Sunday, September 21, 2025
Homeតារាខ្មែរភិន សុដាលីស ស្រងូតស្រងាត់ប្លែក

ភិន សុដាលីស ស្រងូតស្រងាត់ប្លែក

ភិន សុដាលីស ស្រងូតស្រងាត់និងផ្អើលៗជាមួយអ្នកកាសែត ខណៈដែលត្រូវមិត្តភក្តិលួងលោម និងខ្លះទៀតជំរុញឱ្យនាងរៀបការប្តីឱ្យបានឆាប់ៗទៅ ដើម្បីកុំឱ្យចាញ់អតីតប្តី…។

ភិន សុដាលីស ស្រពាប់ស្រពោនចិត្តយ៉ាងខ្លាំង ក្រោយពេលដែលត្រូវអតីតប្តីប៉ែន ចំរ៉ុង រៀបការជាមួយនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានតារារាប់រយនាក់សម្រុកចូលរួមអបអរសាទរ។

យ៉ាងណា សុដាលីស មិនបានស្រក់ទឹកនេត្រាឱ្យគេឃើញឡើយ ដោយគ្រាន់តែក្រៀមក្រំ ហើយផ្អើលៗជាមួយអ្នកកាសែត ដែលចង់សួរពាក់ព័ន្ធរឿងស្នេហ៍ចាស់នេះ ខណៈដែលតារារួមអាជីពជំរុញឱ្យសុដាលីស បង្ហាញមុខគូស្នេហ៍ថ្មីតបទៅអតីតប្តី ហើយរៀបការឱ្យផ្អើលមេឃដូចគេវិញទៅ ប៉ុន្តែសុដាលីស មិនអើពើឡើយ ព្រោះនាងចង់ស្ងប់ស្ងាត់។

ការព្យាយាមបន្លប់ទុក្ខស្នេហ៍ និងមិនទាន់បញ្ចោញគូស្នេហ៍ថ្មីរបស់ភិន សុដាលីស នៅពេលនេះ អាចជាសញ្ញាមួយបញ្ជាក់ថា ចំណងស្នេហាថ្មីនាងនៅមិនទាន់ច្បាស់លាស់ទេ ឬអាចនិយាយបានថា នាងមិនទាន់អាចរៀបចំមង្គលការដូចអតីតប្តីប៉ែន ចំរ៉ុង បានឡើយ។

ដោយឡែក ឪពុកកូនប្រុសរបស់នាង លោកប៉ែន ចំរ៉ុង វិញ បានកប់ស្នេហ៍ចាស់ត្រឹមថ្ងៃមង្គលការគូស្នេហ៍ថ្មី ហើយពេលនេះលោកកំពុងសប្បាយក្រេបចន្ទទឹកឃ្មុំជាមួយភរិយាហ៊ុន ម៉ាណេ ដោយមិនចង់រំឭករឿងស្នេហ៍ចាស់ឡើយ ព្រោះខ្លាចរំខានអារម្មណ៍គូស្នេហ៍ថ្មី។

ភិន សុដាលីស បានបញ្ចប់ស្នេហ៍ជាមួយប៉ែន ចំរ៉ុង ទាំងចម្រូងចម្រាស ហើយបន្សល់តំណក់ឈាមកូនស្រីម្នាក់ឈ្មោះ Kathetina អាយុជាង២ឆ្នាំ ដោយសុដាលីស បានដាក់លក្ខខណ្ឌមិនអនុញ្ញាតឱ្យអតីតប្តីជួបមុខកូនស្រីដោយផ្ទាល់ជាដាច់ខាត។

ការតាំងចិត្តបែបនេះច្បាស់ណាស់ថា សុដាលីស នៅតែចងកំហឹងជាមួយគូស្នេហ៍ចាស់ ប៉ុន្តែនាងមិនបានបង្ហាញសកម្មភាពណាមួយបែបវាយប្រហារចំៗទៅចំរ៉ុង ក្នុងថ្ងៃដែលអតីតប្តីរូបនេះការប្រពន្ធថ្មីឡើយ។

ប្រភពបានឱ្យដឹងថា ភិន សុដាលីស បានត្រៀមខ្លួនរួចជាស្រេចទៅហើយថា បើនាងរៀបការប្តីថ្មីនាពេលខាងមុខនេះ ដាច់ខាតកម្មវិធីត្រូវតែធំនិងអស្ចារ្យជាងប៉ែន ចំរ៉ុង ទើបនាងរៀបចំកម្មវិធីនោះឡើង។

ទោះជាយ៉ាងណា នៅពេលដែលមិត្តភក្តិជំរុញឱ្យបង្ហាញសង្សារថ្មីដើម្បីកុំឱ្យចាញ់ចំរ៉ុង នោះ ដាលីស នៅតែស្ទាក់ស្ទើរក្នុងចិត្តដដែល ខណៈដែលកន្លងមកធ្លាប់លេចឮថា ដាលីស មានម្ចាស់ចិត្តថ្មីទៀត ហើយជាអាណិកជនខ្មែរ រស់នៅអាមេរិក។

ភិន សុដាលីស ធ្លាប់បានភ្ជាប់ពាក្យជាមួយតារាសម្តែងប៉ែន តុលា ប៉ុន្តែបានបែកគ្នាទាំងចម្រូងចម្រាសវិញ ហើយភ្លាមៗនោះនាងបានភ្ជាប់ស្នេហ៍ជាមួយប៉ែន ចំរ៉ុង ខណៈដែលឪពុកនាង លោកអ៊ិន សុភិន មិនពេញចិត្តចំរ៉ុង ជាដាច់ខាត ទើបធ្វើឱ្យចំណងស្នេហ៍នេះប្រេះឆាកណ្តាលផ្លូវ។

ទោះជាដំបៅបេះដូងមិនទាន់ជាសះស្បើយយ៉ាងណា ប៉ុន្តែពេលនេះ សុដាលីស បានចាប់ផ្តើមថែរក្សាសម្រស់ឡើងវិញនៅពេលដែលកូនស្រីរបស់នាងមានវ័យជាង២ឆ្នាំនេះ។

សុដាលីស បានសម្រកទម្ងន់ពីកាម៉ាប់ៗមកជាស្វែល ហើយឪពុករបស់នាង លោកអ៊ិន សុភិន បានផ្តល់តំណែងតួឯកឱ្យនាងដូចមុនឡើងវិញ ដើម្បីស្តារមុខមាត់នាង។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអ្នកមេម៉ាយកូន១ សុដាលីស កាន់តែមានមន្តស្នេហ៍ខ្លាំងជាងកាលនៅក្រមុំទៀត ព្រោះពេលនេះលេចឮថា មានអាណិកជនខ្មែរនៅក្រៅស្រុកព្យាយាមតាមសុំស្អំរបួសបេះដូងនាង ហើយធានាឱ្យភិន សុដាលីស និងកូនស្រីទៅរស់នៅបរទេសយ៉ាងសុខសាន្តទៀតផង។

សុដាលីស នៅតែស្ទាក់ស្ទើរចិត្តក្នុងការជ្រើសរើសគូស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានស្នេហ៍ចាស់ ខណៈមុនអតីតប្តីរៀបការចោលនោះ មានដំណឹងថា តារាកូនមួយរូបនេះត្រូវបានកីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ តាមសុំស្នេហា ទៀតផង…៕

RELATED ARTICLES