Sunday, September 21, 2025
Homeតារាខ្មែរកែវ សុបញ្ញា បណ្តើរសង្សារទៅមើលកុន

កែវ សុបញ្ញា បណ្តើរសង្សារទៅមើលកុន

តារាចម្រៀងផលិតកម្មរស្មីហង្សមាស កែវ សុបញ្ញា ដែលទើបប្រកែកឡើងរួយមាត់រឿងគេសង្ស័យថា នាងមានសង្សារប្រុសក្មេង ព្រោះគេធ្លាប់ប្រទះឃើញនាងមានភាពស្និទ្ធស្នាលគ្នាប្លែកជាមួយបុរសម្នាក់នោះ ស្រាប់តែកាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ស្រីស្រស់រូបនេះបែរជាបណ្តើរប្រុសនោះជាចំហទៅមើលកុននៅរោងភាពយន្ត Eden Garden។

តាមរយៈសកម្មភាពរបស់សុបញ្ញា និងបុរសនោះ មើលទៅយល់ចិត្តគ្នាច្បាស់ណាស់ គឺកៀកកើយគ្នា ដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។

ទោះជាយ៉ាងណា សុបញ្ញា បាននិយាយប្រាប់អ្នកកាសែតថា បើបុរសនោះជាប្រុសស្នេហ៍នាងមែន គឺនាងមិនបណ្តើរជាចំហឱ្យគេឃើញងាយៗជាដាច់ខាត ច្បាស់ជាលាក់មិនឱ្យគេស្គាល់នោះទេ។ នាងថា មនុស្សស្រីដូចនាង មិនងាយបង្ហាញមុខគូស្នេហ៍ជាចំហដូចគេគិតឡើយ។

ថ្វីត្បិតតែកែវ សុបញ្ញា ថាប្រុសដែលស្អិតល្មួតជាមួយនាងនោះ មិនមែនជាកំពូលស្នេហ៍ក្តី ប៉ុន្តែនាងបែរជាវាចាថា បុរសនោះជាមនុស្សពិសេសរបស់នាងទៅវិញ ទើបធ្វើឱ្យមានការច្របូកច្របល់កាន់តែខ្លាំង ព្រោះមិនដឹងថា មនុស្សពិសេស និងគូស្នេហ៍នោះ បញ្ញា បែងចែកឱ្យខុសគ្នាយ៉ាងណានោះទេ។

ក្រុមអ្នកគាំទ្រតារាចម្រៀងចូលចិត្តញញឹមមានមន្តស្នេហ៍ សុបញ្ញា បានជំរុញឱ្យស្រីស្រស់រូបនេះ សារភាពស្នេហ៍ត្រង់ៗទៅ លាក់លៀមដល់ណាទៀត ព្រោះថាពេលនេះមិត្តភក្តិរបស់នាងសុទ្ធតែ មានគូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ខណៈដែលបញ្ញា វិញ ឆ្នាំនេះវ័យ២៨ឆ្នាំ ល្មមដល់ពេលវេលាចូលរោងការដែរ ប៉ុន្តបើពន្យារពេលសារភាពតទៅទៀត ច្បាស់ជាពួកម៉ាករៀបការចោលអស់ជាមិនខានឡើយ ។

គួរបញ្ជាក់ថា មុនកែវ សុបញ្ញា សម្រេចចិត្តបង្ហាញមុខគូស្នេហ៍នៅពេលនេះ នាងបានដាក់ទុនរកស៊ីធំ ដោយចំណាយលុយអស់១០ម៉ឺនដុល្លារ បើកហាងផាប់មួយនៅក្រុងតាខ្មៅ។

សុបញ្ញា បានច្រានចោលចំពោះការសង្ស័យថា នាងមានគូស្នេហ៍ជួយឧបត្ថម្ភ ហើយពេលនេះនាងបែរជាព្រមបង្ហាញមនុស្សពិសេសក្នុងបេះដូងរបស់នាង ដែលធ្វើឱ្យរឿងគេធ្លាប់សង្ស័យថា ស្រីស្អាតរូបនេះជាសង្សាររបស់តារាចម្រៀងសំ សុវណ្ណារ៉ាក់ ត្រូវបញ្ចប់៕

RELATED ARTICLES