ស្រីស្អាតគីម ហួរ ជាតារាវ័យក្មេងម្នាក់ដែលត្រូវប៉ាន់ថតហាងសម្អាងការជាច្រើនហាងមកហើយ ដោយសារតែនាងតែងខ្លួនជាឈុតកូនក្រមុំស័ក្តិសម។ យ៉ាងណា ស្រីស្រស់រូបនេះថា ការថតសម្អាងការ មិនមែនស្រួលដូចថត MV និងភាពយន្ដនោះទេ គឺពិបាកច្រើន ព្រោះត្រូវការផាត់មុខនិងធ្វើសក់ដោយសម្រិតសម្រាំង ហើយផ្លាស់ប្ដូរម៉ូដសក់ទៅតាមប្រភេទសម្លៀកបំពាក់ដែលម្ចាស់ហាងតម្រូវ។

ប៉ុន្ដែនាងថា ចំពោះតម្លៃខ្លួនវិញ នាងក៏ទទួលបានគួរសមផងដែរ ព្រោះការប្រើពេលថត១ថ្ងៃពេញ ចាប់ពីព្រឹករហូតដល់ល្ងាចនោះ នាងស៊ីថ្លៃចាប់ពី៥០០ទៅ៧០០ដុល្លារ ទៅតាមការថតឈុតតិចឬច្រើន។ មិនមានការកុងត្រាឲ្យហាង ឬសម្អាងការនោះទេ ហេតុនេះហើយនាងអាចថតបានដោយសេរីតែម្ដង។

ទោះជាយ៉ាងណា នៅពេលសួរពីរឿងថា គ្រងឈុតអាពាហ៍ពិពាហ៍ច្រើនដងបែបនេះ មានចង់ធ្វើជាកូនក្រមុំមែនទែន ឆាប់ៗនេះឬអត់នោះ កញ្ញាគីម ហួរ ថា មិនទាន់ចង់ស្លៀកពាក់ឈុតទាំងនោះទេ ព្រោះឆ្នាំនេះ នាងទើបមានវ័យ២៣ឆ្នាំ ហើយចង់សម្រេចគោលដៅនៃជីវិត៦០%ថែមទៀតសិន ហេតុនេះហើយបានជានាងចង់ឲ្យមុខជំនួញថែមទៀត ទើបគិតរឿងរៀបការតាមក្រោយ។

ក្រៅពីអះអាងថា ត្រូវប៉ាន់ថតស្ពតសម្អាងការជាច្រើនហាងនោះ ថៅកែស្រីវ័យក្មេងភោជនីយដ្ឋានអ៊ឹម ហ្វាយ (M Five) រូបនេះ ក៏បានបញ្ចេញជំនួញការពិសេសដែលនាំឲ្យនាងមានសម្រស់កាន់តែទាក់ទាញផងដែរ នោះ គឺនាងមានអ្នកជំនាញផាត់មុខ (Make Up) ម្នាក់ដែលមានទឹកដៃ ធ្វើឲ្យផ្ទៃមុខនាងកាន់តែលេចធ្លោនោះ គឺលោកវីរៈ ដែលនាងថា តារារូបណាក៏ចង់បានជំនួយការម្នាក់នេះដែរ។

គីមហួរ ថា បុរសម្នាក់នេះស៊ីថ្លៃជាងអ្នកផាត់មុខផ្សេងទៀត ប៉ុន្តែនាងមិនអាចអត់គេបានទេ ហើយអ្នកផ្សេងៗទៀតចង់បានបុរសនេះ ព្រោះតែលោកធ្វើឲ្យនាងមានផ្ទៃមុខស្អាតថែមមួយកម្រិតទៀតពីលើធម្មជាតិ។

បន្ទាប់ពីមានឱកាសបានថតសម្ដែង MV ជាច្រើនឲ្យផលិតកម្មរស្មីហង្សមាស នៅឆ្នាំ២០២០នេះដែរ កញ្ញាគីម ហួរ ទើបបានថតភាពយន្ដមួយចប់ឲ្យផលិតកម្មនេះ និងកំពុងថតភាពយន្ដថ្មីមួយទៀតផងដែរ។

អតីត Freshie Girl ឆ្នាំ២០១៤ រូបនេះថា ឆ្នាំនេះនាងចង់ប្រឡូកវិស័យភាពយន្ដឲ្យស្មើការថត MV តែម្ដង ព្រោះឲ្យតែការងារសិល្បៈនាងស្រលាញ់ទាំងអស់៕