អ្នកមេម៉ាយកែវ នីសា ត្រូវបានតារារួមអាជីពនាំគ្នាខ្សឹបខ្សៀវថា នាងដើរដល់ផ្លូវទាល់ច្រកហើយ បានជាវិលមករកអាជីពចាស់បែបនេះ ព្រោះបើមានគូស្នេហ៍ទ្រព្យស្តុកដូចមុននីសា ចូលចិត្តដើរលេងចាយលុយក្រៅស្រុកទិញអីវ៉ាន់ម៉ាកល្បីៗ មិនមែនវិលមករកប្រាក់ល្អិតបែបនេះឡើយ។

ទោះជាកែវ នីសា ត្រូវបានគេសង្ស័យថា នាងធ្លាក់ខ្លួនជាងមុនបន្តិចមែន ប៉ុន្តែគេកត់សម្គាល់ឃើញថា ស្រីស្អាតរូបនេះនៅតែហ៊ឺហាដដែល ដោយជិះរថយន្តទំនើបៗផ្លាស់ប្តូរជាញឹកញាប់ ហេតុនេះហើយបានជាមានអ្នកខ្លះថា នីសា លេងសិល្បៈ គ្រាន់តែកំដរអារម្មណ៍ប៉ុណ្ណោះ…។
ខណៈពេលដែលថ្មីៗនេះ តារាជាច្រើនបានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ ព្រោះតែកែវ សីហា , ប៉ែន ចំរ៉ុង និងសួស វីសា រៀបការបន្តកន្ទុយគ្នានោះ ស្រាប់តែបាត់មុខកែវ និសា ឱ្យសូន្យឈឹង គឺមិនឃើញអ្នកមេម៉ាយរូបស្រស់នេះទៅបង្អួតសម្រស់ បញ្ចេញស្បែកសខ្ចី និងដើមទ្រូងទ្រលុកទ្រលន់ដូចមុនទៀតឡើយ។

អ្នកសិល្បៈដែលជិតស្និទ្ធកែវ នីសា បានបង្ហើបឱ្យដឹងថា កែវ និសា អត់មានដៃគូក្នុងសិល្បៈណា ដែលនាងទុកចិត្តបណ្តើរគ្នាចូលរួមកម្មវិធីមិត្តភក្តិដូចមុនទេ ហេតុនេះហើយបានជានាងលែងចូលរួមកម្មវិធីពួកម៉ាក តែម្តង។
ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា កែវ នីសា អាចត្រូវបានគូស្នេហ៍ថ្មីហួងហួង បានជានាងសម្ងំ លាក់ខ្លួនមិនហ៊ានចូលរួមកម្មវិធីដូចមុនបែបនេះ។

ប្រភពនោះបានឱ្យដឹងថា តាំងពីវង្ស សុផាវណ្ណ ហៅកែវ នីសា ផ្តាច់ស្នេហ៍ប្រុសក្មេងលឹម ជាឡាយ មក បើទោះជាអ្នកមេម៉ាយរូបនេះប៉ះស្នេហ៍មន្ត្រីធំមានអំណាចម្នាក់នៅក្រសួងមហាផ្ទៃ ផ្អើលពេញផ្ទៃប្រទេសក្តី ប៉ុន្តែមន្ត្រីធំៗ រួមទាំងឧកញ៉ាផ្សេងៗទៀតបានសម្រុកគ្នាចូលមកប្រជែងស្នេហ៍នាង កាន់តែច្រើនទៅៗ ធ្វើឱ្យនិសា ពិបាកក្នុងការ ជ្រើសរើស។
យ៉ាងណា ក្នុងចំណោមមន្ត្រីធំៗទាំងនោះ គឺមានតែលោកធំ វ័យចំណាស់ម្នាក់ដែលបម្រើការនៅក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលតាមស្នេហ៍នាងយ៉ាងប្រកិតបំផុត ហើយអំឡុងពេលដែលប៉ះស្នេហ៍បុរសវ័យចំណាស់ម្នាក់នោះ នីសា បានឡើងកាលីពជិះរថយន្តទំនើប ម៉ាក AUDI និងពេលខ្លះគេឃើញនាង ជិះ Lexus LX570 ទៀតផង។

ប៉ុន្តែនៅពេលដែលនិសា ឬ សុផាវណ្ណ ហ៊ឺហាដល់កំពូលនោះ ស្រាប់តែក្រោយបាត់មុខពីចង្កោមអ្នកសិល្បៈមួយរយៈធំ នាងក៏លេចមុខមកវិញ ដោយចាប់ផ្តើមប្រមូលលុយល្អិតពីសិល្បៈឡើងវិញ ទើប ធ្វើឱ្យតារារួមអាជីពនាំគ្នាខ្សឹបខ្សៀវថា នីសា ធ្លាក់ខ្លួនហើយ។ ប៉ុន្តែយ៉ាងណា នីសា នៅតែកាលីពជិះរថយន្តទំនើបៗដូចមុនដដែល។

ទោះជាយ៉ាងណា តារាដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា បើសិនជាកែវ នីសា នៅតែស្និទ្ធស្នេហ៍មន្ត្រីធំម្នាក់នោះ ហើយនាងឆក់បានតំណែងជំទាវមែន ប្រហែលជានាងមិនវិលមករកអាជីពចាស់វិញនៅពេលនេះឡើយ។
កែវ នីសា មិនអាចទាក់ទងសុំយោបល់បានទេ កាលពីចុងសប្តាហ៍មុននេះ…៕