តារាចម្រៀង Original Songs អេដា ម្ចាស់បទ ”ទីនេះមានមនុស្សខូចចិត្ត”, ”មានអ្នកថែឬនៅ?”… បានចាប់ដៃសង្សារបើកសម្ពោធហាងសាខាទី២នៅទួលគោក ផ្លូវលេខ៥៩០ ប្រភេទ Fast Food ឈ្មោះ Tacos កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលហាងនេះមានសាខាទី១ នៅក្រោយធនាគារ ABA បឹងកេងកង។

អេដា បានឲ្យដឹងថា នាងនឹងបើកហាងនេះមួយទៀតនៅឆ្នាំ២០២០ខាងមុខនេះ ខណៈដែលអតិថិជនទូទៅអាចទិញ Franchise ពីហាងនាងបាន ដោយពួកគាត់ចំណាយប្រាក់ត្រឹមតែពី៥ទៅ៦ពាន់ដុល្លារតែប៉ុណ្ណោះ។

នេះជាមុខរបរថ្មីមួយទៀតរបស់អេដា ដែលនាងដាក់ទុនជាមួយគូស្នេហ៍សម្រាប់មុខជំនួញ ដែលអាចរកប្រាក់ចំណូលបានក្រៅពីអាជីពសិល្បៈ ហើយនាងថាការដំណើរការហាងទាំង២នេះបាន គឺចំណាយលុយអស់ខ្ទង់៨ម៉ឺនដុល្លារមកហើយ។

អេដា បន្តថា សម្រាប់រូបនាងមិនមែនជា ”សត្រូវនៃលុយ” ទេ អីចឹងត្រូវតែបង្កើតមុខរបរសម្រាប់ជាលំនឹងមួយក្រៅពីសិល្បៈ ព្រោះនាងមិនអាចច្រៀងអស់១ជីវិតបាននោះទេ។

ដោយឡែក ទាក់ទងអាជីពចម្រៀងវិញ នាងថា ត្រៀមចេញបទថ្មីៗ២ទៅ៣បទ នៅដើមឆ្នាំ២០២០ ខាងមុខនេះ ប៉ុន្តែការជោគជ័យកម្រិតណានោះ នាងថា មិនហ៊ាននិយាយទុកមុនឡើយ។

ទាក់ទងរឿងរៀបការវិញ អេដា បានឲ្យដឹងថា ដោយសារតែពេលនេះនាងបានចំណាយទុនរកស៊ីអស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារទៅហើយ អីចឹងនាងត្រូវតែប្រឹងរកលុយមកវិញសិន ទើបគិតគូររឿងរៀបការតាមក្រោយ។

អេដ បញ្ជាក់ថា ”ខ្ញុំនិងគាត់ (សង្សារ) បានស្រលាញ់គ្នា២ឆ្នាំកន្លះមកហើយ។ ខ្ញុំធ្លាប់ទៅលេងប៉ាម៉ាក់គាត់នៅអាមេរិក ពួកយើងយល់ចិត្តគ្នាអស់ហើយ។ ថ្មីៗនេះតារាយើងរៀបការច្រើន អីចឹងខ្ញុំឲ្យគាត់រៀបការសិនចុះ ចាំខ្ញុំរៀបការម្ដងហៅគាត់មកវិញដែរហើយ។ ខ្ញុំអាចគិតគូររឿងរៀបការនៅចុងឆ្នាំ២០២០នេះហើយ”។

អេដា សង្ឃឹមថា មុខរបរថ្មីរបស់នាងមួយនេះនឹងមានអតិថិជនគាំទ្រច្រើនទាំងភ្ញៀវខ្មែរនិងបរទេស។ នាងថា ការពង្រីកមុខជំនួញនៅពេលនេះ ក៏ជាសញ្ញាមួយមុនពេលដែលនាងរៀបការ គឺត្រូវតែមានមុខរបរមួយក្រៅពីសិល្បៈសិនផងដែរ៕
