Monday, September 22, 2025
Homeតារាខ្មែរលោកសួស សងវាចា ទទួលអំណោយរទេះរុញ តម្លៃ៣៨០០ដុល្លារ និងថវិកា១០០០ដុល្លារ

លោកសួស សងវាចា ទទួលអំណោយរទេះរុញ តម្លៃ៣៨០០ដុល្លារ និងថវិកា១០០០ដុល្លារ

តារាចម្រៀងសួស សងវាចា ដែលបាត់មុខពីឆាកតន្រ្ដីជាច្រើនឆ្នាំមកហើយ ព្រោះមានជំងឺប្រចាំកាយ មិនអាចបន្ដអាជីពចម្រៀងបានតទៅទៀតនោះ បានទទួលអំណោយរទេះរុញដែលមានតម្លៃ៣៨០០ដុល្លារ និងថវិកា១០០០ដុល្លារថែមទៀតពីសប្បុរសជនក្នុងគ្រុបឧកញ៉ាប៉ោ សំអឿន, ឧកញ៉ាលឹម ប៊ុនថា , ឧកញ៉ាឡេង ហ៊ួរ រួមទាំងសមាជិកឧកញ៉ាទាំងអស់ក្នុងគ្រុប ដែលមានចំនួនដល់ទៅជាង៣០០នាក់ បានធ្វើការរៃអង្គាសប្រាក់រួមគ្នាជួយដល់លោក ។

ការប្រគល់រទេះនិងថវិកាជូនលោកសួស សងវាចា នេះ ធ្វើនៅសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានលោកហេង ឡុង ជាតំណាងសមាគម និងមានការចូលរួមពីលោកឧកញ៉ាឈុន ប៊ុនថា , ឧកញ៉ាប៉ាប៉ា សុខវិជ័យ ជាដើម។

លោកហេង ឡុង បានឲ្យដឹងថា រទេះរុញដែលមានតម្លៃស្មើរថយន្ដ១គ្រឿងនេះ នឹងជួយសម្រួលដល់ការលំបាកបានដល់លោកសួស សងវាចា ក្នុងការធ្វើដំណើរ។ ចំណែកថវិកា១ពាន់ដុល្លារ ជួយសម្រួលដល់ជីវភាពគ្រួសាររបស់លោកបានមួយផ្នែកផងដែរ។

ដោយឡែក នៅថ្ងៃដដែលនោះដែរ តារាចម្រៀងកម្សត់ដែលធ្លាប់ច្រៀងតាមហាង ក្នុង១ថ្ងៃ រកប្រាក់ចំណូលបានតែ៥ដុល្លារ ហើយឆ្លៀតពេលចេញពីច្រៀងដើររើសអេតចាយតាមដងផ្លូវ ប៉ុន្តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍រហូតផុងលលាដ៍ក្បាល លោកកែវ ធិន និងភរិយា អ្នកស្រីកែវ ហម ក៏បានទទួលថវិកាចំនួន៦០០០ដុល្លារ ពីគ្រុបឧកញ៉ាដែលមានសមាជិកជាង៣០០នាក់នេះផងដែរ។

លោកហេង ឡុង ថា ថវិកាដែលគ្រុបឧកញ៉ាបានរៃអង្គាសគ្នាជួយដល់តារាចម្រៀងផុងលលាដ៍ក្បាលនេះ គឺដើម្បីឲ្យលោកកែវ ធិន ទៅដាក់លលាដ៍ក្បាលថ្មីនៅប្រទេសវៀតណាម ហើយគាត់នឹងបានរស់រានមានជីវិតអាចចិញ្ចឹមប្រពន្ធកូនតទៅទៀត បន្ទាប់ពីលោកធិន បានទៅព្យាបាលនៅវៀតណាម ជាង១ឆ្នាំមកហើយ។

ទាំងលោកសួស សងវាចា និងតារាកម្សត់ផុងលលាដ៍ក្បាល លោកកែវ ធិន បានលើកម្រាមដៃដប់សំពះថ្លែងអំណរគុណដល់គ្រុបលោកឧកញ៉ា និងសមាគមសិល្បករខ្មែរ រួមទាំងសប្បុរសជនទាំងឡាយដែលបានជួយស្រោចស្រង់ជីវិតលោក ឲ្យមានក្ដីសង្ឃឹមរស់នៅជួបជុំក្រុមគ្រួសារតទៅទៅទៀត៕

RELATED ARTICLES