ខេមរៈ សិរីមន្ត ឱបភរិយាអ្នកនាងកុយ ផល្លី កាន់តែស្អិតល្មួតនៅពេលដែលព្រិលធ្លាក់កាន់តែខ្លាំងនៅប្រទេសបារាំង នារដូវនេះ ធ្វើឱ្យតារាចម្រៀងហង្សមាស មិនចង់ព្រលែងប្រពន្ធតែម្តង។ តារាខ្លះថា ខេមរៈ សិរីមន្ត ឆ្លាត ព្រោះទៅបារាំង រដូវនេះចំពេលធ្លាក់ព្រិល និងធ្លាក់ទឹកកកខ្លាំង ហើយបានយកប្រពន្ធទៅជាមួយ គឺដូចបានយកភួយសាច់ទៅអ៊ីចឹងដែរ តែបើទៅម្នាក់ឯងវិញ ច្បាស់ជាលោកប៊ុនថៃ រងាពិបាកទ្រាំជាមិនខានឡើយ។

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ត បានចេញទៅបារាំង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ជាមួយតារាចម្រៀងរួមទ្រនំ ចំរើន សុភ័ក្រ ដើម្បីទៅច្រៀងសម្តែងកម្មវិធីមួយនៅទីនោះក្នុងថ្ងៃគ្រីសស្មាស ប៉ុន្តែខេម ប៊ុនថៃ ហៅសិរីមន្ត បានឆ្លៀតដឹកដៃប្រពន្ធទៅជាមួយដែរ ដើម្បីសាងអនុស្សាវរីយ៍ស្នេហ៍ បន្ថែមទៀតឱ្យបានកាន់តែរឹងមាំ។

ក្នុងឈុតដោះអាវចេញអស់ដើម្បីបង្ហាញសាច់ដុំ និងរូបសាក់សត្វខ្លានៅចង្កេះ ខេមរៈ សិរីមន្ត រងាឡើងញ័រនៅពេលឈរលើព្រិល និងទឹកកកកំពុងធ្លាក់ ប៉ុន្តែក្រោយមកត្រូវបានប្រពន្ធយកអាវទៅគ្របភ្លាមៗដើម្បីកុំឱ្យប្តីនាងរងាខ្លាំងពេក។

ក្រោយសប្បាយមួយអស់ដៃនៅបារាំងនេះ ខេមរៈ សិរីមន្ត នឹងដឹកដៃភរិយាកូន៣ មកស្រុកវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយអតីតតារាចម្រៀងសាន់ដេ រូបនេះ នឹងត្រៀមចេញច្រៀងសម្តែងជាច្រើនទៀតនៅស្រុកកំណើត ដោយមានកម្មវិធីមួយចំនួនគេបានកក់សិរីមន្ត អស់ទៅហើយ។

ថ្វីត្បិតតែខេមរៈ សិរីមន្ត កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្រពន្ធ ទាំងក្នុងនិងក្រៅស្រុកនៅឆ្នាំ២០១៩នេះក្តី ប៉ុន្តែអតីតតារាសាន់ដេ រូបនេះ នៅមិនទាន់ប្រកាសថ្ងៃដឹកដៃប្រពន្ធរៀបការតាមប្រពៃណីខ្មែរជាចំហទេ បន្ទាប់ពីកុហក និងលាក់រឿងប្រពន្ធកូនជាមួយអ្នកកាសែត និងមហាជនអស់៩ឆ្នាំមក។

សិរីមន្ត ធ្លាប់អះអាងថា រូបគេបានរៀបការម្តងរួចទៅហើយ កាលពីឆ្នាំ២០០៩ ប៉ុន្តែមិនដឹងថា លោក ប៊ុនថៃ និយាយមែន ឬកុហកទៀតនោះឡើយ ព្រោះគ្មានរូបថតអាពាហ៍ពិពាហ៍មួយសន្លឹកដែលសិរីមន្ត និងប្រពន្ធ ហ៊ានបញ្ចោញដូចព្រាប សុវត្ថិ និងភរិយា ទេ៕
