ម៉ាក សែនសូនីតា បានដឹកដៃគូស្នេហ៍ថ្មី លោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្មAngkor Picture ទៅថត Pre-Wedding កាលពីពេលថ្មីៗនេះ បង្កឲ្យមានការចាប់អារម្មណ៍ជាច្រើនពីមហាជន។

ការដែលតូតា ដឹកដៃលោកនីត ថតឈុតកូនកំលោះក្រមុំនៅពេលនេះ គឺចំពេលដែលមានដំណឹងថា អ្នកទាំងពីរនឹងដឹកដៃគ្នារៀបការនៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ហើយដែលពេលនេះនៅសល់មិនដល់រយៈពេល៣ខែទៀតទេ ពួកគេនឹងក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ជាមិនខាន។

ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ តូតា បានធ្វើការច្រានចោលចំពោះដំណឹងលេចឭទាំងនេះ ដោយនាងអះអាងថា ពេលវេលារៀបការមិនទាន់សមស្របចំពោះនាងវិញទៅវិញ។

តូតា ដែលទើបដឹកដៃលោកនីត មកពីដើរកម្សាន្ដនៅប្រទេសអូស្រា្ដលី រយៈពេល១២ថ្ងៃនោះ អះអាងថា នាងនឹងរៀបការមែន តែមិនមែនឆ្នាំនេះទេ គឺនៅឆ្នាំ២០២៥ ពោលគឺរយៈពេល៥ឆ្នាំខាងមុខទៀត ទើបនាងរៀបការ។

ចំពោះមូលហេតុនៃការពន្យារពេលចូលរោងការនេះ ត្រូវបានតូតា បញ្ជាក់ថា ដោយសាតែនាងជាប់រវល់រឿងធ្វើជំនួញដកឃ្លាមិនរួច មិនមែនព្រោះតែរឿងបារម្ភខ្លាចរៀបការហើយ ធ្លាក់កូដលែងល្បីនោះទេ។

ម៉ាក សែនសូនីតា បានភ្ជាប់ស្នេហ៍ជាមួយលោកប៉ុល វិបូរ ហៅនីត បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយសង្សារក្មេង លោកទឹម នីដា។ ពេលនេះ តូតា ដាក់ទុនរកស៊ីធំជាមួយគូស្នេហ៍ ដូចជាបើកហាងផែសមុទ្រជាច្រើនសាខា ព្រមទាំងត្រៀមសម្ពោធទីតាំងកម្សាន្ដមួយនៅខេត្តកំពត ដែលសង់លើផ្ទៃដី៣ហិកតារ ចំណាយលុយអស់ជាង៣លានដុល្លារទៀតផង៕