តារាចម្រៀងសំនៀងក្រអួនក្រអៅ កញ្ញាសោភា ទេពី ដែលជាម្ចាស់បទ ”អ្នកណាកែចិត្តបង?” ធ្វើឲ្យទស្សនិកជនស្រឡាំងកាំងតែម្ដង ព្រោះថ្មីៗនេះនាងបានដឹកដៃប្រុសសង្សារ វង្ស ថាណាន់ ទៅថត Pre-Wedding ទើបធ្វើឲ្យលេចឮថា ស្រីស្រស់ប្រុសសង្ហា១គូនេះត្រៀមដឹកដៃគ្នារោងការក្នុងពេលឆាប់ៗនេះហើយ។

មហាជនក៏បានសរសើរថាទេពី និងថាណាន់ ពិតជាសមគ្នាខ្លាំងណាស់ ប៉ុន្ដែអ្វីដែលគេភ្ញាក់ផ្អើលនោះ ត្រង់ថាពួកគេពូកែលាក់បាំងរឿងស្នេហានេះមែន ទើបតែបែកធ្លាយ គឺទៅថតរូបសម្រាប់តាំងរោងការតែម្ដង។

ទោះជាយ៉ាងណា នៅពេលសួររឿងនេះ សោភា ទេពី បែរជាផ្ដល់ចម្លើយផ្សេងទៅវិញ ដោយនាងអះអាងថា រូបភាពនោះគ្រាន់តែជាសិល្បៈ ហើយនាងថតលេងនៅលើ TikTok ទៅវិញ។

ទេពី បន្តថា រវាងនាងនិងថាណាន់ បានស្គាល់គ្នាយូរមកហើយ អីចឹងការថតរូបបែបនេះមិនមែនជារឿងចម្លែកនោះទេ ព្រោះជាមិត្តរួមអាជីព។

អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣រូបនេះថា នាពេលខាងមុខនាងនឹងត្រៀមធ្វើឲ្យមហាជនភ្ញាក់ផ្អើល ប៉ុន្ដែមិនមែនរៀបការជាមួយថាណាន់ នោះទេ ប៉ុន្តែជាការត្រៀមចេញបទចម្រៀងរួមគ្នាដើម្បីឲ្យប្លែក ព្រោះរូបនាងនិងលោកថាណាន់ មានការយល់ចិត្តគ្នាច្រើន ហេតុនេះទាំងការច្រៀងនិងសម្ដែង ប្រាកដជាមានការស៊ីចង្វាក់គ្នាល្អជាមិនខាន។

ទោះជាយ៉ាងណា នៅពេលដែលសួរថា តើពីមិត្តភក្ដិយល់ចិត្តគ្នាអាចក្លាយទៅជាគូស្នេហ៍បានឬអត់នោះ?

សោភា ទេពី ថា នាពេលខាងមុខគ្មានអ្នកណាអាចដឹងថា មានរឿងអ្វីកើតឡើងនោះទេ ប៉ុន្ដែពេលនេះ នាងនិងថាណាន់ គ្រាន់តែជាដៃគូយល់ចិត្តនៅក្នុងសិល្បៈប៉ុណ្ណោះ។ ចំណែករូបនាងផ្ទាល់នៅក្មេង មិនទាន់ចង់មានស្នេហានៅពេលនេះទេ។

យ៉ាងណា ទាំងមជ្ឈដ្ឋានមហាននិងតារារួមអាជីពបានលើកឡើងថា សោភា ទេពី និងវង្ស ថាណាន់ ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ប្រសិនបើពួកគក្លាយជាគូស្នេហ៍នឹងគ្នានាពេលខាងមុខមែន គឺគូស្នេហ៍តារា១គូនេះ មិនខុសពីប្ដីប្រពន្ធយក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត និងសួស វីសា-ថមមី ឡើយ៕