តារាចម្រៀងរ័ត្ន រចនា ដែលត្រូវបានមហាជនស្គាល់ច្បាស់ពេលច្រៀង Cover បទ ”មេម៉ាយសប្បាយចិត្ត” នោះ បានលេចមុខច្រៀងសម្ដែងកម្មវិធីសម្ពោធផលិតផល BeZaNa Skin Care និងឡើងផ្ទះថ្មីនៅក្បែរឃ្លាំងលក់ម៉ូតូស្តុបទេពផន កាលពីរាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

រចនា ត្រូវបានស្វាគមន៍ដោយអ្នកចូលចិត្តស្ដាប់បទចម្រៀងរបស់នាង តាមរយៈការចោមរោមថតរូប ហើយតារាចម្រៀងដែលមានទឹកដមសំឡេងមុតថ្លា អក្ខាវិរុទ្ធច្បាស់ៗរូបនេះថា នាងពិតជាចាប់អារម្មណ៍ចំពោះផលិតផល BeZaNa Skin Care នេះយូរមកហើយ និងសូមចូលរួមអបអរសាទរចំពោះការសម្ពោធហាងថ្មី ដែលជាការជោគជ័យរបស់លោកស្រីសុខ គន្ធា ដែលជាម្ចាស់ហាង។

ក្រៅពីរ័ត្ន រចនា ក៏មានតារាចម្រៀងនិងសម្ដែងមួយចំនួនទៀត បានចូលរួមអបអរសាទរថៅកែស្រី សុខ គន្ធា ផងដែរ ទើបធ្វើឲ្យម្ចាស់ហាងដែលតែងផ្សារភ្ជាប់ជាមួយតារាល្បីៗរូបនេះ មានអាជីវកម្មផ្នែកអនឡាញកាន់តែទូលាយ តាមរយៈការពង្រឹងពីខ្នាតតូច រហូតក្លាយជាខ្នាតធំដូចពេលនេះ។

លោកស្រីសុខ គន្ធា ដែលជាម្ចាស់ហាង BeZana Skin Care បានឲ្យដឹងថា កម្មវិធីជប់លៀងសម្ពោធផលិតផល និងឡើងផ្ទះថ្មីរបស់លោកស្រី ធ្វើចំនួន៥០តុ ហើយក្នុងនោះក៏មានអញ្ជើញតារាចម្រៀងមួយចំនួនមកចូលរួមផងដែរ ដូចជា កញ្ញារ័ត្ន រចនា ដែលគេស្គាល់ថា ល្បីបទ ”មេម៉ាយសប្បាយចិត្ត”។

លោកស្រីបន្ថែមថា ផលិតផលរបស់លោកស្រីនាំចូលមកពីថៃ ហើយមានការគាំទ្រពីអតិថិជនជាច្រើន រួមទាំងតារាៗផង ទើបមានការពង្រីកខ្លួនកាន់តែធំឡើងៗ ដោយមានអ្នកចែកចាយជាច្រើន។

ដោយឡែក រ័ត្ន រចនា វិញ បានឲ្យដឹងថា ក្រៅពីមកច្រៀងអបអរថៅកែស្រីសម្ពោធផលិតផលថ្មីនេះ នាងក៏ត្រៀមចេញបទមច្រៀងសម្រាប់ចូលឆ្នាំខ្មែរ នាពេលខាងមុខ នៅផលិតកម្ម Galaxy Navatra ផងដែរ ខណៈដែលមុននេះ នាងទើបតែវិលមកពីការចម្រៀងសម្ដែងនៅប្រទេសបារាំង។

ដោយឡែក នៅខែមេសា ខាងមុខនេះ នាងត្រៀមចេញទៅច្រៀងសម្ដែងរយៈពេលខ្លី នៅប្រទេសអូស្រា្ដលី ខណៈដែលកន្លងមក នាងធ្លាប់ចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ ,អូស្រ្ដាលី និងបារាំង ផងដែរ។

រចនា ថា តាំងពីល្បីបទ ”មេម៉ាយសប្បាយចិត្ត” មក ពេលនេះនាងមានទីផ្សារចម្រៀងស្ទុះឡើងស្ទើរមិនគួរឲ្យជឿឡើយ ទើបធ្វើឲ្យជីវភាពធូរធាជាងមុន រហូតមានលទ្ធភាពទិញផ្ទះ១ល្វែង ដោយបង់រំលស់ផងដែរ៕