តូតា បានដឹកដៃ លោកនីត ដែលជាថៅកែផលិតកម្ម Angkor Picture ទៅថតរូប Pre-Wedding កាលពី ពេលថ្មីៗនេះ ខណៈដែលសំបុត្រការវិញ នាងនិងគូស្នេហ៍បានត្រៀមហៅតារាជាច្រើនរយនាក់រួចជាស្រេចទៅហើយ ខណៈដែលសម្អាងការនោះ តូតា ជួលហាងដល់ទៅ៣ផ្សេងគ្នា ព្រោះរាល់ការប្រើប្រាស់កម្មវិធីផ្សេងៗ គឺនាងស្លៀកឈុតសម្អាងការផ្សេងគ្នាៗទាំងអស់។

ប៉ុន្តែយ៉ាងណា នៅពេលដែលសួររឿងរៀបមង្គលការនេះ ម៉ាក សែនសូនីតា នៅតែព្យាយាមលាក់បាំងដដែល បើទោះជាពួកគេទៅថតរូបតាំងរោងការរួចទៅហើយក្តី។
តូតា ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា នាងមិនមែនរៀបការឆ្នាំនេះទេ ព្រោះពេលនេះ នាងទើបមានអាយុ២៤ឆ្នាំ គឺត្រូវការរយៈពេល៥ឆ្នាំទៅមុខទៀតទើបរៀបការ មានន័យថា ឆ្នាំ២០២៥ នឹងគ្រងឈុតកូនក្រមុំមែនទែន។

ទោះជាយ៉ាងណា ការអះអាងរបស់តូតា នៅពេលនេះ មិនត្រូវបានគេជឿជាក់ច្រើនឡើយ ព្រោះថា នេះអាចគ្រាន់តែស្រីស្អាតចង់លាក់លៀមដើម្បីឱ្យមានការភ្ញាក់ផ្អើលប៉ុណ្ណោះ ព្រោះមិនដែលមានអ្នកណាថតតាំងរោងការ ហើយរង់ចាំ៥ឆ្នាំទៀតទើបរៀបការនោះទេ។

ម៉ាក សែនសូនីតា បានជាប់ទ្រុងស្នេហ៍ថៅកែផលិតកម្ម Angkor Picture ពោះម៉ាយប៉ុល វិបូរ ហៅនីត ក្រោយពេលនាងបានតំណែងជាតួឯករឿង “ចន្ទ្រា” ដែលចំណងស្នេហ៍ខុសវ័យនេះ តូតា និងលោកនីត ពិសោធន៍ចិត្តគ្នាជាច្រើនខែ ទើបឈានមកដល់ការកំណត់វេលាត្រូវចូលរោងការ។
ការត្រៀមដឹកដៃលោកថៅកែរៀបការនៅពេលនេះរបស់តូតា ច្បាស់ជាធ្វើឱ្យគូស្នេហ៍ចាស់នាង គឺប្រុសក្មេងទឹម នីដា មានការតក់ស្លុតកាន់តែខ្លាំង បើទោះជាតារាសម្តែងទឹម រដ្ឋា បានអះអាងថា ពេលនេះប្អូនប្រុសរបស់នាងកាត់ចិត្តពីតូតា បានទៅហើយក្តី។

ដោយឡែក ក្រោយរៀបអាពាហ៍ពិពាហ៍រួច តូតា នឹងក្លាយទៅជាថៅកែស្រីផលិតកម្ម Angkor Pictureហើយពេលនោះនាងចង់ជ្រើសរើសតួសម្តែងណាធ្វើជាតួឯក គឺអាចធ្វើបានតាមចិត្តចង់។
គួរបញ្ជាក់ថា ម៉ាក សែនសូនីតា ធ្លាប់ជំពប់ស្នេហ៍ជាមួយប្រុសអ្នកមានជាច្រើនលើកមកហើយ មុនពេលប៉ះស្នេហ៍លោកថៅកែពោះម៉ាយ រហូតដល់កំណត់ពេលវេលារៀបការនេះ។

តូតា លេចឮថា មានសង្សារជាលោកឧកញ៉ាមេធាវី, ថៅកែសណ្ឋាគារ និងមន្ត្រីធំ២នាក់ផ្សេងទៀតជាដើម។ ប៉ុន្តែដំណឹងទាំងនេះត្រូវបានតូតា ច្រានចោល ហើយស្រាប់តែចុងក្រោយនាងត្រៀមខ្លួនធ្វើជាភរិយាស្របច្បាប់របស់លោកថៅកែផលិតកម្ម ដោយផាត់ចោលប្រុសៗទ្រព្យស្តុកខាងលើទៅវិញ។
តូតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា តំណែងជំទាវមិនសំខាន់ឡើយសម្រាប់នាង ហើយបើនាងចង់បាន ពិតជាមិនពិបាកមែន។ ប៉ុន្តែនាងត្រូវការបុរសម្នាក់ចេះយល់ចិត្តនាងច្បាស់លាស់។

តូតា ទទួលស្គាល់ថា ពិតជាធ្លាប់ទាក់ទងគ្នាជាមួយលោកទឹម នីដា មែន ប៉ុន្តែនាងមិនបានសន្យារឿងអ្វីមួយទេ ព្រោះនាងមានជម្រើសស្នេហ៍ច្រើនដែរ ហើយពេលនេះនាងច្បាស់១០០%ទៅហើយថា នឹងរៀបការជាមួយលោកនីត នៅពេលសមស្របណាមួយ៕