Sunday, September 21, 2025
Homeតារាខ្មែរមាស សុខសោភា ធ្វើឲ្យ​ថៅកែរីករាយ លែងព្រួយបារម្ភ

មាស សុខសោភា ធ្វើឲ្យ​ថៅកែរីករាយ លែងព្រួយបារម្ភ

មាស សុខសោភា ធ្លាប់ពាក់ព័ន្ធក្នុងការផ្លាស់ទៅទ្រនំថ្មីហង្សមាស ដែលស្ទើរតែធ្វើឱ្យតារាចម្រៀងរូបនេះក្លាយទៅជាសមាជិករបស់ផលិតកម្មនេះទៅហើយ កាលពីដើមឆ្នាំ២០១៩។

តាមព័ត៌មានថា អ្នកខ្វាយខ្វល់ជាងគេគឺម្ចាស់ផលិតកម្មថោន ព្រោះមាស សុខសោភា ច្រៀងមិនមានកុងត្រាឱ្យថោន នោះទេ ហើយបើនាងចង់ចេញទៅផលិតកម្មណាបានតាមចិត្តចង់ ខណៈដែល លោកវិញមិនចង់ឱ្យបាត់បង់តារាចម្រៀងសំខាន់របស់លោកទៅដៃគូប្រជែងឡើយ ព្រោះថោន បើអត់មានវត្តមានសោភា ទេ ផលិតកម្មមួយនេះស្រាលគីឡូក្នុងការប្រជែងជាមួយហង្សមាស។

ប៉ុន្តែអ្វីៗមានការប្រែប្រួលនៅពេលដែលមាស សុខសោភា ចេញទៅច្រៀងសម្តែងនៅកាណាដា ដល់ទៅ៦ខែ ហើយទើបវិលវិញកាលពីចុងឆ្នាំ២០១៩នេះ ស្រាប់តែពេលនេះ សោភា ហាក់គ្មានអារម្មណ៍ក្នុងការផ្លាស់ប្តូរទ្រនំទៀតឡើយ។ នេះបើយោងតាមការបង្ហើបពីបុគ្គលិកសំខាន់របស់ថោន ប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះ។

ប្រភពនោះបានឱ្យដឹងថា សោភា មានផលិតកម្មផ្ទាល់ខ្លួន Camtrax ហើយនាងច្រៀងឱ្យថោន ផង ដោយថៅកែផលិតកម្មមិនបានហាមឃាត់នាងក្នុងការធ្វើបទចម្រៀងនោះទេ។ ប៉ុន្តែ បើនាងចូលហង្សមាស វិញ ប្រាកដជាត្រូវជាប់កុងត្រា ហើយមិនអាចច្រៀងផលិតកម្មផ្ទាល់ខ្លួនបានតាមចិត្តដូចពេលនេះឡើយ។

បុគ្គលិករូបនោះបញ្ជាក់ថា ចំណុចសំខាន់មួយទៀត មាស សុខសោភា មានបងប្រុសកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន គឺលោកមាស សុខរតនៈ ហេតុនេះហើយបើនាងចេញពីថោន ទៅចូលហង្សមាស តើតំណែងធំរបស់បងប្រុសនាងមានសុវត្ថិភាពឬអត់ ?

ថ្វីត្បិតតែមានការលើកឡើងបែបនេះក្តី ប៉ុន្តែមានកត្តាជាច្រើនទៀតដែលសោភា ស្ទាក់ស្ទើរក្នុងការចូលហង្សមាស ដូចជាអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនបានទូរស័ព្ទទៅទប់ស្កាត់នាងមិនឱ្យចូលទ្រនំធំនោះ ដោយពួកគេបានឱ្យយោបល់ថា នាងអាចនឹងមិនត្រូវបានគេលើកឱ្យខ្ពស់ជាងឱក សុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែឡើយ និងខ្លះទៀតថា សោភា អាចដើរតាមគន្លងរបស់ខេមរៈ សិរីមន្ត ព្រោះ ហង្សមាស មិនឱ្យសិរីមន្ត លើព្រាប សុវត្ថិ ជាដាច់ខាត។

ដោយសារតែមានអ្នកខ្សឹបដាក់ត្រចៀកនូវយោបល់ខុសៗគ្នា ទើបធ្វើឱ្យសោភា ស្ងប់ស្ងាត់រឿងចង់ចេញពីថោន ចូលហង្សមាស ទើបធ្វើឱ្យថៅកែផលិតកម្មថោន រីករាយឡើងវិញ ព្រោះតារាល្បីល្បាញរបស់លោកនៅតែបន្តរួមរស់ទ្រនំរបស់លោកតទៅទៀត។

ប៉ុន្តែអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន លោកករុណា ពេជ្រ និងស្រីស្អាតរ៉ាប៊ី ធ្លាប់បានអះអាងស្រដៀងគ្នាថា ផលិតកម្មថោន មិនដែលហួងហែងឬខ្លាចតារាណាចេញនោះទេ គឺលោកថៅកែគោរពនូវការសម្រេចចិត្តរបស់តារារបស់លោកគ្រប់គ្នាជានិច្ច។ រ៉ាប៊ី ថា ដូចជារូបនាងជាដើម បើចង់ចេញវិញ ថៅកែមិនហាមឃាត់នោះទេ។

ចំណែកលោកករុណា ពេជ្រ វិញថា តារាចុះកុងត្រា ឬមិនចុះ មិនសំខាន់ទេ សំខាន់បើគេមិនមានអារម្មណ៍ធ្វើការតទៅទៀតហើយ ទោះជាឃាត់យ៉ាងណាក៏មិនឈ្នះដែរ។

មាស សុខសោភា ធ្លាប់អះអាងប្រាប់អ្នកយកព័ត៌មានយើងថា រឿងចូលផលិតកម្មរស្មីហង្សមាស នោះ នាងត្រូវការពេលវេលាគិតឱ្យបានល្អិតល្អន់សិន ទើបសម្រេចចិត្តតាមក្រោយ។ នាងថា ពិតជាមានមិត្តភក្តិនៅហង្សមាស ចង់ឱ្យនាងទៅច្រៀងនៅទីនោះមែន។

ដោយឡែក ទាក់ទងរឿងចូលរោងការវិញ សោភា ដែលសាងស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា ១១ឆ្នាំទៅហើយនោះ មិនទាន់កំណត់ពេលវេលាចូលរោងការច្បាស់លាស់ទេ តែនាងថាអាចមានដំណឹងល្អឆាប់ៗនាពេលខាងមុខនេះ៕

RELATED ARTICLES