បេក្ខជនកុមារាភឿន សុភាព អាយុ១៥ឆ្នាំ មកពីខេត្តកំពង់ចាម បានក្លាយទៅជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី១របស់ក្រុមហ៊ុនហង្សមាស ដែលកម្មវិធីប្រលងចម្រៀងមួយនេះឈានមកវគ្គផ្តាច់ព័ត្រកាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
ភឿន សុភាព បានយកឈ្នះបេក្ខភាព៣រូបផ្សេងទៀតនៅវគ្គចុងក្រោយ គឺកុមារីឈួន ស្រីណង មកពីខេត្តព្រៃវែង, កុមារីរ៉ន រ៉ានី មកពីខេត្តបាត់ដំបង និងកុមារាមកពីខេត្តព្រៃវែង អាត វិសាល ។

ភឿន សុភាព ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន១០០លានរៀល និងក្លាយជាតារាចម្រៀងចុះកុងត្រារបស់ផលិតកម្មរស្មីហង្សមាស ផងដែរ ហើយនៅរាត្រីដែលរូបគេលើកពាននេះមានការអញ្ជើញចូលរួមពីឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស ផងដែរ។

សុភាព បានប្រាប់អ្នកកាសែតថា រូបគេពិតជារំភើបគ្មានអ្វីប្រៀបបានឡើយ ពេលដែលក្លាយជាម្ចាស់ពានក្នុងកម្មវិធីមួយនេះ។

ដោយឡែក ឪពុករបស់ភឿន សុភាព បានប្រាប់អ្នកកាសែតថា សុភាព ចេះច្រៀងតាំងពីអាយុ៣ឆ្នាំម៉្លេះ ហើយគេជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់សុទ្ធតែប្រុសទាំងអស់។ បច្ចុប្បន្ន សុភាព កំពុងរៀននៅថ្នាក់ទី១១ នៃវិទ្យាល័យមួយនៅខេត្តកំពង់ចាម។

ឪពុករបស់សុភាព បានអះអាងថា រូបលោកក៏ជាតារាចម្រៀងភ្លេងការម្នាក់ផងដែរ ហើយអ្វីដែលលោកមិនអស់ចិត្តនោះ គឺមិនបានជូនកូនមកប្រលងដោយផ្ទាល់តាំងពីវគ្គដំបូងនោះទេ ដោយសារតែលោកជាប់រវល់ច្រៀងការគេ គឺឱ្យតែបងប្រុសគេជូនមក ទើបតែនៅថ្ងៃផ្តាច់ព្រ័ត្រនេះ លោកបានមកមើលកូន ស្រាប់តែកូនប្រុសធ្វើឱ្យឪពុករំភើបខ្លាំងណាស់ ព្រោះលើកពានបានដូចបំណងប្រាថ្នាមែន។

ឪពុកភឿន សុភាព បន្ថែមថា ចំពោះប្រាក់រង្វាន់១០០លានរៀលនេះ លោកទុកឱ្យកូនប្រុសយកទៅផ្គត់ផ្គង់ការសិក្សារបស់គេដើម្បីឱ្យបានរៀនសូត្រខ្ពង់ខ្ពស់តទៅមុខទៀត។

គួរបញ្ជាក់ថា ការរកបានម្ចាស់ពានថ្មី ភឿន សុភាព ពីកម្មវិធី Cambodian Idol Junior រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស នៅពេលនេះ គឺក្រោយគ្នាតែជាង១ខែប៉ុណ្ណោះ ដែលហង្សមាស ទើបតែរកបានម្ចាស់ពាន X Factor Cambodia រដូវកាលទី១ ចាន់ សុបញ្ញា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះ បញ្ញា ទើបចេញចម្រៀងបាន១បទ តែឥឡូវម្ចាស់ពានថ្មីបានមកដល់ម្នាក់ទៀតទៅ ហើយ ទើបធ្វើឱ្យម្ចាស់ពានចាស់ៗចាប់ផ្តើមប្រឈមការស្ងប់ស្ងាត់កាន់តែខ្លាំងទៅៗ ដូចជា នី រតនា និងថែល ថៃ ជាដើម៕