ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានស្លាប់នៅលើផ្លូវជាតិលេខ៥១ ខណៈដែលជិះម៉ូតូ ម្នាក់ឯង ហើយត្រូវបានរថយន្ត ព្រូស ១គ្រឿង បើកបុកពីក្រោយពេញទំហឹង កុនអូសប្រមាណជិត ៥គីឡូម៉ែត្រ ទើបតៃកុងរថយន្ត ចុះទាញសព ស្ត្រីរងគ្រោះចេញ ហើយព្យាយាមបន្ថែមល្បឿនរថយន្ត បើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍រថយន្តបុកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (០០-០១) ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យ បាននិយាយឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ប្រផេះ មិនស្គាល់ផ្លាកលេខ និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្ត បើកបរ តាមបណ្តោយផ្លូវជាតិលេខ៥១ ពីទិសខាងជើង ទៅត្បូង លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0227 អ្នកបើកបរដោយស្រីរងគ្រោះ ឈ្មោះ សំ គន្ធា អាយុ៣៨ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (មិនពាក់មួកសុវត្ថិភាព) ដែលកំពុងតែបើកបរនៅខាងមុខ ស្របទិសគ្នា ទំហឹងបណ្ដាល ឲ្យដួលម៉ូតូ ហើយស្ត្រីរងគ្រោះ កៀបជាប់ផ្នែកខាងមុខនៃរថយន្ត តៃកុងរថយន្ត បានបន្ថែមល្បឿនអូសស្ត្រីរងគ្រោះ រហូតដល់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤-៥ ទើបតៃកុងរថយន្តបានឈប់ ចុះអូសសពស្ត្រីរងគ្រោះចេញពីរថយន្ត បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យ បានបន្ត ក្រោយកើតហេតុ នគរបាលជំនាញ បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ខូចខាតម៉ូតូ ០១គ្រឿង កម្រិតស្រាល ។
សពស្ត្រីរងគ្រោះ នគរបាលជំនាញបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ ក្រោយកើតហេតុ អ្នកបើកបររថយន្ដបានបើករត់គេចចេញពីកន្លែងកើតហេតុ និងបានអូសសពស្ត្រីរងគ្រោះដែលជាប់ខាងមុខរថយន្ត រហូតមកដល់ចំណុចគីឡូម៉ែត្រលេខ៤-៥ ស្ថិតនៅក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ក៏បានឈប់ រួចអ្នកបើកបររថយន្ត បានចុះពីលើរថយន្ត ទាញសពស្ត្រីរងគ្រោះចេញ រួចបានបើកបររថយន្ដរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យ បានបញ្ជាក់ទៀតថា ចំពោះវត្តុតាង ម៉ូតូ មួយគ្រឿង សមត្ថកិច្ចជំនាញ បានធ្វើកាវាស់វែង រួចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ។ ចំណែកអ្នកបើកបរ និងរថយន្តបង្កហេតុនគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវ ស្វែងរក ដើម្បីយកមកកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕