មាស សុខសោភា កាន់តែលេចឮល្ហិចល្ហៀងថា នាងខិតកៀកជិតក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ទៅហើយ ក្រោយពីតារាសំនៀងផ្អែមរូបនេះបានប្រកាសប្រាប់អ្នកកាសែតថា នាងនឹងរកផលិតកម្មថ្មីច្រៀងនៅដើមឆ្នាំ២០២០នេះ ព្រោះថោន លែងរវីរវល់ជាមួយនាងទៀតហើយ។

ការត្រៀមស្ពាយបង្វេចចេញពីថោន របស់តារាចម្រៀងល្បីល្បាញមាស សុខសោភា នេះ ត្រូវបានមហាជនយល់ថា នាងនឹងទៅផលិតកម្មរស្មីហង្សមាស ដែលមានតែផលិតកម្មមួយនេះគត់ស័ក្តិសមជាមួយនាង។
ដោយឡែក មជ្ឈដ្ឋានមហាជនខ្លះបានលើកឡើងថា មាស សុខសោភា បើចេញពីថោន ចូលហង្សមាស មែននោះនាងនឹងកំពុងតែដើរតាមគន្លងផ្លូវដូចសុគន្ធ និសា ហើយ។

យ៉ាងណា មាស សុខសោភា ផ្ទាល់ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិត្តភក្ដិរបស់នាងនៅហង្សមាស មួយចំនួនចង់ឲ្យនាងទៅហង្សមាស មែន ប៉ុន្ដែនាងមិននិយាយចំថា ជាតារារូបណាឡើយ។
ទោះជាសោភា មិនបញ្ចេញឈ្មោះថា អ្នកចម្រៀងរូបណាដែលបបួលនាងទៅហង្សមាស ក្ដី ប៉ុន្តែគេអាចដឹងថា គឺគ្មានតារាណាក្រៅពីសុគន្ធ និសា និងឱក សុគន្ធកញ្ញា ឡើយ ព្រោះអ្នកតារាទាំង២ដួងនេះ គឺជាមិត្តភក្ដិរបស់នាងដែលធ្លាប់ច្រៀងជាមួយគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែ ជាច្រើនឆ្នាំជាមួយគ្នា។

មាស សុខសោភា នៅតែមិនទាន់ហ៊ានអះអាងច្បាស់លាស់ថា នាងនឹងទៅច្រៀងនៅផលិតកម្មណានោះទេ បើសិនជានាងពិតជាចេញពីថោន មែននោះ។ នាងថា រឿងនេះមិនទាន់អាចនិយាយបាន ដោយសារតែនាងនៅរង់ចាំប្រជុំជាមួយថ្នាក់ដឹកនាំផលិតកម្មថោន ជាមុនសិន ទើបសម្រេចចិត្តជាក្រោយ។

យ៉ាងណា សោភា ថា មនោសញ្ចេតនារវាងនាងជាមួយថោន គឺមានច្រើន ហើយថៅកែផលិតកម្មថោន ក៏មិនចង់ឲ្យនាងចេញដែរ។
ការអះអាងរបស់មាស សុខសោភា នៅពេលនេះ ហាក់ផ្ទុយពីតារាចម្រៀងរ៉ាប៊ី និងលោកករុណា ពេជ្រ ដែលធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងដូចគ្នាថា ផលិតកម្មថោន មិនដែលរារាំងតារាណាម្នាក់ដែលចង់ចេញពីផលិតកម្មនោះទេ។

រ៉ាប៊ី ថា បើនាងចង់ចេញពីថោន ថៅកែក៏មិនឃាត់ដែរ ព្រោះគាត់មិនចូលចិត្តឃាត់អ្នកដែលចង់ចេញ។ ចំណែកលោកករុណា ពេជ្រ វិញថា តារាចម្រៀងមានកុងត្រា និងអត់កុងត្រា មានអីសំខាន់ គឺសំខាន់បេះដូងទេ ថាគេចង់នៅជាមួយយើងឬអត់ បើគេចង់ទៅហើយ ហាមឃាត់យ៉ាងម៉េចក៏មិនឈ្នះដែរ។
មាស សុខសោភា ជាតារាចម្រៀងស្នូលរបស់ផលិតកម្មថោន ប្រសិនបើនាងចាកចេញទៅហង្សមាស មែននោះ ថោន នឹងស្រឡះដៃធេងតែម្ដង។

តារាចម្រៀងដែលត្រូវគេផ្ដល់រហ័សនាមថា ជារាជិនីសំឡេងផ្អែម មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មច្រៀងជាច្រើនមកហើយ ដូចជា នាងច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ, U2, សាន់ដេ , M, ថោន និង Camtrax ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់នាងតែម្ដង។
ហេតុនេះហើយការផ្លាស់ចូលទ្រនំទី៧ ដែលគេសន្និដ្ឋានថា ជាហង្សមាស នោះជាទីដែលគេនឹងចាប់អារម្មណ៍សុខសោភា ជាងនៅផលិតកម្មផ្សេងៗទៀត ព្រោះសោភា នឹងត្រូវប៉ះជាមួយឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា ដែលពួកគេសុទ្ធតែមានទីផ្សារប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា។

ទោះជាយ៉ាងណា មាស សុខសោភា ថា នាងនឹងសម្រេចចិត្តឲ្យបានច្បាស់ពីរឿងថា គូទៅ ឬមិនទៅហង្សមាស នេះ ខណៈដែលរឿងរៀបការតាមប្រពៃណីខ្មែរ ជាមួយស្វាមីលោកអ៊ឹត រ៉ាដា នាងថា មិនអាចនិយាយបានឡើយ៕