បទ ”ឡានសារ៉ែន” ដែលជាចម្រៀងល្បីរបស់កញ្ញាតន់ ច័ន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy Navatra នោះ ត្រូវបានតារាចម្រៀងស្រីថៃ ល្បីឈ្មោះនៅលើ Youtube ឈ្មោះ Ice ច្រៀង Cover ជាភាសាថៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។

ការដែលតារាចម្រៀងលើយូធូប ឈ្មោះ Ice លើកយកបទ ”ឡានសារ៉ែន” មក Cover នេះ ធ្វើឲ្យតន់ ច័ន្ទសីម៉ា ដែលជាម្ចាស់បទកាន់តែល្បីថែមទៀត ទាំងក្នុងនិងក្រៅស្រុក ព្រោះនេះជាលើកទី១ហើយ ដែលគេឃើញថា តារាថៃយកមកច្រៀង Cover ជាភាសារបស់ខ្លួន ព្រោះកន្លងមកគេឃើញមានតែការរាំ Cover តាមបទខ្មែរជាច្រើនបទមកហើយ។

តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីលេចធ្លោរបស់ផលិតកម្ម Galaxy Navatra ដែលក្រៅពីល្បីបទ ”ឡានសារ៉ែន” នាងត្រូវបានគេស្គាល់ថា ជាម្ចាស់បទ ”គេនោះជាស្រីកាប់ដាវ”, ”យល់ច្រឡំថា គេស្រលាញ់យើងស្មោះ” ជាដើម។

តារាចម្រៀងវ័យក្មេងរូបនេះបានផ្លាស់ប្ដូរកេរ្ដិ៍ឈ្មោះ និងជីវភាពស្ទើរតែទាំងស្រុង នៅពេលដែលនាងឈានជើងចូលផលិតកម្ម Galaxy Navatra ហើយនាងកាន់តែធ្វើឲ្យទស្សនិកជនគាំទ្រថែមទៀត នៅពេលដែលសីម៉ា ជាតារាដំបូងបំផុតហើយ ដែលស្ម័គ្រចិត្តចុះកុងត្រារយៈពេលវែង ដោយផ្ដល់ប្រាក់ចំណូលពីសិល្បៈពីគ្រប់ផ្នែកទាំងអស់ ចំនួន២០% ឲ្យទៅអ្នកនិពន្ធបទចម្រៀងឲ្យនាងច្រៀងនេះ លោកយឹម តាស្រង់ ៕



