Monday, September 22, 2025
Homeតារាខ្មែរនាយពែកមី ៖ ទោះប្រមុខរដ្ឋាភិបាលឲ្យឡើងឧកញ៉ា ក៏មិនចង់ធ្វើ

នាយពែកមី ៖ ទោះប្រមុខរដ្ឋាភិបាលឲ្យឡើងឧកញ៉ា ក៏មិនចង់ធ្វើ

តារាកំប្លែងមកពីខេត្តស្វាយរៀង លោកចែម ចាន់តារា ហៅនាយពែកមី បានឲ្យដឹងថា ទោះជាពេលនេះនាយមានមុខជំនួញជាច្រើនក្នុងដៃក្រៅពីការងារសិល្បៈមែន ប៉ុន្ដែនាយគ្មានបំណងចង់ធ្វើជាឧកញ៉ាដូចគេឡើយ។

នាយពែកម៉ី ថា ធ្វើតូចៗ ស្រួលជាងធ្វើធំ ព្រោះអាចដើរលេងសប្បាយផឹកស៊ីបានតាមចិត្តចង់។ ម្យ៉ាងទៀតនាយយល់ថា អាជីពសិល្បៈស្រួលរកលុយ​ព្រោះមានពេលខ្លះច្រៀងសម្ដែងម្ដង បានលុយជាង១ពាន់ដុល្លារឯណោះ អីចឹងនាយមិនចង់ធ្វើជាអ្នកធំទេ។

នាយពែកមី អះអាងថា ”ខ្ញុំមិនដែលគិតថាចង់ធ្វើជាឧកញ៉ាអីទេ ព្រោះម្យ៉ាងយើងអត់លុយផង។ ម្យ៉ាងទៀត ខ្ញុំគិតថាធ្វើអ្នកតូចស្រួលដើរហើរជាង អីចឹងទោះជាប្រមុខរាជរដ្ឋាភិបាលឲ្យខ្ញុំឡើងជាឧកញ៉ា ក៏ខ្ញុំមិនចង់ធ្វើដែរ។ សម្រាប់ខ្ញុំការងារសិល្បៈស្រួលរកលុយជាង”។

ការទាត់ចោលងារជាឧកញ៉ារបស់នាយពែកមី នៅពេលនេះ បន្ទាប់ពីតារាកំប្លែងដែលធ្លាប់មានប្រវត្ដិកម្សត់ធ្វើជាកម្មករសំណង់ ជាង១០ឆ្នាំរូបនេះ បានងាកមកបុកធ្វើជំនួញជាបន្ដបន្ទាប់ នៅរយៈពេលចុងក្រោយនេះ ដូចជា សង់ផ្ទះលក់នៅខេត្តកំពង់ចាម និងបាត់ដំបង។

ហើយថ្មីៗនេះ បានងាកទៅធ្វើជាអ្នកចែកចាយផ្ដាច់មុខរបស់ Iceberg ប្រចាំខេត្តស្វាយរៀង ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារទៀតផង ទើបមានការលើកឡើងពីមហាជនថា មិនយូរទេនាយពែកមី និងឡើងងារជាលោកឧកញ៉ាដូចលោកលោកឧកញ៉ាទុំ សារុត ហៅនាយឃ្លោក ជាមិនខាន។

នាយពែកមី បន្ថែមថា ”ខ្ញុំងាកមកធ្វើជំនួញហ្នឹង ដោយសារតែខ្ញុំគិតថា ប្រឹងរកឲ្យហើយទាន់យើងមានឱកាស ប៉ុន្តែពេលយើងចាស់ទៅលេងសិល្បៈលេងកើតហើយ។ ខ្ញុំខ្លាចអត់លុយចិញ្ចឹមប្រពន្ធកូន និងឪពុកម្ដាយ”។

នាយពែកមី បន្ថែមទៀតថា “ខ្ញុំមិនចង់មាន ខ្ញុំមិនចង់ក្រទេ អីចឹងខ្ញុំគិតថា ខ្ញុំអាចរកស៊ីមានបានដូ​ចគេ ព្រោះខ្ញុំ​បានតាំងចិត្តថាខ្ញុំមិនលេងល្បែង និងមិនប្រើប្រាស់គ្រឿងញៀនទេ ហើយលុយរកមកនៅសល់។ មិនមែនខ្ញុំប្រឹងរកស៊ីហ្នឹងមកពីខ្ញុំចង់ឡើងជាឧកញ៉ាទេ គឺខ្ញុំមិនចង់ធ្វើធំអីទេ”៕

RELATED ARTICLES