Monday, September 22, 2025
Homeតារាខ្មែរអ៊ីវ៉ា ត្រូវបានគេប្រទះឃើញញឹកញាប់នៅប្រទសថៃ តាមពិតនាងគ្រោងចំណាយលុយធំ

អ៊ីវ៉ា ត្រូវបានគេប្រទះឃើញញឹកញាប់នៅប្រទសថៃ តាមពិតនាងគ្រោងចំណាយលុយធំ

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ នាងគ្រោងនឹងបើកអាជីវកម្មថ្មីមួយឡើង ប៉ុន្តែដោយសារមុខរបរនោះមិនទាន់ចេញជារូបរាង ហេតុនេះហើយនាងមិនទាន់អាចនិយាយទុកជាមុនថា ជាមុខរបរអ្វីឱ្យច្បាស់បានឡើយ។

ការត្រៀមបោះទុនរកស៊ីធំរបស់អ៊ីវ៉ា នៅពេលនេះ ក្រោយពីនាងបានដំណើរការហាងលក់សម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ដែលជាទឹកដីស្រុកកំណើតរបស់នាងជាច្រើនឆ្នាំមកហើយ ដោយកាក់កបគួរសម។

អ៊ីវ៉ា វាចាថា “ឆ្នាំថ្មីនេះ ខ្ញុំចង់បង្កើតមុខរបរថ្មីមួយទៀតឆាប់ៗនេះហើយ។ ដោយសារតែវាមិនទាន់ចេញជារូបរាង អ៊ីចឹងខ្ញុំមិនចង់និយាយអ្វីមុនពេលរបស់នោះនៅមិនទាន់ឃើញនោះទេ អ៊ីចឹងខ្ញុំក៏មិនទាន់អាចបង្ហើបបានដែរថា មុខរបរថ្មីនោះជាអ្វី ព្រោះចាំឱ្យដំណើរការសិន ចាំបង្ហាញ”។

អ៊ីវ៉ា បន្តថា “ចំពោះហាងលក់សម្លៀកបំពាក់របស់ខ្ញុំនៅខេត្តកំពង់ស្ពឺ នោះ ដំណើរការច្រើនឆ្នាំមកហើយឃើញថា មិនអីទេ មានអតិថិជនគួរសម។ ពេលខ្លះ ខ្ញុំទៅថៃអីហ្នឹង មិនមែនទៅដើរលេងសុទ្ធទេ តែខ្ញុំទៅមើលអីវ៉ាន់ដែរ ពិសេសយកខោអាវថ្មីៗចូលហាង”។

អ៊ីវ៉ា មានវ័យ២៤ឆ្នាំហើយ តែរឿងស្នេហាវិញ នាងនៅតែថាមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់ថាពេលណានឹងរៀបការបាននោះទេ ព្រោះនាងចង់ផ្តោតទៅលើអាជីពចម្រៀងនិងការរកស៊ីច្រើនជាង។

ទោះជាយ៉ាងណា ម្ចាស់បទ “ទឹកអប់មានពិស” រូបនេះ បានឱ្យដឹងថា នាងនឹងរៀបការមិនឱ្យលើសពីអាយុ៣០ឆ្នាំឡើយ។ នាងថា សម្រាប់តារាមួយចំនួនដែលសម្រុកគ្នារៀបការមុននេះ ដោយសារវ័យរបស់ពួកគាត់ស័ក្តិសមក្នុងការរៀបការ។ ចំណែករូបនាងវិញមិនទាន់ហួសពេលទេ។

អ៊ីវ៉ា ជាតារាចម្រៀងលេចធ្លោរបស់ផលិតកម្មសាន់ដេ ដែលត្រូវបានផលិតកម្មរស្មីហង្សមាស និងថោន ចាប់អារម្មណ៍ចង់បាននាងជាសមាជិកជាយូឆ្នាំមកហើយ។ ប៉ុន្តែអ៊ីវ៉ា បានធ្វើឱ្យថៅកែផលិតកម្មធំទាំងពីរខកចិត្ត ព្រោះនាងសម្រេចចិត្តបន្តរួមរស់ជាមួយទ្រនំចាស់សាន់ដេ ជាបន្តទៅទៀត តាមរយៈ ការច្រៀងដោយគ្មានកុងត្រា៕

RELATED ARTICLES