបន្តផ្តល់ឱ្យនាងធ្វើជាតារាតំណាងឱ្យផលិតផលរបស់លោកតទៅទៀត ពិសេសគឺការបញ្ជាក់ថា លោកឧកញ៉ាមិនមែនជាសង្សាររបស់នាងនៅចំពោះមុខ សុខ រក្សា តែម្តង។

កុល ដាវី វាចាថា “ខ្ញុំសូមអរគុណដល់លោកឧកញ៉ា ដែលនៅជ្រើសរើសខ្ញុំជាតារាតំណាងឱ្យផលិតផលរបស់គាត់ទៀត។ ខ្ញុំសន្យាថា នឹងធ្វើខ្លួនឱ្យបានល្អមិនឱ្យមានរឿងអ្វីប៉ះពាល់ដល់សង្គមទេ ព្រោះបើខ្ញុំមានរឿងមិនល្អ លោកឧកញ៉ាក៏មិនហៅខ្ញុំធ្វើជាទូតសុច្ឆន្ទៈទៀតដែរ”។
ចំណែកលោកសុខ រក្សា វិញ បានប្រាប់អ្នកយកព័ត៌មានយើងថា “ខ្ញុំមិនដែលប្រចណ្ឌអូនកុល ដាវី ជាមួយលោកឧកញ៉ាទេ។ ខ្ញុំនិងគាត់រាប់អានគ្នាជាយូរណាស់មកហើយ។ យើងទាំងពីរចាត់ទុកលោកឧកញ៉ាដូចជាបងប្រុសបង្កើតអ៊ីចឹង”។

ក្រៅពីបានធូរចិត្ត ព្រោះលោកឧកញ៉ាប្រកាសបដិសេធស្នេហ៍នៅចំពោះមុខស្វាមីនោះ កុល ដាវី នៅតែស្លៀកពាក់លេងខ្លួនមិនចាញ់កាលនៅក្រមុំឡើយ។ នាងគ្រងឈុតស្តើងៗ ហើយចេញគល់ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យទាក់ទាញ ខណៈដែលសុខ រក្សា វិញ តាមសម្លឹងប្រពន្ធមិនដាក់ភ្នែកឡើយ។

ចំណែកលោកឧកញ៉ាហ៊ួត ជា វិញ បានឱ្យដឹងដែរថា សម្រាប់ផលិតផលល្បីៗនៅលើពិភពលោក គេត្រូវតែមានតារាតំណាងរបស់គេ ដូចជាក្រុមហ៊ុនរបស់លោកជ្រើសរើសយកកុល ដាវី នេះ លោកបានសិក្សាល្អិតល្អន់ណាស់ ហើយតាំងពីបាននាងមកធ្វើជាការងារនេះមក ពេលនេះក្រុមហ៊ុនកាន់តែកាក់កបខ្លាំងរហូតពេលនេះមានសាខាជាង៥០នៅទូទាំងប្រទេស ព្រមទាំងមានគម្រោងពង្រីកសាខាឱ្យបាន១០០ នៅឆ្នាំ២០២០ខាងមុខនេះ៕