Sunday, September 21, 2025
Homeតារាខ្មែរប៉ាច គីមមួយ ប្រកែកឡើងរួចមាត់ តែស្និទ្ធសយ រតនៈ លើសដើម

ប៉ាច គីមមួយ ប្រកែកឡើងរួចមាត់ តែស្និទ្ធសយ រតនៈ លើសដើម

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គីមមួយ ធ្លាប់ត្រូវបានគេសង្ស័យថា នាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង សយ រតនៈ ហើយពួកគេគ្រោងនឹងដឹកដៃគ្នាចូលរោងការថែមទៀតផង ប៉ុន្តែកន្លងមក គីមមួយ ធ្លាប់ប្រកែក ខណៈដែលថ្មីៗនេះស្រីស្អាតរូបនេះត្រូវមិត្តភក្តិហៅថាជាសង្សាររតនៈ ពេញៗមាត់ ទើបធ្វើឱ្យតារាចម្រៀងហង្សមាសរូបនេះ ពិបាកលាក់លៀមតទៅទៀត…។

ប៉ាច គីមមួយ បង្ហាញភាពល្អូកល្អិនជាមួយប្រុសក្មេង សយ រតនៈ ជាចំហក្នុងកម្មវិធីមង្គលការសួស វីសា ដូចជាពួកគេជិះរថយន្តជាមួយគ្នាតែពីរនាក់ ហើយដឹកដៃគ្នាថតរូបបែបគូស្នេហ៍ពេញសាលកម្មវិធីដែលមើលទៅសកម្មភាពរបស់គីមមួយ មិនខុសពីប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីនោះទេ។

ដោយឡែក មិត្តភក្តិរបស់ស្រីស្រស់សាច់ដូចបណ្តូលចេក គីមមួយ បានហៅតារារូបនេះថាជាសង្សាររបស់រតនៈ ពេញៗមាត់តែម្តង ដែលម្តងនេះធ្វើឱ្យគីមមួយ ពិបាកនឹងប្រឹងប្រកែកតទៅទៀតបាន។

គីមមួយ អេះអុញនៅពេលដែលត្រូវមិត្តរួមអាជីពសរសើរថា នាងនិងរតនៈ ស័ក្តិសមគ្នា ហើយពួកគេថែមទាំងជំរុញឱ្យស្រីស្រស់ប្រុសសង្ហាឆាប់ចូលរោងការដូចវីសា និងថមមី ទៀតផង ប៉ុន្តែគីមមួយ មិនបានផ្តល់ចម្លើយតបឡើយ គឺមានតែអឹមអៀមៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប៉ាច គីមមួយ ធ្លាប់ មានស្វាមីជាតារាចម្រៀងម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងជាភាសាបរទេស ប៉ុន្តែចំណងស្នេហានេះបានប្រេះឆាកណ្តាលផ្លូវទៅវិញ ដោយលេចឮថា គូស្នេហ៍នាងពូកែប្រចណ្ឌខ្លាំងពេក។

គីមមួយ មិនចូលចិត្តឱ្យគេរំលឹករឿងស្នេហ៍ចាស់ទេ ប៉ុន្តែជាញឹកញាប់នាងបែរជាថ្លែងសារបែបខូចចិត្តតែម្នាក់ឯងយ៉ាងស្រងូតស្រងាត់ ហាក់ដូចជាបេះដូងនៅមិនទាន់ព្យាបាលជាសះស្បើយនៅឡើយ។ ប៉ុន្តែគីមមួយ ក៏មិនខ្លាចក្នុងការភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកចម្រៀងទៀតដែរ ប៉ុន្តែពេលនេះនាង ត្រូវការស្វែងយល់ចិត្តថ្លើមប្រុសក្មេង រតនៈ ឱ្យបានច្បាស់លាស់ថែមទៀត ទើបសម្រេចចិត្តរៀបការតាមក្រោយដើម្បីចៀសវាងការដើរជាន់ដានស្នេហ៍ចាស់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ នៅពេលដែលអ្នកនាងប៉ាច គីមមួយ និងរតនៈ កាន់តែបង្ហាញស្នេហ៍ស្និទ្ធខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ ស្រាប់តែធ្វើឱ្យមន្ត្រីធំៗដែលធ្លាប់ប្រជែងគ្នាសុំស្អំរបួសបេះដូងស្រីស្អាតនោះ បានខ្ទាតចេញអស់ព្រមគ្នាតែម្តង។

ការបរាជ័យដណ្តើមបេះដូងប៉ាច គីមមួយ មិនមែនមន្ត្រីធំៗទាំងនោះខ្លាចប្រឡេះនាងមិនចេញពីសយ រតនៈ ឡើយ ប៉ុន្តែមកពីគីមមួយ បានប្រកាសទុកមុនទៅហើយថា នាងមិនមានអារម្មណ៍ស្នេហាប្រុសវ័យចំណាស់ទេ ពោលគឺចាប់ពីអាយុ៤០ឆ្នាំឡើង នាងថា មិនបេតីឡើយ ទោះជាមានទ្រព្យច្រើនយ៉ាងណាក៏ដោយ៕

RELATED ARTICLES