តារាល្បីៗរបស់សាន់ដេ ជាច្រើនដួងសុទ្ធតែជាមុខសញ្ញាអូសទាញរបស់ផលិតកម្មហង្សមាស ដែលក្នុងនោះផលិតកម្មធំមួយនេះយកបានតារាសំខាន់៣ដួងរបស់ផលិតកម្មនេះមកហើយ គឺខេមរៈ សិរីមន្ត, សុខ ស្រីនាង និងនីកូ ខណៈដែលអ៊ីវ៉ា វិញ បានសម្រេចចិត្តចុងក្រោយមិនទៅហង្សមាស ឡើយ គឺសុខចិត្តក្រាញនៅ ទ្រនំចាស់បន្តទៀត។

ដោយឡែក សម្រាប់តារាចម្រៀងស្នួលសំខាន់របស់សាន់ដេ កញ្ញាសុខ ពិសី វិញ បានសារភាពថា នាងត្រូវបានផលិតកម្មធំៗមួយចំនួនធ្លាប់ទាក់ទងដែរ ប៉ុន្តែពិសី មិនបញ្ជាក់ថា ផលិតកម្មនោះឈ្មោះអ្វីទេ គ្រាន់តែថាមានគេទាក់ទង ប៉ុន្តែនាងថា មិនមានគម្រោងដើរចេញពីសាន់ដេ នោះទេ ហើយអាចបន្តច្រៀងដោយគ្មានដែនកំណត់។

ការវាចារបស់ស្រីស្អាតសុខ ពិសី នៅពេលនេះត្រូវបានគេលើកឡើងថា មកពីតារាដែលមានសាច់សដូចបណ្តូលចេករូបនេះត្រូវបានផលិតកម្មសាន់ដេ ចងជើងជាប់ទៅហើយ តាមរយៈថៅកែវ័យក្មេង លោកឡាយ សុខចំរើន ជាគូស្នេហ៍របស់ពិសី ហេតុនេះហើយទើបធ្វើឱ្យអតីតតារាចម្រៀងផលិតកម្ម KH និង Nice Star រូបនេះ មិនអាចនឹងរើបង្វេចទៅផលិតកម្មផ្សេងបានជាដាច់ខាត ដូចជាថ្មីៗនេះ ពិសី ត្រូវសាន់ដេ ធ្វើខួបកំណើតឱ្យកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជាដើម។

ប៉ុន្តែអ្នកគាំទ្រសុខ ពិសី វិញ ពួកគេនិយាយថា ពិសី ជាតារាចម្រៀងសំខាន់របស់សាន់ដេ ហើយនៅទ្រនំនេះនាងកំពុងសុខសប្បាយ អ៊ីចឹងការផ្លាស់ប្តូរទ្រនំមិនមែនជាជម្រើស និងពេលវេលាសម្រាប់ នាងទេនៅពេលនេះ។

បើទោះជារឿងស្នេហារបស់សុខ ពិសី និងលោកឡាយ សុខចំរើន បានលេចឮពេញចង្កោមអ្នកសិល្បៈ និងខ្ចរខ្ចាយដល់មហាជនក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកទាំង២មិនដែលសារភាពស្នេហ៍ឡើយ ដែលខុសពីចំណងស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ពួកគេហ៊ានរៀបការជាចំហ និងយកកូនភ្លាមៗតែម្តង។

ប៉ុន្តែចំពោះពិសី វិញ នាងមិនទាន់ហ៊ានលាតត្រដាងស្នេហ៍ និងដាក់ផែនការចូលរោងការនៅពេលណាឱ្យច្បាស់លាស់ ទេ។ ពិសី ថា នាងចង់ផ្តោតលើអាជីពច្រៀង និងមុខរបរក្រៅសិល្បៈសិន ទើបគិតគូររឿងរៀបការតាមក្រោយ៕
